អ៊ីរ៉ាក់​បើក​ប្រតិបត្តិការ​ទ័ពថ្មើរជើង​វាយលុក​ទៅលើ​ទីតាំង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2015 ក+ ក-

​កងទ័ព ជាតិ​អ៊ីរ៉ាក់​ប្រមាណ ៣​ម៉ឺន​នាក់ ដោយមាន​ជំនួយ​ពី​កងទ័ពអាកាស​អន្តរជាតិ បានចាប់ផ្តើម​បើក​ប្រតិបត្តិការ​ជើងគោក​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​វាយលុក​ទៅលើ​ទីតាំង​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​។ គោលដៅ គឺ​វាយ​ដណ្តើម​ទីក្រុង Tikrit ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៦០​គីឡូម៉ែត្រ ខាងជើង​រដ្ឋធានី​បា​កដាត​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កងទ័ព​ថ្មើរជើង​អ៊ីរ៉ាក់​បាន​បើក​ការវាយលុក​ទៅលើ​ទីតាំង​ជាច្រើន​របស់ ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម នៅ​ប៉ែក​ខាងជើង​ប្រទេស​។ ដោយមាន​ការគាំទ្រ​ពី​សំណាក់​កងទ័ពអាកាសរ​បស់​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ ដោយ​អាមេរិក ប្រតិបត្តិការ​ថ្មើរជើង​របស់​កងទ័ព​អ៊ីរ៉ាក់​បានទទួល​ជោគជ័យ​នៅតាម​កន្លែង មួយចំនួន ក៏ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ​ជាច្រើនលើក នៅ​ទីក្រុង Tikrit ដែលជា​ទីតាំង​ដ៏​ធំ​មួយ​របស់​ក្រុម​ជី​ហាត​។​

​នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ អ៊ីរ៉ាក់​ក៏បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ទ័ពថ្មើរជើង​ក្នុង ទ្រង់ទ្រាយ​ធំ ដើម្បី​ព្យាយាម​ធ្វើយ៉ាងណា​វាយ​ដណ្តើមយក​ទីក្រុង Tikrit ពី​ដៃ​ក្រុម​ជី​ហាត​ឲ្យ​បាន​។ មន្ត្រី​យោធា​អ៊ីរ៉ាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ប្រតិបត្តិការ​ថ្មើរជើង ទៅលើ​ទីក្រុង Tikrit ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​នេះ គឺជា​ប្រតិបត្តិការ​ទ័ព​ដ៏​ធំ​បំផុត​របស់​អ៊ីរ៉ាក់ ទៅលើ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤​។ មន្ត្រី​យោធា​អ៊ីរ៉ាក់​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កងកម្លាំង​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការវាយលុក​លើ​ទីក្រុង Tikrit នៅពេលនេះ គឺមាន​ទាំង​កម្លាំង​ទាហាន ប៉ូលិស និង​អង្គភាព​ប្រឆាំង​ភេរវកម្ម បូក​រួមទាំង​កងកម្លាំង​ស្ម័គ្រចិត្ត​របស់​ក្រុម​ស្ហ៊ី​អ៊ី​ត និង​ស៊ុន​នី​ត​។​

​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​ក្នុងស្រុក​អ៊ីរ៉ាក់ និង​កាសែត​អ៊ីរ៉ង់ មេបញ្ជាការ​កង​កុម្ម៉ង់ដូ​របស់​អ៊ីរ៉ង់​កំពុងស្ថិត​នៅក្នុង​ប្រទេស អ៊ីរ៉ាក់ ដើម្បី​ជួយផ្តល់​ប្រឹក្សា និង​សម្របសម្រួល​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ទីក្រុង Tikrit នេះ​។​

​គួរ​រំឭក​ឡើងវិញ​ថា ទីក្រុង Tikrit ដែលជា​ស្រុកកំណើត​របស់ សា​ដាម ហ៊ូ​សេន ហើយ​ដែល​ស្ថិតនៅ​ចម្ងាយ​តែ​ប្រមាណ ១៦០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​បា​កដាត ត្រូវ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​វាយ​ដណ្តើម​កាន់កាប់ ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤ រួមជាមួយ​នឹង​ដែនដី​ជាច្រើន​ទៀត នៅ​ប៉ែក​ខាងជើង​អ៊ីរ៉ាក់​។​

​មន្ត្រី​កងទ័ព​អ៊ីរ៉ាក់​បាន​អះអាងថា ការ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង Tikrit ពី​ដៃ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​វិញ គឺមាន​សារៈសំខាន់​ទាំង​ខាង​ផ្នែក​នយោបាយ និង​យុទ្ធសាស្ត្រ​ទ័ព ពីព្រោះថា ការ​វាយយក​ទីក្រុង Tikrit នេះ គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ ក្នុងការ​ឈានទៅ​វាយ​ដណ្តើមយក​ទីក្រុង Mosul ដែលជា​ទីតាំង​ធំ​បំផុត​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម នៅក្នុង​ទឹកដី​អ៊ីរ៉ាក់​៕

mm8

កងទ័ព​អ៊ីរ៉ាក់​នៅក្នុង​ប្រតិបត្តិការ​វាយ​ដណ្តើម​ទីក្រុង Tikrit ពី​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​REUTERS