តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃ ព្រហស្បតិ៍២៦កុម្ភៈ ទើបចេញសេចក្តីសម្រេចលុបចោលច្បាប់ដ៏ចម្រូងចម្រាសមួយ ស្តីពីការដាក់ទោសក្នុងករណីមានការ ផិតក្បត់រវាងប្តីប្រពន្ធ។ កូរ៉េខាងត្បូងជាប្រទេសកម្រមួយនៅលើលោកដែលចាត់ទុកការផិតក្បត់ រវាងប្តីប្រពន្ធ ជាបទល្មើសព្រហ្មទណ្ឌ។
ក្រុមចៅក្រមតុលាការធម្មនុញ្ញ កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍២៦កុម្ភៈ បានចេញសេចក្តីសម្រេចលុបចោលច្បាប់មួយដែលមានចំណាស់តាំងពីឆ្នាំ ១៩៥៣ ដោយតុលាការយល់ថាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញា។ ពីព្រោះច្បាប់នេះ ដាក់ទោសឲ្យជាប់ពន្ធនាគារ ចំពោះប្តីប្រពន្ធណាដែលមានការផិតគ្នា។ ប្រធានតុលាការធម្មនុញ្ញ (Park Han-Chul) បានពន្យល់ថា “អំពើផិតក្បត់គ្នា ជាការប្រព្រឹត្តផ្ទុយនឹងសីលធម៌ តែរដ្ឋអំណាច មិនត្រូវលូកដៃធ្វើអន្តរាគមន៍នៅក្នុងជីវិតឯកជនរបស់បុគ្គលណាមួយ ឡើយ។
គឺជាលើកទី៥ហើយដែលតុលាការជាន់ខ្ពស់កូរ៉េខាងត្បូង បានអំពាវនាវឲ្យមានការពិនិត្យសើរើអត្ថបទច្បាប់ខាងលើនេះឡើងវិញ។ ច្បាប់ដ៏ចម្រូងចម្រាសនេះដែលការពារតម្លៃគ្រួសារ បានធ្វើឲ្យកូរ៉េខាងត្បូង ក្លាយជាប្រទេសដ៏កម្រមួយនៅលើលោក ចាត់ទុកការផិតក្បត់គ្នាជាបទព្រហ្មទណ្ឌ។
គួររំលឹកថានៅក្នុងអំឡុង៦ឆ្នាំក្រោយនេះ ប្រជាជនកូរ៉េខាងត្បូងប្រមាណ ៥ ៥០០នាក់ ត្រូវជាប់បណ្តឹងតុលាការពីបទការផិតក្បត់ប្តីប្រពន្ធ ក្នុងនោះ៩០០នាក់នៅក្នុងឆ្នាំ២០១៤។
ក៏ប៉ុន្តែ ចំនួនជនដែលត្រូវជាប់ពិរុទ្ធ បានថយចុះ រីឯការដាក់ទោសឲ្យជាប់ពន្ធនាគារវិញ ក៏កម្រសូវមានដែរ។ ឧទាហរណ៍នៅឆ្នាំ២០០៤ អ្នកជាប់ទោសក្នុងពន្ធនាគារពីបទផិតក្បត់នេះ មានតែ២១៦នាក់ ហើយក្នុងឆ្នាំ២០០៨ មានតែ៤២នាក់។ ចាប់តាំងពីពេលនោះមក មានជនតែ២២នាក់គត់ដែលត្រូវជាប់នៅក្នុងពន្ធនាគារ។
ចៅក្រមម្នាក់ (Ahn Chan-Ho) ដែលជាអ្នកប្រឆាំងយ៉ាងផុសផុលនឹងការលុបច្បាប់ខាងលើ-បានថ្លែង អះអាង ថា”ច្បាប់ឆ្នាំ១៩៥៣ គឺជាគ្រិះដ៏រឹងមាំមួយ ក្នុងការ ការពាររក្សាតម្លៃគ្រួសារ។ ហើយការលុបចោលច្បាប់នេះ អាចនឹងបណ្តាលឲ្យមានការប្រព្រឹត្តអំពើអនាចារហូរហៀរពាសវាលពាលកាល ជាមិនខាន។
សូមរំលឹកថា ច្បាប់ឆ្នាំ១៩៥៣នេះ ពីដំបូង គឺមានគោលដៅការពារសិទ្ធិរបស់ស្ត្រីកូរ៉េខាងត្បូងដែលជាញឹកញាប់ គ្មានទាំងប្រាក់ចំណូល ហើយបើសិនជាមានការលះលែងគ្នានោះ ស្ត្រីនឹងត្រូវគេមើលងាយនៅក្នុងសង្គម។ ទន្ទឹមនេះ សមាគមអភិរក្សនិយមការពារគ្រួសារ កូរ៉េខាងត្បូង ជាច្រើន ក៏បានទទួលស្គាល់ដែរថា សង្គមកូរ៉េខាងត្បូងឥឡូវ មានការកែប្រែច្រើន ដូច្នេះបញ្ហាផិតក្បត់គ្នា គួរតែដោះស្រាយដោយការចរចាគ្នារវាងប្តីប្រពន្ធវិញ ដោយពុំត្រូវដោះស្រាយតាមផ្លូវច្បាប់នោះទេ៕ RFI
គូស្រករកូរ៉េខាងត្បូងមួយថតរូបខ្លួនឯងនៅរដូវត្រជាក់