ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅរដ្ឋធានីវៀងច័ន្ទ និងដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៥ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទទី៨កញ្ញានេះថា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាប្រទេសកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវដើម្បីចូលរួមមហាសន្និបាតអាយប៉ា(AIPA)លើកទី៣៥។ ការចូលរួមនេះតបតាមការអញ្ជើញរបស់លោកស្រី ប៉ានី យ៉ាថូទូ(Pany Yathotou) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនេះ គណៈប្រតិភូជាន់ខ្ពស់នឹងជួប សវនាការសម្តែងការគួរសមជាមួយលោក ថងស៊ីង ថាំម៉ាវង្ស (Thongsing Thammavong) នាយករដ្ឋមន្ត្រីឡាវ ជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រីប្រធានរដ្ឋសភាឡាវ និងចូលជួប សវនាការសម្តែងការគួរសមជាមួយលោក ជុំ ម៉ាលី សៃយ៉ាសន (Choummal Sayasone) ប្រធានរដ្ឋ ឡាវផងដែរ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពរួចមកលោកប្រធានរដ្ឋសភា និងគណៈប្រតិភូនឹងអញ្ជើញចូលរួមមហាសន្និបាត អាយប៉ា ដែលនឹងបើកធ្វើជាផ្លូវការនៅព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ ២០១៤ក្រោមអធិបតីភាពលោកស្រី ប៉ានី យ៉ាថូទូ ប្រធានអាយប៉ាលើកទី៣៥ និងប្រធានរដ្ឋ សភាឡាវក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត។
ក្នុងមហាសន្និបាតនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងអញ្ជើញចូលរួមក្នុងកម្មវិធីសំខាន់ៗមានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ាអញ្ជើញចូលរួមក្នុងជំនួបសវនាការជាមួយប្រធានរដ្ឋសភានៃបណ្តាប្រទេសជាសមាជិក អាយប៉ាទាំង១០ប្រទេស គណៈប្រតិភូប្រទេសអ្នកសង្កេតការណ៍ អគ្គលេខាធិ ការអាយប៉ា អគ្គលេខាធិការអាស៊ាន និង អគ្គលេខាធិការ IPU ផងដែរ៕
លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា