ដោយ៖សន ចាន់ឌី
ខេត្តរតនគិរី៖នៅស្រុកវ៉ើនសៃមានការដឹកជញ្ជូនឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំដោយមានការឃុបឃិតពីមន្ត្រីជំនាញនៅក្នុងស្រុកនេះរួមមានមេប៉េអឹមស្រុក ប៉ូលិសសេដ្ឋកិច្ចក្រសួង ជំនាញមេព្រៃសង្កាត់-ផ្នែក រួមគ្នាកើបយកលុយពីឈ្មួញជនជាតិវៀតណាម ជាច្រើនអ្នកដែលជាអ្នកទិញឈើទាំងនោះ តែការដឹកជញ្ជូនគឺសុទ្ធរថយន្តរបស់ខ្មែរដែលមានខ្នងបង្អែកជាមន្ត្រីមូលដ្ឋាន ជាក់ស្តែងប៉ុន្មានថ្ងៃនេះមានការដឹកជញ្ជូនឈើឆ្លងកាត់ទន្លេនៅស្រុកវ៉ើនសៃត្រង់ចំណុចកំពង់ដរ ដោយឈើប្រណិតទាំងនោះគេដឹកពីត្រើយខាងកើត ដោយកាប់ពីព្រៃហាមឃាត់ ជាតំបន់អភិរក្សសត្វព្រៃ និងព្រៃសហគមន៍យកមកគរទុកនៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី ហើយដឹកបន្តចូលក្រុងបានលុងដោយរថយន្តសាំយ៉ុង ហាយឡេឌ័រ ណាវ៉ារ៉ា រថយន្តត្រូពិច ហើយក៏ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ និងយប់។ ដោយរថយន្តទាំងនោះឆ្លងកាត់ស្រុកអូរជុំក្នុងនោះមានអធិការស្រុក ប៉ូលិសប៉ុស្តិ៍ ប៉េអឹមស្រុក សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃ ប៉ុន្តែពុំមានកម្លាំងជំនាញណាមួយឃាត់រថយន្តដឹកឈើនោះទេ ព្រោះម្ចាស់ឈើបានបង់ខែ បង់ថ្ងៃរួចអស់ទៅហើយ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេភូមិហ្វាំង ឃុំប៉ុង បានប្រាប់ឲ្យអ្នកសារពត៌មានដឹងថា ឈើដែរគរទុកនៅមាត់ទន្លេទាំងនោះគឺឈើមេប៉េអឹមស្រុកវ៉ើនសៃដែលគេស្គាល់ឈ្មោះថាហ៊ន ដែលពួកកែរកសេដ្ឋកិច្ចជូនមេៗក្នុងខេត្ត និងធ្វើមានខ្លួនឯងផង។ ដូច្នេះប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ើនសៃ និងក្រុងបានលុង សូមពរសុំអោយឯកឧត្តមសៅ សុខា ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់សិទ្ធិអោយដើរបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសនោះ មើលមេប៉េអឹមខេត្តរតនគិរីផង ព្រោះរាល់ថ្ងៃទាំងមេ ទាំងកូន ខំប្រឹករកសេដ្ឋកិច្ចខ្លាំងណាស់គឺការជំនួញឈើប្រណិតនេះតែម្តង៕