ភ្នំពេញ៖តារាសម្តែងទើបនឹងរះ លោក ខេ បានលើកឡើងនៅក្នុងពិធីក្រុងពាលីរឿង ” ក្រមុំចាស់ប៉ះកំលោះស្ទាវ” របស់ផលិតកម្មមហាហង្សថា នេះជាលើកទី១សម្រាប់រូបលោកដែលប៉ះជាមួយអ្នកនាង សុខ សោម៉ាវត្តី។ នៅក្នុងរឿងនេះដែរ លោកមានអារម្មណ៍ថា រងសំពាធ ព្រោះមិនដែលបានសម្ដែងជាមួយតារារៀមច្បងរូបនេះកន្លងមកនោះទេ។
លោក ខេ បញ្ជាក់ថា ការដែលលោកមានអារម្មណ៍ថា រងសំពាធពេលសម្ដែងជាមួយអ្នកនាង សុខ សោម៉ាវត្តី ព្រោះនាងគឺជាកំពូលតារាសម្ដែងស្រីរបស់កម្ពុជា។ ចំណែកលោកគឺជាតួថ្មីធ្លាប់សម្ដែងបានតែ១រឿងគឺរឿង “កំណត់ហេតុនាងនាថ” តែទោះបីជាបែបក្តីលោកចិញ្ចឹមចិត្តថានឹងប្រឹងឲ្យអស់ពីសមត្ថភាពពេលសម្ដែងជាមួយ សុខ សោម៉ាវត្តី។
បើតាមកញ្ញា ម៉ៅ ច័ន្ទរស្មី ជំនួយការផ្នែកផលិត នៃផលិតកម្ម មហាហង្ស បានថ្លែងឲ្យដឹងថា រឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ជាប្រភេទរឿងខ្នាតធំ ត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេសសម្រាប់អ្នកទស្សនា ដោយត្រូវចំណាយទុនផលិត ប្រហាក់ប្រហែលជា៥ម៉ឺនដុល្លារ និងធ្វើឲ្យគុណភាព មិនចាញ់រឿង «អ្នកនាងម្ចាស់ឡឺកឺ» ប៉ុន្មានឡើយ។ រឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ជារឿងបែបកំប្លែង សើចសប្បាយ និងមានឈុតឆាកកាច់កុង ឌឺដងគ្នា លាយឡំដោយមនោសញ្ចេតនា ស្នេហាជ្រាលជ្រៅ ដែលចូលរួមសម្ដែងជាតួឯងស្រី ដោយតារាសម្ដែងក្រម៉ិចក្រមើម គឺអ្នកនាង សុខ សោម៉ាវត្តី។
គួរបញ្ជាក់ថា ផលិតកម្មមហាហង្សបានចាប់ផ្ដើមចេញថតភាពយន្តខ្នាតធំ ថ្មីមួយទៀតហើយ មានចំណងជើងថា «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ដែលជាប្រភេទភាពយន្តបែបកំប្លែង មនោសញ្ចេតនា និងកាច់កុងគ្នា ដោយបានធ្វើពិធីក្រុងពាលីថតជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតឯភូមិគ្រិះរបស់លោក អ៉ិន សុភិន ដែលជាចាងហ្វាងផលិតកម្ម ផ្ទាល់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងនោះក៏មានតារាសម្ដែងជាច្រើនដួង ចូលរួមផងដែរ៕