រថយន្ត​បែន​ចុះ​ចំណោទ​ដាច់​ហ្វ្រាំង​បុក​រថយន្ត​វី​ហ្គោ​ស្លាប់​៣​នាក់​និង​របួស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2015 ក+ ក-

ឧ​ត្ត​រ​មានជ័យ​៖ មនុស្ស ៣​នាក់ បាន​ស្លាប់ ក្នុងនោះ មាន​ឧត្ដមសេនីយ៍​យោធា ផ្កាយ​២ លោក នួន នៅ បាន​ស្លាប់ និង​កុមារី រងគ្រោះ​ម្នាក់​ដាច់​ក្បាល​ចេញពី​ដងខ្លួន និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់ ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយ​រថយន្ត​ធុន​ធំ ចុះ​ពីលើ​ភ្នំ ដាច់​ហ្វ្រាំង បុក​រថយន្ត​វី​ហ្គោ ពេញទំហឹង ហើយ​ធ្លាក់​ជ្រោះ ដោយ​រថយន្ត​ធំ សង្កត់ពីលើ​។​

គ្រោះថ្នាក់​នោះ បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ ២ រសៀល ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ចំណោទ​លោកយាយ​ម៉ៅ ចុះ​ពី​ច្រក​ជាំ ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឡើង​ដោយ រថយន្ដ​ម៉ាក​FUSO ប្រភេទ​យី​ឌុប​មួយ គ្រឿង ពាក់​ស្លាក​លេខ​ក្រចេះ 3A-0339 បើកបរ​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្ដ សញ្ញាណ​បុក​ទៅលើ​រថយន្ដ​ម៉ា​កវី​ហ្គោ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K-4066 ពណ៌ ត្រី​ឆ្លូញ​ជា​រថយន្ត របស់លោក​ឧត្ដមសេនីយ៍ទោ នួន នៅ​។​

សមត្ថកិច្ច​បាន​បន្ដថា លោក​ឧត្ដមសេនីយ៍ទោ នួន នៅ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ភូមិភាគ​ទិស​ទី​២ បានធ្វើ​ដំណើរ​រួមជាមួយ​តៃកុង​ម្នាក់ទៀត ដោយ​រថយន្ត​វី​ហ្គោ ចុះ​ពីលើ​ភ្នំ ស្រាប់តែ​ដល់​ចំណុច កើត ហេតុ ក៏មាន​រថយន្ត​បែន​ដឹក​ដី​ប្រភេទ​ធំ បាន​ដាច់​ហ្វ្រាំង​ចុះ​ពីលើ​ចំណោទ ក៏​បុក​ពេញទំហឹង ធ្លាក់​ជ្រោះ​ជម្រៅ​ប្រហែល ៣០​ម៉ែត្រ ហើយ​សង្កត់​លើ​រថយន្ត​លោក នួន នៅ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងនោះ​មាន ជនរងគ្រោះ​ម្នាក់​ដាច់​ក្បាល​ពី​ដងខ្លួន ហើយ​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​

​ជនរងគ្រោះ ទី​១-​ឈ្មោះ ទៀង ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ ភ្នំពេញ របួសស្រាល ទី​២-​ឈ្មោះ ជួង ប៊ុ​ន្នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ របួសស្រាល រស់នៅ​ភ្នំពេញ ទី​៣-​ឈ្មោះ គង់ យ៉េត ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភ្នំពេញ របួសធ្ងន់ ទី​៤-​ឈ្មោះ សំ ពុទ្ធា ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភ្នំពេញ របួសធ្ងន់ ទី​៥-​ឈ្មោះ​សំ រិ​ទ្ធ​មុន្នី​សេត ភេទ​ស្រី អាយុ​៨​ឆ្នាំ ស្លាប់ ទី​៦-​ឈ្មោះ នួន នៅ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្លាប់ និង​ទី​៧-​ឈ្មោះ សំ វុទ្ធី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់ នៅ​ភូមិ​ភ្នៀ​ត សង្កាត់​-​ក្រុង​សំរោង រងរបួស​ធ្ងន់​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង ថា ក្រោយពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​សែន​រន្ធត់​នេះ ភ្លាមៗ​នោះ​អ្នកបើកបរ រថយន្ដ​FUSO បង្កហេតុ​បាន​ព្យាយាម បើក​គេច​ក្នុង​ចម្ងាយ​ជិត​១០០​ម៉ែត្រ ទើប​ពួកគេ​បើកទ្វារ​រថយន្ដ​រត់គេច​ខ្លួន បាត់ស្រមោល​អស់​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរ​បាន​ជំនាញ​បាន​ទៅដល់ ហើយ​បាន​ហៅ​ឡាន​ស្ទួ​ច មក​ស្ទួ​ច​រថយន្ត​ទាំង​២​គ្រឿង មកលើ​យកទៅ​រក្សាទុក​។ ចំណែក​សព​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច បាន​ទាក់ទង ទៅ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕mk19mk21

mk18