ភ្នំពេញ៖ បុរស២នាក់ក្នុងនោះមានម្នាក់ជាប្អូនថ្លៃបានរបួសធ្ងន់ធ្ងរ ផ្តើមចេញពីទំនាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីហើយបងថ្លៃដកកាំភ្លើងខ្លីម៉ាកK59 បាញ់រះបណ្តាលឱ្យរបួសធ្ងន់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជនសង្ស័យលេខ១១៣ ផ្លូវលេខ១២៨K ក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនដៃដល់ជាបងថ្លៃឈ្មោះរី ណារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជាអតីតមន្ត្រីយោធា ស្នាក់នៅផ្ទះលេខ១១៣ ក្បែរកន្លែងកើតហេតុខាងលើ រីឯជនរងគ្រោះប្អូនថ្លៃឈ្មោះភី ចំណាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាជាងដែក រងរបួសចំប្លោកនោម និងចង្កា និងម្នាក់ទៀតឈ្មោះពុធ ចាន់ ភេទប្រុស អាយុ៤៩ឆ្នាំ របួសចំគ្រាប់ភ្នែក។
បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារយកទៅ សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត និងជនរងគ្រោះម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុរកឃើញ សំបកគ្រាប់កាំភ្លើងមួយចំនួន។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រមាញ់ជនដៃដល់មកផ្តន្ទា ទោសតាមច្បាប់៕
រូបថតជនដៃដល់បាញ់ប្អូនថ្លៃ