ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ខ្មែរឥស្លាម ប្រភេទឈើលើថ្មក្រោមមួយខ្នង ត្រូវភ្លើងអគ្គិភ័យឆាបឆេះ ខ្ទេចគ្មានសល់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយ ចង្វា ខណ្ឌជ្រោយចង្វា ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រហូតមកដល់វេលា ម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅមិ៣ សង្កាត់ជ្រោយចង្វានោះ បានរលត់ហើយ។
មន្ដ្រីនគរបាលពន្លត់អគ្គិភ័យ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះកូប តឹកសាអ៊ី អាយុ៣២ ឆ្នាំ ជាខ្មែរឥស្លាម មុខរបរលក់ សាច់គោ ហើយគាត់បានចាក់សោទ្វារផ្ទះ រួចចេញទៅ លក់បាត់ បណ្ដាលឲ្យមាន ករណី ទុស្សេខ្សែភ្លើងឆាបឆេះ បំផ្លាញទាំងស្រុងតែម្ដង។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យក្មេងប្រុសម្នាក់ ឈ្មោះ វ៉ា យុ អាយុ៣ឆ្នាំ ដែលជាកូន ម្ចាស់ផ្ទះរងរបួសរលាកពេញខ្លួន ដោយសារតែនៅក្នុងផ្ទះ តែត្រូវ បានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ផា ទាន់ពេលវេលា។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា អគ្គិភ័យឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅអស់ផ្ទះចំនួនមួយខ្នងកន្លះ ហើយមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ ព្រោះស្ថានភាពផ្លូវតូចចង្អៀតពិបាកក្នុងការឲ្យឡានទឹកចូលទៅ អន្តរាគមន៍។ដោយឡែកទ្រព្យ សម្បត្ដិនិងសម្ភារវិញ មិនដឹងថាមានការខូចខាត អស់ប៉ុន្មាននៅឡើយទេ៕