ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា នាថ្ងៃអនាគតក្រសួងមាន ទិសដៅ ប្រែក្លាយកសិករ និងសមាគមម្រេច ឲ្យចេះធ្វើពាណិជ្ជកម្ម ប្រកបដោយលក្ខណៈ វិជ្ជាជីវៈ និងជំនាញ ដើម្បីជំរុញឲ្យវិស័យម្រេចមានភាពរឹងមាំ ក៏ដូចជាបង្កើនគុណតម្លៃ និង និរន្តរភាពនៃផលិតកម្មម្រេច។
នៅក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្លាស់ប្តូរបទពិសោធន៍ នៃការធ្វើពាណិជ្ជ កម្ម លើវិស័យ ម្រេចកម្ពុជា និងការកសាងទំនុកចិត្តលើ ផលិតកម្មម្រេចប្រកបដោយ ចីរភាព រវាងសមាគមន៍ម្រេចអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ ២០១៧នេះ នៅទីស្តីការក្រសួង ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខេធិការក្រសួងពាណិជ្ជកម្ម មាន ប្រសាសន៍ថា ទន្ទឹមនឹងនេះ ក្រសួងក៏មានរៀបចំជាយុទ្ធសាស្ត្រ មួយចំនួនផងដែរ ដូចជា៖ ពង្រឹងរចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ម្រេច ក្រសួងបាននិងកំពុងរៀបចំចុះពង្រឹង ឡើងវិញ និង រៀបចំបង្កើតសមាគមម្រេចនៅក្នុងស្រុក ខេត្តគោលដៅផលិតម្រេច ដើម្បីជាសេណារីយ៉ូ ប្រទាក់ក្រឡាមួយ ក្នុងការទទួលបាននូវព័ត៌មាន និងសេវាផ្សេងៗពីក្រសួង ស្ថាប័ន និង ដៃគូពាក់ព័ន្ធ និង រៀបចំបង្កើត Task Force ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បី រៀបចំយន្តការធ្វើឲ្យប្រសើរឡើងនូវគុណតម្លៃម្រេច និងនិរន្តរភាពនៃផលិតកម្មម្រេចនៅកម្ពុជា។ល។
លោកស្រី ហ័ង ធីលិញ (Hoang ThiLein) នាយកប្រតិបត្តិសហគមន៍ម្រេចអន្តរជាតិ លើកឡើងថា ជាមួយនឹងការគាំទ្រពីសមាគមន៍ម្រេចអន្តរជាតិ កម្ពុជាគឺអាចចែករំលែក និងមានឱកាសក្នុងការសិក្សាស្វែង យល់ពីអ្នកជំនាញ និងបទពិសោធន៍ក្នុងការអភិវឌ្ឍ នៅឧស្សាហកម្មម្រេចនេះ។ ហើយផលិតផលម្រេចនេះ គឺនាំមកនូវផលប្រយោជន៍ដល់ សហគមន៍ទាំងមូលផងដែរ។
លោកស្រីឲ្យដឹងទៀតថា សម្រាប់គោលបំណងរបស់សិក្ខាសាលាពេលនេះ គឺផ្តល់ ព័តមានដ៏សំខាន់ ថាអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារអន្តរជាតិ។ លោកស្រីគិតថា កម្ពុជា គឺដល់ពេលវេលាហើយក្នុងការ ចាត់វិធានការណ៍ជាថ្មីបន្តទៀត ហើយសមាគមន៍ ម្រេចអន្តរជាតិ ក៏ប្តេជ្ញាសហការជាមួយកម្ពុជាក្នុងការនាំ យកផលប្រយោជន៍ សមស្រប ដល់សហគមនកសិករកម្ពុជា ដើម្បីសម្រេចជោគជ័យនៃពាណិជ្ជកម្មនេះ។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ឆ្នាំ២០១៧ ដំណាំ ម្រេច ត្រូវបានឃើញរីកដុះដាលរហូតដល់ទៅក្នុងខេត្តចំនួន១៩ ចាប់ ពី តំបន់និរតី រហូតដល់តំបន់ពាយ័ព្យ និងភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ដែលមានផ្ទៃដី ដាំដុះសរុបប្រមាណ ៦,៦៧៨ហិចតា និងផ្តល់ទិន្នផល ប្រមាណជាង ២០,០៥០តោន ដែលគិតត្រឹម ខែឧសភា ឆ្នាំ២០១៧៕