ស្ថា​ន​ការណ៍​កំពុង​បន្ត​តានតឹង​រវាង​ចិន​ហុងកុង និង​ចិនដីគោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2015 ក+ ក-

​នៅ​ថ្ងៃ​ចន្ទ ទី​២ មីនា​នេះ ប៉ូលិស​ហុងកុង​បានប្រកាស​ឲ្យ​ដឹង​ពី​ការចាប់ខ្លួន​មនុស្ស​ចំនួន ៣៨​នាក់​នៅក្នុង​ក្បួន​បាតុកម្ម​មួយ​ដែល​ប្រជាជន​ហុងកុង​បាន​ប្រឆាំងនឹង​កំណើន​វត្តមាន​របស់​ឈ្មួញកណ្តាល​មកពី​ចិនដីគោក​។ ការចាប់ខ្លួន​បាតុករ​ហុងកុង​បានធ្វើ​ឡើង បន្ទាប់ពី​កម្លាំង​ប៉ូលិស​បាន​ចូល​អន្តរាគមន៍​រារាំង​នៅក្នុង​ក្បួន​បាតុកម្ម​នោះ រួច​ការប្រឈមមុខគ្នា​យ៉ាង​ហិង្សា​ក៏បាន​ផ្ទុះឡើង​រវាង​ក្រុមបាតុករ និង​ក្រុមប៉ូលិស​។ នេះ​ជាស​ញ្ញា​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​ភាព​តានតឹង​ជា​អចិន្ត្រៃយ៍​រវាង​ចិន​ហុងកុង និង​ចិន​ប៉េកាំង​។​

​អ្វីដែល​ជាដើម​ហេតុ​នៃ​កំហឹង​របស់​បាតុករ​ហុងកុង គឺ​ការដែល​រដ្ឋអំណាច​ហុងកុង​បាន​យល់ព្រម​ផ្តល់​ទិដ្ឋាការ​ចេញ ចូល​ច្រើនដង​ឲ្យ​ឈ្មួញកណ្តាល​មកពី​ចិន​ប៉េកាំង​ដើម្បី​ឲ្យ​ពួកគេ​ចូលមក​ទិញ​អីវ៉ាន់​នៅ​ហុងកុង​ក្នុង​តម្លៃថោក រួច​យកទៅលក់​នៅ​ចិនដីគោក​ក្នុងតម្លៃ​ថ្លៃ ពិសេស​នៅក្នុង​ទីក្រុង Shenzhen​។ ជំនួញ​របៀបនេះ​ត្រូវបាន​គេ​ចាត់ទុកជា​កត្តា​ដែល​នាំ​ឲ្យ​ទំនិញ​ឡើងថ្លៃ និង​ដែល​កំពុង​ធ្វើ​ឲ្យ​រំខាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ហុងកុង​យ៉ាងខ្លាំង ពិសេស​នៅ​សង្កាត់ Yuen Long ដែលជា​តំបន់​សេដ្ឋកិច្ច​ថ្មី​ស្ថិត​ជាប់​នឹង​ព្រំប្រទល់​ដែន​ចិនដីគោក​។ គឺ​នៅក្នុង​សង្កាត់ Yuen Long នោះឯង​ដែលមាន​ប្រជាជន​ហុងកុង​ប្រមាណ​ជា ៤០០​នាក់​បាននាំគ្នា​ចុះ​ផ្លូវ​ធ្វើបាតុកម្ម​។​

​ក្រៅពី​តវ៉ា​ប្រឆាំងនឹង​កំណើន​វត្តមាន​ឈ្មួញកណ្តាល​មកពី​ចិនដីគោក ក្រុមបាតុករ​ហុងកុង​ក៏បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​មានការ​ផ្តួលរំលំ​របប​ដឹកនាំ​នៅក្នុង​ទីក្រុង​ប៉េកាំង​សព្វថ្ងៃ​ដែរ​។ នៅ​ទីបំផុត កម្លាំង​ប៉ូលិស​ហុងកុង​ក៏បាន​ចូល​អន្តរាគមន៍​បំបែកហ្វូង​បាតុករ​ដែល​បណ្តាល​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​។ នៅក្នុង​បទ​អន្តរាគមន៍​ដោយ​ប្រើ​ដំបងឆក់ និង​គ្រាប់បែក​បង្ហូរទឹកភ្នែក​នោះ ប៉ូលិស​បាន​ចាប់ខ្លួន​បាតុករ​ចំនួន ៣៨​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ៧៤​ឆ្នាំ​។ ក្រៅពី​ចាប់ខ្លួន​ក៏​នៅមាន​អ្នករងរបួស​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ព្រឹត្តិការណ៍​នៅ​ហុងកុង​ពេលនេះ​ជា​សញ្ញា​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​កំដៅ​មិន​ចុះថយ​របស់​ប្រជាជន​ហុងកុង​ប្រឆាំងនឹង​រដ្ឋអំណាច​ចិនដីគោក​។ នៅ​ឆ្នាំ ២០១៤ កន្លងទៅ ហុងកុង​បាន​ស្គាល់​អំពើហិង្សា​រយៈពេល ២​ខែ​ដែល​កើតចេញពី​ក្បួន​បាតុកម្ម​របស់​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ប្រឆាំងនឹង​នយោបាយ​ចិន​ប៉េកាំង​នៅ​ហុងកុង​។

អ្វីដែល​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​បានទាមទារ​កាលណោះ គឺ​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អនាគត​ថ្នាក់ដឹកនាំ​របស់ខ្លួន ដោយ​មិន​ត្រូវការ ការ​លូកដៃ​ពី​រដ្ឋាភិបាល​ចិនដីគោក​ទេ​។

គួរ​រម្លឹក​ថា រដ្ឋាភិបាល​ប៉េកាំង​បាន​យល់ព្រម​ឲ្យ​ប្រជាជន​ហុងកុង​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់ខ្លួន​ដោយ​ខ្លួនឯង តែ​ប៉េកាំង​ជា​អ្នកកំណត់ និង​ជ្រើសតាំង​រូប​បេក្ខជន​៕​rfi

mk29

ក្រុមបាតុករ​ហុងកុង​កំពុង​ប្រឈមមុខ​នឹង​កម្លាំង​ប៉ូលិស ថ្ងៃទី​១ មីនា ឆ្នាំ ២០១៥Reuters