ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល សូម​ស្វែងយល់​ពី​ប្រវត្តិ​ខ្លះៗ នៃ​ព្រះ​រាជពិធី​នេះ​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2017 ក+ ក-

​ខេត្តព្រៃវែង ៖ ព្រះរាជ​ពិធីបុណ្យ ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ ត្រូវ​ចាប់ផ្តើម នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅ​បរិវេណ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិត​ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង ក្រោម​ព្រះរាជអធិបតី ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។​
​ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ ឯ​វាល​ព្រះមេរុ ស្ថិតនៅ​ពី​ខាងជើង នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ នៅ​រាជធានី​ភ្នំពេញ និង​ឆ្នាំ​ខ្លះ​ធ្វើ​នៅតាម​ខេត្ត​នោះ គឺមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ​។​
​ពិធី​ច្រត់ព្រះនង្គ័ល គឺជា​ព្រះ​រាជពិធី​មួយ សំខាន់បំផុត បន្ទាប់ពី​ព្រះរាជា​អភិសេក​ជា​ពិធី​មួយ ស្ថិតក្នុង​ចំណោម​ពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ​។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ការប្រកប​របរ​កសិក​ម្ម​ជា​មុខរបរ​ចម្បង ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគផល ដំណាំ​ដទៃៗ​ទៀត (​បច្ចុប្បន្ន ប្រជានុរាស្ត្រ​ខ្មែរ ប្រកបមុខរបរ​ធ្វើស្រែ ប្រមាណ​ជា​៨០%)​។​
​តាមពិតទៅ ការបង្កើត​ផលិតផល​ស្រូវ​អង្ករ ឬក៏​ផលដំណាំ​ផ្សេងៗ ដូចជា​ពោត សណ្តែក ល្ង ដោយ​ព្រះរាជា​តាមរយៈ​ព្រះ​រាជពិធី​ខាងលើនេះ បណ្តាលមកពី​កត្តា​ចម្បង​មួយ គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់​តួអង្គ «​ស្តេច​» ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ​។ មានន័យថា ផលដំណាំ​ពុំមែន ស្ថិតនៅ​ត្រឹមតែ​ការដាំដុះ បច្ចេកទេស ឬ​សេដ្ឋកិច្ច​នោះទេ ពោលគឺ​ប្រាកដជា​បណ្តាលមកពី​ពិធី​កម្ម​នេះឯង​។​
​តាម​ទម្លាប់​ពិធី​នេះ ធ្វើឡើង​ក្នុងការ​ផ្សង មើល​ប្រ​ថ្នូ​ល​របស់​ស្រុកទេស ទៅតាម​ការ ស៊ីផឹក របស់ «​គោ​ឧសភរាជ​» ។ គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «​គោ​ឧសភរាជ​» ក៏មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ​ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។ គោ​២ នឹម​ទៀត ដែល​សម្រាប់ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិនទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់ប្រើ​មក ហើយ​ឃើញ​ច្រើនតែ​សម្បុរ​ក្រហម ។​
​ឯ «​គោ​ឧសភរាជ​» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង និង​ពាក់​សំពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង​។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល សំរាប់​អ្នកតំណាង​ព្រះអង្គ​នោះ មាន​លក្ខណៈពិសេស គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែប យ៉ាង​ពណ៌​មាស​។ នៅត្រង់​ក​នាគ​មាន​ភូ​ធ្វើ​ពី រោមសត្វ​សម្បុរ បែប​ភូ​ទួន​។​
​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ គឺ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ​។​
​សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំងពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំងពីរ​ទៅឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូល​ចិ​ត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល ទៅខាង​មុខ​តាម​នោះ​។​
​សរុបសេចក្តី​មក ខ្មែរ​យើង​ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ​ឡើង តាម​ប្រពៃណី​ព្រាហ្មណ៍ បែប​ជំនឿ​លើ​លក្ខណៈ​ពិសិដ្ឋ​របស់​អំណាច «​ស្តេច​» ហាក់ដូច​ជាមាន​លក្ខណៈ​ចាស់​ជាង ជំនឿ​បែប​ឥណ្ឌា​និយម​។ ត្រង់នេះ​យើង​ឃើញ​យ៉ាង​ច្បាស់លាស់ នូវ​លក្ខណៈ​សំយោគ​នៃ​ប្រព័ន្ធ​គំនិត​ខ្មែរ​។​
​តាមពិតទៅ​បុណ្យច្រត់ព្រះនង្គ័ល និង​ប្រពៃណី​ខ្មែរ​សុទ្ធសាធ​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ការដាំដុះ​មាន​លក្ខណៈ និង​អត្ថន័យ​ស្រដៀង​គ្នា ព្រោះថា ទោះ​ការអនុវត្ត​ពិធី​នោះ​ប្រកបដោយ លក្ខណៈ​ព្រាហ្មណ៍​ក្តី ឬ​ជី​វច​ល​និយម​ក្ដី វា​រមែងតែងតែ​នាំមក​នូវ​ភោគផល យ៉ាងច្រើន​ជា​អតិបរមា​។ ដូច្នេះ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​ប្រារព្ធ​តាម​ឆន្ទៈ របស់​ប្រជានុរាស្ត្រ​មាន​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​គឺ ផ្តល់នូវ​ការលូតលាស់​លើ​វិស័យ​កសិកម្ម​។ អ្វីមួយ​ដែល​នាំ​សង្គម​ខ្មែរ​ឈានទៅរក វឌ្ឍនភាព​កំពូល​នា​សម័យ​មហានគរ គឺ​ការគ្រប់គ្រង​ទឹក​៕ (​អត្ថបទ FN)

fn-2017-05-12-07-13-59-1