ខេត្តកំពត៖ លោកតឹក សែន ប្រធានស្នាក់ការការពារបរិស្ថាន ត្រូវកងរាជអាវុធហត្ថខេត្ត កំពតបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ នេះពាក់ព័ន្ធករណីដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីអ្នក រកស៊ីដឹកឈើ ។ មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា លោក តឹក សែន ជាប្រធានទីស្នាក់ការ អង្គការការពារបរិស្ថាន ដើម្បីសិទ្ធិពលរដ្ឋកម្ពុជា មានទីស្នាក់ការ នៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ប្រភពដដែលឲ្យដឹងទៀតថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ លោកយី សុខឿន ប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងសភា ព្រឹទ្ធសភាខេត្តកំពត បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្រុកឈូក ចេញល្បាតរុករក និងត្រួតពិនិត្យកុងត្រូល អាណាធិបតេយ្យ តាមដងផ្លូវក្នុងភូមិសាស្ត្រ ស្រុកឈូក រហូតដល់ម៉ោង ០១រំលងអាធ្រាត្រ ចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក៏បានប្រទះឈ្មោះតឹក សែន កំពុងតែធ្វើសកម្មភាព ជំរិតទារលុយ ពីប្រជាពលរដ្ឋ ដែលកំពុងដឹកឈើតាមគោយន្តកន្ត្រៃចំនួន ២ម៉ឺនរៀល ក្រោយពីសាកសួររួច ក៏ធ្វើការឃាត់ និងនាំខ្លួន មកឃុំបណ្តោះអាសន្ន នៅកងរាជ អាវុធហត្ថ ស្រុកឈូក ហើយព្រឹកថ្ងៃទី០៥ ខែកុម្ភះ ក៏បញ្ជូនបន្តមកសាកសួរ នៅឯទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនឡើងតុលាការ។
គួរបញ្ជាក់ថា ឈ្មោះតឹក សែន និងសហការី បានដាក់ទីស្នាក់ការ ខាងលើអស់រយៈពេលជាង ០៦ឆ្នាំមកហើយ អង្គការមួយនេះ តែងតែដើរធ្វើសកម្មភាព ជំរិតទារប្រាក់ពីពួកប្រជាពលរដ្ឋរកស៊ី ដឹកឈើគ្រប់ រូបភាព នៅក្នុងភូមិសាស្ត្រនោះ ហើយធ្លាប់មានកើតរឿងជាច្រើនករណី ជុំវិញនឹងការ ដាក់កុងត្រូលជជុះនេះ រហូតមកដល់ថ្ងៃ មុនបោះឆ្នោតក្នុងអាណត្តិនេះ ដោយសារមានបាតុភាពច្រើន ទើបលោកអភិបាលខេត្តកំពត ខូយ ឃុនហ៊ួរ បានបិទជាផ្លូវការ មិនអនុញ្ញាតឲ្យ អង្គការមួយនេះ ធ្វើសកម្មភាពបន្តទៅទៀតឡើយ រួមនឹងអង្គការមួយចំនួន ផ្សេងទៀតផងដែរ៕
បញ្ជូនប្រធានស្នាក់ការអង្គការការពារបរិស្ថានទៅសាលា ដំបូងខេត្តករណីដាក់កុងត្រូលជជុះ