ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព) បានប្រតិកម្មនឹងការរិះគន់ដែលថា អ.ប.ព មិនចាប់មន្ដ្រីធំ ចាប់តែមន្ដ្រីតូច។ លោកថា យើងខ្ញុំគ្មានទ្រីស្តីចាប់តែតូចអត់ចាប់ធំ រឺចាប់តែធំអត់ចាប់តូចនោះទេ។
លោកទេស រដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធាន អ.ប.ព ក្នុងពិធីធ្វើបទឧទ្ទេសនាម នៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយលើកឡើងថា «យើងខ្ញុំគ្មានទ្រីស្តី ចាប់តែតូចអត់ចាប់ធំ រឺចាប់តែធំអត់ចាប់តូចនោះទេ ការនិយាយចឹងវាខុសច្បាប់ យើងចាប់ទាំងអស់ កន្លងមកគឺយើងបានធ្វើ ប៉ុន្តែអ្នកឯងបិទភ្នែកនិយាយ»។
លោកបានបញ្ជាក់ ថា «ការចាប់រឺមិនចាប់អាស្រ័យទៅលើ ភ័ស្តុតាងដែលមានជាក់ស្តែង និងរឹងមាំ និងប្រកបដោយតម្លាភាព និងយុត្តិធម៌ជាទីបំផុត ដោយលោកបានហៅថា ការលើកឡើងបែបនេះ គឺជានយោបាយប៉ុណ្ណោះ»។
គួររំលឹកផងដែរថា កន្លងទៅក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន បានរិះគន់ទៅលើចំណាត់ ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែល មិនចាប់មន្ដ្រីធំ ចាប់តែមន្ដ្រីតូច ឬរិះគន់ ថា អង្គភាពចាប់តែមន្ដ្រីធំ មិនចាប់មន្ដ្រីតូច ដែលធ្វើដោយគ្មានតម្លាភាព។
សូមជម្រាបជូនថា អ.ប.ព មានបេសកកម្មដឹកនាំ ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់និងអនុវត្តច្បាប់បង្ក្រាបបទល្មើស ពុករលួយដោយ មានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ ដែលមានប្រជាជនកម្ពុជាប្រមាណ៧០% បានគាំទ្រ និងទទួលស្គាល់ថារាជរដ្ឋាភិបាល មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ។នេះបើការអះអាងរបស់ លោកទេសរដ្ឋមន្ដ្រីឱម យ៉ិនទៀង៕