ភ្នំពេញះមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ញើសារក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធក្រោមឱវាទ ស្ថាប័នពាក់ព័ន្ធ ពិសេសសមត្ថកិច្ចនគរបាល ឲ្យបន្តពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច ដែលប្រមុខដឹកនាំបានដាក់ចេញឲ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋានរៀងៗ ខ្លួន។
សារអំពាវនាវនេះ កើតឡើងស្របពេលប្រជាពលរដ្ឋនៅតាមរាជធានីខេត្តមួយចំនួនបានរអ៊ូរទាំ ថា បទល្មើសជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ចោរកម្ម បនពេស្យាចារ និងល្បែងភ្នាល់ជាច្រើនប្រភេទបានកើតមានយ៉ាងអនាធិបតេយ្យ និងគ្មានសកម្មភាពបង្ក្រាបពីសមត្ថកិច្ច។
សារក្រើនរំលឹកជាថ្មីដល់កម្លាំងសមត្ថកិច្ចគ្រប់ជំនាញ ពិសេសសមត្ថកិច្ចនគរបាលរបស់លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដូច្នេះកើតឡើងស្របពេលប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន មានខេត្តព្រះសីហនុ ជាដើម បានអះអាងថា បទល្មើសចោរកម្ម បនពេស្យាចារ ល្បែងភ្នាល់បាល់ ឬជល់មាន់ជាដើម បានរីកដូចផ្សិត។
ផ្ដើមពីបញ្ហានេះ លោក ខៀវ សុភ័គ នៅថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ បានក្រើនរំលឹកជាថ្មីទៀតទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ជំនាញមាន កម្លាំងនគរបាល ខេត្តព្រះសីហនុ ជាដើម ត្រូវបន្តអនុវត្តគោលនយោបាយភូមិមានសុវត្ថិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញឲ្យមានប្រសិទ្ធភាព។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រូបនេះ បានព្រមានថា កម្លាំងសមត្ថកិច្ចទាំងអស់មិនត្រូវជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ ឬក៏កាងការពារបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ មានល្បែងភ្នាល់បាល់ និងជល់មានជាដើមនោះទេ ព្រោះនឹងត្រូវផ្ដន្ទាទោស ឬទទួលពិន័យធ្ងន់ធ្ងរ៖ «យើងរង់ចាំទទួលនូវរាល់ពាក្យបណ្ដឹងផ្សេងៗពីប្រជាពលរដ្ឋទាក់ទិន បទល្មើសផ្សេងៗ និងអ្នកប្រព្រឹត្តបទល្មើស។ ជាងនេះ ក៏ស្នើឲ្យពលរដ្ឋផ្ដល់ភស្តុតាង ឬអត្តសញ្ញាណរបស់ជនល្មើស ឬអ្នកកាងការពារជនល្មើសឲ្យបានច្បាស់លាស់មកសមត្ថកិច្ច ដើម្បីឈានដល់សមត្ថកិច្ចបើកយុទ្ធនាការបង្ក្រាប។ បន្ថែមលើនេះ ក្រសួងមហាផ្ទៃ បានហាមដាច់ខាតដល់កងកម្លាំងសមត្ថកិច្ច ឬនគរបាលទាំងអស់មិនត្រូវកាងការពារឲ្យឈ្មួញបង្កបទល្មើសនោះទេ ព្រោះជារឿងខុសច្បាប់ និងខុសគោលការក្រសួងមហាផ្ទៃ បានដាក់ចេញ ។ ហើយបញ្ហានេះ អ្នកឃុបឃិតបទល្មើសនឹងត្រូវទទួលរងពិន័យធ្ងន់ធ្ងរ ឬផ្ដន្ទាទោស បើរកឃើញមានកំហុសឆ្គងដែលសមត្ថកិច្ចគ្រប់ៗរូបប្រព្រឹត្តិល្មើស វិន័យ»។
សារក្រើនរំលឹកជាថ្មីរបស់ លោក ខៀវ សុភ័គ ពេលនេះ ស្របពេលប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរអ៊ូរទាំថា បទល្មើសផ្សេងៗមានដូចជាចោរកម្ម បនពេស្យាចារ ទីតាំងជល់មាន់ និងទីតាំងបើកភ្នាល់បាល់ជាដើម កំពុងធ្វើសកម្មភាពអនាធិបតេយ្យនាខេត្តជាប់មាត់សមុទ្រមួយនេះ។
បទល្មើសទាំងនេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ ប្រាប់វិទ្យុអាស៊ីសេរីថា បានធ្វើសកម្មភាពជាប់ច្រមុះរបស់កម្លាំងសមត្ថកិច្ចជំនាញ ប៉ុន្តែមិនឃើញមានសកម្មភាពបង្ក្រាបឲ្យមានប្រសិទ្ធភាពយូរអង្វែងទេ កន្លងមក។ បង្ក្រាបរួចហើយ បទល្មើសមួយចំនួននោះក៏បានធ្វើសកម្មភាពបន្តមកទៀតនៅពេលបន្ត បន្ទាប់មកទៀត។
ទោះយ៉ាងណា លោក ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបដិសេធថា មិនជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសល្បែងភ្នាល់បាល់ ឬជល់មាន់ជាដើមនោះទេ។ ជាងនេះ លោកទាំងពីរក៏បានស្នើដល់ប្រជាពលរដ្ឋ ឬអ្នកជាប់ពាក់ព័ន្ធត្រូវផ្ដល់ព័ត៌មានពីទីតាំងបទល្មើសផ្សេងៗមក សមត្ថកិច្ចឲ្យបានពិតប្រាកដ ដើម្បីឈានដល់ចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឃើញមានសកម្មភាពអ្នកលេង ឬញៀនល្បែងភ្នាល់បាល់បានធ្វើដំណើរចេញចូលដូចទីផ្សារ ដើម្បីយកតារាងប្រកួតភ្នាល់បាល់ទាត់នៅតាមទីតាំងមួយចំនួននាខេត្ត ព្រះសីហនុ ហើយទីតាំងភ្នាល់បាល់ ឬជល់មាន់ខ្លះ ច្រកក្រោមស្លាកកាស៊ីណូ ឬផ្ទះសំណាក់ជាដើមមានដូចជា កាស៊ីណូកោះមាស ស្ថិតក្នុងសង្កាត់លេខ៤ ហើយពលរដ្ឋខ្លះចោទថា ទីតាំងភ្នាល់បាល់នេះ មានមន្ត្រីឋានៈរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកាងការពារ និងទីតាំងភ្នាល់បាល់នៅម្តុំមហោស្រពចាស់ ស្ថិតក្នុងផ្ទះល្វែងលេខស៊ី៤៦ (C46) ទល់មុខសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ និងទីតាំងល្បែងស៊ីសងដទៃទៀត ត្រូវប្រជាពលរដ្ឋចោទថា សមត្ថកិច្ចពាក់ព័ន្ធខេត្តព្រះសីហនុ ជាអ្នកកាងការពារ។
ក្រៅពីល្បែងភ្នាល់បាល់ធ្វើសកម្មភាពអនាធិបតេយ្យ ក្រុមប្រជាពលរដ្ឋចោទថា មូលដ្ឋានខេត្តព្រះសីហនុ ក៏មានបទល្មើសចោរកាច់កម៉ូតូ បនពេស្យាចារជ្រកក្រោមស្លាកកោសជប់ បទល្មើសជួញដូរ ឬប្រើប្រាស់គ្រឿងញៀន នៅតាមឆ្នេរសមុទ្រ និងល្បែងជល់មាន់ជាដើម បានធ្វើសកម្មភាពនៅចំកណ្ដាលក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ជាដើម ប៉ុន្តែកម្លាំងសមត្ថកិច្ចបង្ក្រាបមិនទាន់មានប្រសិទ្ធភាពទេ ឬក៏មានទីតាំងខ្លះសមត្ថកិច្ចជំនាញមិនហ៊ានក្អកឡើយ។
បញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នឹងជំរុញឲ្យសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធឲ្យបន្តពង្រឹងអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលប្រមុខដឹកនាំបានដាក់ចេញឲ្យបាន ប្រសើរថែមទៀតនាថ្ងៃអនាគត។
លោកទទួលស្គាល់ថា កន្លងមកមូលដ្ឋាននេះ មានបទល្មើស ឬល្បែងស៊ីសងមួយចំនួន ត្រូវជនឆ្លៀតឱកាស លួចធ្វើសកម្មភាព ហើយសមត្ថកិច្ចមិនបានទទួលព័ត៌មានពិតមែន៖ «ខ្ញុំបានជំរុញដល់ កម្លាំងគ្រប់ជំនាញទាំងថ្នាក់ខេត្តរហូតដល់កម្លាំងរដ្ឋបាលនៅតាម មូលដ្ឋាននានា នៅខេត្តព្រះសីហនុ ត្រូវធ្វើយ៉ាងណាប្រុងប្រយ័ត្នកុំឲ្យមានអំពើលួច ឬឆក់ប្លន់កើតមាននៅតាមមូលរៀងៗខ្លួន។ ខ្ញុំគិតថា បទល្មើសលេងល្បែងភ្នាល់បាល់ ឬជល់មាន់ជាដើមនេះ អ្នកខ្លះបានយកមកធ្វើជាមុខរបរ ប៉ុន្តែអ្នកខ្លះទៀត គឺពួកគាត់ទំនេរពីការងារនៅរដូវប្រាំងចូលមកដល់ម្តងៗ ក៏សល់ពេលបបួលគ្នាលេងជល់មាន់ជាដើម ដើម្បីកំដរការអផ្សុក ដូចពាក្យចាស់និយាយថា ទំនេរពីការងារដើរជល់មាន់ជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ កិច្ចការងារពង្រឹងសន្តិសុខ និងសុវត្ថិភាពមូលដ្ឋាននេះ យើងនឹងខិតខំពង្រឹង ឬអនុវត្តសកម្មភាពការពារឲ្យបានច្រើនថែមទៀតនៅថ្ងៃអនាគត»។
ទោះជាបែបនេះក្តី ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ភាគច្រើន បានរិះគន់ថា កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ មិនទាន់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ៕RFA
តាំងកន្លែងភ្នាល់បាល់នៅម្ដុំមហោស្រពចាស់ ជ្រកក្រោមរូបភាពលក់កាហ្វេ នាសង្កាត់លេខ២ និងក្រុងព្រះសីហនុ។ រូបថតថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៥