បញ្ជូន​ភរិយា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ទៅ​សាលាដំបូង​ពីបទ​ឆបោក​ប្រាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2015 ក+ ក-

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ដែល​ប្តីមាន​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​ពាក់​ផ្កាយ​មួយ ត្រូវកូន បំណុល​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ក្រសួងមហាផ្ទៃ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ដោយ​ចោទប្រកាន់​ពីបទ​ឆបោក (​ចេញ​សែក​អត់​ទឹកប្រាក់​)​។​

​ស្ត្រី​ដែល​ជាប់ចោទ​ពីបទ​ចេញ​សែក​អត់​ទឹកប្រាក់​មានឈ្មោះ ទ្រី គឹម​លាង អាយុ​៤៥​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​បាក់​ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ប្តី​ឈ្មោះ ឯម សារី មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹ​ង ស្រុក​កំពង់ត្រាច ខេត្តកំពត ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ស្នាក់នៅ​ភូមិ​ដំណាក់​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

​តាម​សម្តី​របស់​កូនបំណុល​ម្នាក់​ក្នុងចំណោម​កូនបំណុល​ជាច្រើន​នាក់​ទៀត បាន​ឲ្យ​ដឹងថា ស្ត្រី​ឆបោក​ខាងលើនេះ​សំអាង​លើ​ប្តី​មាន​តួនាទី ពាក់​ផ្កាយ​មួយ​ដើរ​ឆបោក​មនុស្សម្នា​ជាច្រើន​នាក់ ក្នុង​ម្នាក់ៗ​ចាប់ពី​ជាង​មួយ​ម៉ឺន​ដុល្លារ​ឡើងទៅ គឺ​សុទ្ធតែ​ចេញ​សែក​អត់​មាន​ទឹកប្រាក់ រាប់ទាំង​ការដើរ​បោកប្រាស់​គេ ដូចជា​ដី​មួយកន្លែង​កែប​ន្លំ​បញ្ឆិតបញ្ឆៀង​បន្តិច​ធ្វើ​ប្លង់​បាន​២ យកទៅលក់​ឲ្យ​មនុស្ស​២​នាក់ សរុប​ជា​ទឹកប្រាក់​ទាំងអស់​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​កូនបំណុល​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ឆបោក​ខាងលើ​បាន​ដើរ​បោកប្រាស់​គេឯង ហើយ​បានរួម​គំនិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្លែងបន្លំ​ប្លង់ដី​មួយកន្លែង ធ្វើ​ប្លង់​បាន​ដល់​ទៅ​ពីរ​ដោយមាន​ការទទួល​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន ត្រឹមត្រូវ​ទើប​កូនក្តី​ទាំងអស់​ហ៊ាន​ទិញ លុះ​ពេល​ទិញ​ហើយ​ទៅ​ជួប​ជាមួយ​ភាគី​អ្នកទិញ​ម្នាក់ទៀត​ទើប​ដឹង​ការពិត​។

បន្ទាប់ពី​កូនបំណុល​ដឹងថា ចាញ់កល​ល្បិច​របស់​ស្ត្រី​ឆបោក​ខាងលើ​នេះហើយ​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ កន្លងមកនេះ បាននាំគ្នា​ឃាត់ខ្លួន​ស្ត្រី​ឆបោក​ប្រគល់​ឲ្យ​នគរបាល​ក្រសួងមហាផ្ទៃ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស តាមច្បាប់​៕fpm

mek29