ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរត្រូវ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលរួមសវនាការនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះក្រោមការចោទ ប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៤៩៥ នៃក្រមព្រហ្ម ទណ្ឌពាក់ព័ន្ធនឹងការចែកខិត្ដប័ណ្ណជា ច្រើនរយសន្លឹកដែលខ្លឹមសារគឺមានគោលបំណងញុះញង់ឱ្យមានការផ្ដួលរំលំរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្ដែប្រធានចលនាអំណាចពលរដ្ឋខ្មែរ រូបនេះបានបដិសេធមិនចូលរួមសវនាការនោះទេ តែនឹងឱ្យមេធាវីចូលរួមដើម្បីតតាំងនីតិវិធីក្នុងពេលសួរដេញដោល ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋ ខ្មែរឱ្យចូលខ្លួននៅក្នុងសវនាការទាក់ទងការញុះញង់ឱ្យប្រព្រឹត្ដ បទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្ដនៅរាជធានីភ្នំពេញកាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣។ ក្នុងដីកា នោះបានបញ្ជាក់ថា បង្គាប់ឱ្យឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស អាយុ៤៤ឆ្នាំ ជាតិ ខ្មែរ ទីលំនៅនៅឃុំខ្នាចរមាស ស្រុកបវេល ខេត្ដបាត់ដំបងឱ្យចូលទៅកាន់សាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកដើម្បី ឆ្លើយដោះសាពីការចោទប្រកាន់មកលើខ្លួន ។
លោក សួន សេរីរដ្ឋា ជាប់ចោទពី បទញុះញង់ឱ្យប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍ ប្រព្រឹត្ដនៅរាជធានីភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជានិង ក្រៅប្រទេសកាលពី អំឡុងឆ្នាំ២០១១, រួមគំនិតក្បត់ប្រព្រឹត្ដ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៣, រួមគំនិតក្បត់, អំពើ ប្រឆាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះ ឆ្នោតមិនឱ្យទៅបោះឆ្នោតនិងការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន ប្រព្រឹត្ដ នៅខេត្ដតាកែវ, រាជធានីភ្នំពេញ, ក្រុង ប៉ោយប៉ែតនិងខេត្ដបន្ទាយមានជ័យចាប់ ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៧ រហូត ដល់អំឡុងឆ្នាំ២០១៣ ។
ពាក់ព័ន្ធបញ្ហានេះលោក សួន សេរីរដ្ឋា ថា លោកត្រៀមចូលខ្លួនទៅតតាំងក្ដីនេះ គ្រប់ពេលទាំងអស់ឱ្យតែរដ្ឋាភិបាលព្រមទទួលលក្ខខណ្ឌ៣ចំណុចរបស់លោក នោះគឺទី១-ដោះលែងសកម្មជនរបស់ចលនា អំណាចពលរដ្ឋខ្មែរកំពុងជាប់ឃុំឃាំងឱ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ , ទី២- អនុញ្ញាតឱ្យចលនាអំណាចពលរដ្ឋខ្មែរ ចុះបញ្ជីជាគណបក្សនយោបាយស្របច្បាប់ នៅក្នុងប្រទេសខ្មែរដើម្បីធ្វើសកម្មភាពនយោបាយប្រកួតប្រជែងគ្នាដោយ ចំហ និងស្មើភាព និងទី៣-មិនត្រូវចាប់ខ្លួនខ្ញុំ ឬក៏ឃុំខ្លួនខ្ញុំក្នុងពេលដែលខ្ញុំកំពុងតតាំងក្ដីនៅក្នុង តុលាការដើម្បីរកយុត្ដិធម៌ឱ្យ ខ្លួនឯង តែបើរដ្ឋាភិបាលនេះមិនយល់ ព្រមតាមលក្ខខណ្ឌទាំង៣ខាងលើនេះទេ នោះមានតែមេធាវីរបស់ខ្ញុំលោក សុខ សំអឿន ទេដែលចូលទៅការពារខ្ញុំក្នុង តុលាការ។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០១៣កន្លងទៅយុវជន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរហូតតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ តែក្រោយ មកបានដោះលែងឱ្យមានសេរីភាពឡើងវិញ ។ យុវជនទាំងនេះជាប់ពាក់ព័ន្ធនឹង ការចែកខិត្ដប័ណ្ណដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា៕fp