ព្រំដែនកម្ពុជា-ថៃ៖ តាមសេចក្តីជូនព័ត៌មានមួយរបស់ភាគីកងទ័ពថៃ ជូនដល់យោធាកម្ពុជា ដែលឈរជើងនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា កងទ័ពភូមិភាគ១ របស់ថៃ ដែលឈរជើងនៅ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំមួយរួមជាមួយកងទ័ពអាមេរិក ចាប់ពីថ្ងៃទី១-៦ខែមីនាឆ្នាំ២០១៥។
មន្ត្រីយោធានិងនគរបាលការពារព្រំដែនកម្ពុជា ឈរជើងនៅព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី២មីនាម្សិលមិញនេះថា សមយុទ្ធយោធានោះត្រូវប្រើសព្វាវុធធុនធ្ងន់ ដូចជារថក្រោះ រថពាសដែក យន្តហោះចម្បាំងទំនើប អាវុធគ្រប់ប្រភេទ ទ័ពថ្មើរជើង រាប់ពាន់នាក់ មកពីច្រើនកងឯកភាពចំណុះ។ មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ថៃ និងអាមេរិកាំង បានចូលរួមក្នុងការធ្វើសមយុទ្ធនេះ។
មេបញ្ជាការប្រចាំទិសតំបន់ ស្រុកអូរជ្រៅ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ លោក វរៈសេនីយ៍ទោ កែវ ផល បានឲ្យដឹងថាៈ “កងទ័ពថៃតែងតែធ្វើសមយុទ្ធយោធាប្រភេទនេះជារៀងរាល់ឆ្នាំ ហើយវាមិនបណ្តាលឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចការការពារព្រំដែនយើងទេ”។
លោកវរៈសេនីយ៍ឯក សូចាន់ ណារី មេបញ្ជាការនគបាលការពារព្រំដែន គោកវរសេនាតូចលេខ៩១១ បានឲ្យដឹងដែរថា: “ភាគីថៃ (ក្រសួងការពារជាតិថៃ) បានជូនដំណឹងដល់ភាគីកម្ពុជា (ក្រសួងការពារជាតិ និងចុះតាមឋានានុក្រម) អំពីការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ទ្រង់ទ្រាយធំប្រើប្រាស់ សព្វាវុធធុនធ្ងន់ និងទំនើបៗនេះហើយ។ ឯទីតាំងធ្វើសមយុទ្ធនេះ វានៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជាដែរ ប៉ុន្តែសំឡេងគ្រាប់ពិតដែលបាញ់ និងសំឡេងយន្តហោះ រថក្រោះ អាចឮដល់បើសិនជាអាកាសធាតុស្ងប់។ស្ងាត់”៕ខ.រ
កងទ័ពភូមិភាគ១របស់ថៃ ធ្វើសមយុទ្ធយោធា កៀកព្រំដែនថៃ-កម្ពុជា