កម្ពុជា​ស្វាគមន៍​បរទេស​ដែល​ចង់​ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ស្មុំ​កូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2015 ក+ ក-

​ភ្នំពេញ​៖ក្រសួង​សង្គមកិច្ច​បានប្រកាស ថា​ខ្លួន​ទទួល​ស្វាគមន៍​រាល់​បណ្តា​ប្រទេស​ទាំងឡាយ​ណាដែល​ចង់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្មុំ​កូន​អន្តរប្រទេស​ជាមួយ​កម្ពុជា​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង តាមរយៈ​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​ស្មុំ​កូន​អន្តរប្រទេស​នៅ​កម្ពុជា នៅ​ថ្ងៃទី ២​មីនា​។​

​ប៉ុន្តែ ប្រធាន​រដ្ឋបាល​ស្មុំ​កូន​អន្តរប្រទេស​របស់​ក្រសួង​បាន​បញ្ជាក់ថា នៅពេលនេះ​កម្ពុជា​ទៅ​មិនទាន់មាន​ក្មេង​ក្នុង​ដៃ​ដើម្បី​ឲ្យ​បរទេស​អាច ស្មុំ​បាន​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការបញ្ចប់​នីតិវិធី​ចំនួន​ពីរ​សំខាន់​ទៀត​សិន​។

​ដើម្បី រៀបចំ​ឯកសារ​ច្បាប់​ស្តីពី​ការ​ស្មុំ​កូន​អន្តរប្រទេស​ពី​កម្ពុជា​កាន់តែ មាន​ភាពងាយស្រួល​និង​ធានាបាន​នូវ​ការពារ​តាមផ្លូវ​ច្បាប់​ជូន​ដល់​កុមារ ដែល​ត្រូវបាន​ស្មុំ​នោះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សង្គមកិច្ច​បានប្រកាស​ស្វាគមន៍​រាល់​បណ្តា​ប្រទេស ដែលមាន​បំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្មុំ​កូន​អន្តរប្រទេស​ជាមួយ កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវធ្វើឡើង​តាមរយៈ​កិច្ចព្រមព្រៀងទ្វេភាគី ហើយ​ការ​ស្មុំ​កូន​ត្រូវតែ​ធ្វើឡើង​តាមរយៈ​ទីភ្នាក់ងារ​ស្មុំ​កូន​នានា​ដែល ត្រូវបាន​ចុះបញ្ជី​ផ្លូវការ និង​ធ្វើ​ការងារ​អស់ទាំង​នេះ​ជំនួស​ឲ្យ​រដ្ឋាភិបាល​របស់ខ្លួន និង​ឪពុកម្តាយ​ដែល​ត្រូវយក​កូន​យកទៅ​ចិញ្ចឹម​។

​លោក​រឿន រិទ្ធី​រ័ត្ន ប្រធាន​រដ្ឋបាល​ស្មុំ​កូន​អន្តរប្រទេស​របស់​ក្រសួង​សង្គមកិច្ច​កម្ពុជា បាន​បញ្ជាក់ថា ច្បាប់​ស្មុំ​កូន​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​ឪពុកម្តាយ​ដែល​ចង់យក​កូន​ទៅ​ចិញ្ចឹម​នោះ​ត្រូវតែ​បង់ ប្រាក់​ទៅ​ទីភ្នាក់ងារ​របស់ខ្លួន​ចំនួន ៥​ពាន់​ដុល្លា​សម្រាប់​ក្មេង​ម្នាក់​។ ហើយ​ប្រាក់​ទាំងអស់នេះ​នឹងត្រូវ​បង់​ទៅ​ឲ្យ​ក្រសួង​សង្គមកិច្ច យកទៅ​បែងចែក​ទៅកាន់​ក្រសួង​នានា និង​ស្ថាប័ន​មួយចំនួន ដែល​ធ្វើការ​លើ​ការងារ​នេះ​។​

​ប៉ុន្តែ​លោក​បាន​បន្តថា ចាប់តាំងពី​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​កាលពី​ឆ្នាំ ២០១១ រហូតមក​ទល់នឹង​ពេលនេះ កម្ពុជា​នៅ​មិនទាន់​បើក​ឲ្យ​មានការ​ស្មុំ​កូន​ឡើងវិញ​នៅឡើយ​ទេ ដោយ​ក្រសួង​កំពុងតែ​ជំរុញ​ដើម្បី​បញ្ចប់​នីតិវិធី​សំខាន់ៗ​ចំនួន​ពីរ បន្ថែមទៀត ដែលមាន​ទី​១៖ នី​តី​វិធី​ស្តីពី​ការ​ស្មុំ​កូន​ក្នុងស្រុក និង​ទី​២៖ ស្តង់ដារ​គ្រប់គ្រង​ករណី និង​ការបង្រួបបង្រួម​គ្រួសារ ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ ដែល​កំពុង​រស់នៅក្នុង​មណ្ឌល​រដ្ឋ និង​មណ្ឌល​អង្គការ​មិនមែន​រដ្ឋាភិបាល​។ គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​បានអនុម័ត​ច្បាប់​ស្តីពី​ស្មុំ​កូន​កាលពី​ឆ្នាំ ២០០៩​។​

កាលពី​ខែកញ្ញា​ឆ្នាំ ២០១៤​កន្លងទៅនេះ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ស្មុំ​កូន អន្តរប្រទេស​ជាមួយនិង​ប្រទេស​អ៊ីតាលី​រួចរាល់​ហើយ ហើយ​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ក៏​កំពុងតែ​ចាប់អារម្មណ៍​ចង់​ធ្វើ​កិច្ច សហប្រតិបត្តិការ​នេះដែរ​។​

​តាម​ប្រធាន​រដ្ឋបាល​ស្មុំ​កូន​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែមេសា​ឆ្នាំ ២០១១ កម្ពុជា​បាន​ស្មុំ​កូន​ទៅ​ឲ្យ​បណ្តា​ប្រទេស​ដែលជា​ដៃគូ​របស់ខ្លួន​កាលពីមុន បាន​ចំនួន ៣៧២៨​នាក់ ចាប់តាំងពី​ឆ្នាំ ១៩៨៧​មក​។ បណ្តា​ប្រទេស​ដៃគូ​ទាំងអស់នោះ​រួមមាន​អាមេរិក បារាំង អាឡឺម៉ង់ អូស្ត្រាលី និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​៕rfimm2
​កុមារី​នៅក្នុង​មណ្ឌល​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​