សម្តេច​ក្រឡាហោម ស ខេង កោះអញ្ជើញ​ចៅហ្វាយខេត្ត​២​មក​សួរនាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សម្តេច​ក្រឡាហោម​ស ខេង ប្រធាន​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានសម្រេច​កោះអញ្ជើញ​អភិបាលខេត្ត​ទាំងពីរ គឺ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ មក​ភ្នំពេញ ដើម្បី​ជួបប្រជុំ​រក​ដំណោះស្រាយ​នៅ​ថ្ងៃទី​២៨ មករា ទាក់ទង​បទល្មើស​នេសាទ​ដ៏​ធ្ងន់ធ្ងរ ដែល​កំពង់​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំងពីរ​នេះ​។ ចំណែក​ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ វិញ​អញ្ជើញ​ត្រឹម​អភិបាលរង​ខេត្ត​មក​ចូលរួម​។​
​សូមជម្រាបថា សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​២៥ មករា បានធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជា​លើកដំបូង​ត្រួតពិនិត្យ​បទល្មើស​នេសាទ​នៅលើ​បឹង​ទន្លេសាប អមដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន ,​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រី​មួយចំនួនទៀត ។ ដំណើរ​ត្រួតពិនិត្យ​នោះ​ធ្វើឡើង​បន្ទាប់ពី​ការបង្កើត​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប នៅ​ចុងឆ្នាំ​២០១៦​។​
​ការត្រួតពិនិត្យ​រកឃើញ​ថា នៅ​ខេត្តកំពង់ធំ និង​កំពង់ឆ្នាំង​បទល្មើស​នេសាទ​កើតមាន​ច្រើន ខណៈ​នៅ​បាត់ដំបង សៀមរាប ពោធិ៍សាត់​មិនសូវ​កើតមាន​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ មករា សមត្ថកិច្ច​ចម្រុះ​របស់​ក្រសួង​បាន​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​ប្រើប្រាស់​ឧបករណ៍​អួន​ក្រឡា​ញឹក​ប្រើប្រាស់​ម៉ាស៊ីន​អូសទាញ និង​ឧបករណ៍​យ៉ាំង​កាវ​ជាច្រើន​វង់ និង​ចាប់​ឃាត់ខ្លួន​មនុស្ស​៤១​នាក់​៕

92df3d77-4b41-42f1-b90f-ed7f3fa57c3d54bff6b4-7452-492f-9f2a-ff9bf4fe5019