ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិ បាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ បានដឹកនាំ អាជ្ញាធរមូលដ្ឋាន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាព បឹងត្របែក ជាក់ស្តែង ដើម្បីមានវិធានការបន្តទៀត។លោក ប៉ា សុជាតិវង្ស បានថ្លែងថា បឹងត្របែកដែលជាអាងស្តុបទឹកដ៏សំខាន់មួយ មានផ្ទៃក្រឡាទំហំប្រមាណ២៦ហិកតា ត្រូវបានគេរំលោភយកអស់ប្រមាណ ៧០ភាគរយ។
លោក បន្តថា អាជ្ញាធររាជធានីភ្នំពេញ បានកំណត់នូវគោលការណ៍ជាក់លាក់មួយ ដើម្បីដោះស្រាយបញ្ហានេះ ជាមួយបងប្អូនដែលជាអ្នករំលោភយកបឹងនេះ ដើម្បីស្តារបឹងត្របែក សម្រាប់ យកធ្វើជា អាងស្តុកទឹក កុំឲ្យជន់លិចទីក្រុងភ្នំពេញ នៅរដូវវស្សា។
លោក ប៉ា សុជាតិវង្ស បានបន្តទៀតថា ការរំលោភយកបឹងត្របែកនេះគឺមានផលប៉ះពាល់ធ្ងន់ធ្ងរ ណាស់ទៅដល់គម្រោងឆ្លើយតបទៅនឹងការលិចលង់ទីក្រុងភ្នំពេញ ដោយសារទឹកភ្លៀង។ ទីក្រុងភ្នំពេញ ប្រព័ន្ធរំដោះទឹកសម្រាប់ដោះស្រាយបញ្ហាលិចលង់នេះ មានផ្នែកខាងលិច ឆៀងខាងជើង ដែលមានស្ថានីយបូមទឹកនៅកប់ស្រូវ និងទួលសំពៅ។ ចំណែកនៅផ្នែកខាងកើតឆៀងខាងជើង មានស្ថានីយបូមទឹកនៅបឹងត្របែកជាមួយនឹងបឹងទំពុន។ ឥឡូវនេះ អាងស្តុកទឹកបឹងត្របែក ដែលមានផ្ទៃក្រឡា រហូតដល់ទៅ២៦ហិកតា មានការរំលោភប្រមាណជា ៧០ភាគរយ ឯ៣០ភាគរយទៀត ដោយសារអាជ្ញាធរមិនបានស្ការ បានបណ្ដាលឲ្យគោក រាក់ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទៅបោះបង្គោល និងចាក់ដីលប់ដើម្បីបញ្ជាក់អំពីការកាន់កាប់ ផ្ទៃបឹងត្របែក ដែលអាជ្ញាធររក្សាទុក។
លោកបាននិយាយថា ស្ថានភាព នេះ គ្រោះថ្នាក់ណាស់ ព្រោះបើសិនជាទីក្រុងភ្នំពេញ បាត់បង់នូវអាងចម្រោះទឹកអាងស្តុកទឹកបឹងត្របែក ប្រមាណជាង២៦ហិកតានេះ វានឹងរងផលប៉ះពាល់លិចរហូតទៅដល់វិមានឯករាជ្យ និងព្រះបរមរាជវាំង រួមទាំងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន ដែលពឹងពាក់នូវស្ថានីយបឹងត្របែក។
លោកបានបញ្ជាក់ថា អាជ្ញាធរបានផ្ញើសារជូនបងប្អូនដែលរស់នៅទីនេះជាច្រើនលើក ជាច្រើនសាររួចមកហើយ ដែលពាក់ព័ន្ធនៅតំបន់បឹងត្របែកនេះ និងមានសេចក្តីបញ្ជាក់របស់អភិបាលខណ្ឌចំការមនពីគម្រោងស្តា បឹងត្របែកនេះ។ ជាទូទៅ សូមឲ្យបងប្អូនបញ្ឈប់ការឈានទៅកាន់កាប់គ្រប់គ្រងបឹង ពង្រីកផ្ទៃដី និងគ្រប់គ្រងការកាន់កាប់របស់ពួកគាត់តទៅទៀត ហើយបញ្ឈប់ការចាក់ដីចូលបឹង និងសង់ជាខ្ទមផ្ទះសម្រាប់ជួល។
ឥឡូវនេះ ទុកស្ថានភាពនេះឲ្យនៅដដែលសិន ដោយរង់ចាំអាជ្ញាធរធ្វើការសិក្សាឲ្យបានម៉ត់ចត់ ហើយអាជ្ញាធរនឹងធ្វើកិច្ចសហការគ្នា រៀបចំឲ្យតំបន់នេះ ពីព្រោះតំបន់នេះមិនមែនសម្រាប់ឲ្យបងប្អូនរស់នៅតែឯងនោះទេ វាមានពាក់ព័ន្ធជាមួយប្រជាជននៅក្នុងទីក្រុងភ្នំពេញទាំងមូល។ បើកន្លែងនេះដោះស្រាយមិនបាន មានន័យស្មើនឹងយើងធ្វើឲ្យទីក្រុងទាំងមូលលិចទឹក។ អីចឹងអ្នកទីក្រុងទាំងអស់ គេមិនសុខចិត្តជាមួយអ្នកដែលធ្វើបាត់ផលប៉ះពាល់នូវតំបន់នេះទេ។
លោកបានបញ្ជាក់ថា បងប្អូនមានសិទ្ធិធ្វើការតវ៉ា បងប្អូនមានសិទ្ធិសម្ដែងមតិ ដើម្បីមានកន្លែងស្នាក់នៅ ប៉ុន្តែមិនអាចមករំលោភយកបឹងនេះបានឡើយ រំលោភយកអាងស្តុកទឹកនេះបានឡើយ ប៉ុន្តែកាលណា រំលោភបានធ្វើទឹកលិចភ្នំពេញ។ ដល់ទឹកលិចភ្នំពេញ អ្នកដទៃទៀត គេក៏មានសិទ្ធិតវ៉ាជាមួយនឹងការកាន់កាប់ខុសច្បាប់របស់បងប្អូននៅ តំបន់បឹងត្របែកនេះដែរ។ អីចឹងបញ្ហា ត្រូវតែមានការសម្របសម្រួលមួយ ដើម្បីដោះស្រាយ ដោយមិនប្រើរយៈពេលយូរឡើយ ដោយសាលារាជធានីកំណត់ជាគោលការណ៍មួយច្បាស់លាស់ ថាបងប្អូនដែលពាក់ព័ន្ធទាំងអស់នេះ ត្រូវសម្របសម្រួលបែបណា? ហើយយើងនឹងអញ្ជើញ បងប្អូនពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ជាមួយគ្នា៕