ដំណើរ​ទស្សនកិច្ច​រប​ស់​ភរិយា​ប្រធានាធិបតី​ស​.​រ​.​អា​រំឭក​ពី​ទុក្ខលំបាក​របស់​ស្ត្រី​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2015 ក+ ក-

​វ៉ា​ស៊ីន​តោ​ន៖ នៅ​ខែ​មិនា​នេះ លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ម​ក​កាន់ ប្រទេស​កម្ពុជា ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​១១ ដែល​ត្រូវបាន​បញ្ចូល​ក្នុង​គម្រោង​ផ្តួចផ្តើម​របស់​អង្គការ Peace Corps ឈ្មោះ «​ឲ្យ​ក្មេងស្រី​រៀន​» (Let Girls Learn Initiative)​។

សម្រាប់​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់ ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ស្រី មី​ហ្សែ​ល អូ​បា​ម៉ា មកកាន់​ប្រទេស​កម្ពុជា​នេះ គឺជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​ភាព​សកម្ម​និយម​របស់​ស្ត្រី​កម្ពុជា និង​សិទ្ធិ​ស្មើភាព​គ្នា​ក្នុង​ការទទួល​បានការ​អប់រំ ហើយក៏​អាចជា​ឱកាស​មួយ​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា និង​សហរដ្ឋអាមេរិក​ផងដែរ​។

ដំណើរ​ទស្សនកិច្ច​ដំបូងបង្អស់​របស់​ភរិយា​ប្រធានាធិបតី​សហរដ្ឋ«អាមេរិក មកកាន់​ប្រទេស​កម្ពុជា​គឺ​នៅ​ឆ្នាំ​១៩៦៧ នៅពេលដែល​លោកស្រី Jackie Kennedy បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​។ លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ក៏​នឹង​ស្នាក់នៅ​ខេត្ត សៀមរាប​នៃ​ប្រាសាទអង្គរវត្ត ហើយ​លោកស្រី​នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​តាម​មូលដ្ឋាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​កេ្ម​ង​ស្រី​នៅតាម​តំបន់​ជនបទ ក្រីក្រ​បាន​ជួបប្រទះ​។​

​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ ដែលមាន​អាត្រា​សិស្ស​បោះបង់ចោល​ការសិក្សា​ខ្ពស់ ក្នុងនោះ​សិស្ស​ចំនួន​៩​ភាគរយ​បាន​បោះបង់ចោល​ការសិក្សា​ថ្នាក់​បឋម សិក្សា ហើយ​ប្រមាណ​២០​ភាគរយ​ទៀត​បាន​បោះបង់ចោល​ការសិក្សា​ថ្នាក់មធ្យមសិក្សា​។ ក្មេងស្រី​ជាជាង​ក្មេងប្រុស ងាយ​នឹង​បោះបង់ចោល​ការសិក្សា ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ជួយ​កិច្ចការ​ផ្ទះ​។​

​ជាមួយគ្នា​នោះ ថវិកាជាតិ​ប្រមាណ​១២​ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដើម្បី​ពង្រឹងគុណភាព​អប់រំ ខណៈដែល​គ្រួសារ​កម្ពុជា​ជាច្រើន​កំពុង​បន្ត​រស់នៅក្នុង​ភាពក្រីក្រ ទទួលបាន​ការអប់រំ​ទាប និង​ខ្វះ​នូវ​ឱកាស​រីកលូតលាស់​។​​នេះ​បើ​យោងតាម លោកស្រី មូ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​។ លោកស្រី​បានលើកឡើង​ថា វិស័យ​អប់រំ ជាពិសេស​ការអប់រំ​ក្មេងស្រី និង​ស្ត្រី​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ដ៏​ចម្បង​មួយ​។​

លោកស្រី​ថា​៖ «​ការដែល​លោកជំទាវ មី​ហ្សែ​ល អូ​បា​ម៉ា អញ្ជើញ​មកនេះ គឺ​រំ​លេចឡើង​នូវ​អ្វី​ដែលជា​បញ្ហា​ដ៏​ធំ​ក្នុង​វិស័យ​អប់រំ ជាពិសេស​កង្វះខាត​នៃ​ការអប់រំ​សម្រាប់​កុមារី និង​យុវនារី​របស់​យើង​»​។​
​គម្រោង​ផ្តួចផ្តើម​ឈ្មោះ «​ឲ្យ​កេ្ម​ង​ស្រី​រៀន​» (Let Girls Learn initiative) បាន​សហការ​ជាមួយនឹង​កិច្ច​ខំប្រឹងប្រែង​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​របស់​អង្គការ Peace Corps ដើម្បី​ជួយ​ឲ្យ​ក្មេងស្រី​បាន​ចូលរៀន​នៅ​ទូទាំង​សាកលលោក​។​«​តាមរយៈ​កិច្ច​ខំប្រឹងប្រែង​របស់លោក​ស្រី​ភរិយា​ប្រធានាធិបតី​សហរដ្ឋ អាមេរិក ដោយ​សហការ​ជាមួយនឹង​អង្គការ Peace Corps គម្រោង​ផ្តួចផ្តើម​ថ្មី​នេះ​នឹង​ឧបត្ថម្ភ​គម្រោង​អប់រំ ដែល​បង្កើតឡើង និង​ដឹកនាំ​ដោយ​សហគមន៍ ដើម្បី​កេ្ម​ង​ស្រី​បាន​រៀន​ជុំវិញ​ពិភព​លោ​ក‍​»​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​សហរដ្ឋអាមេរិក​។​

​គម្រោង​នេះ​នឹង​ពង្រឹង​អំណាច​មេដឹកនាំ​តាម​សហគមន៍ តាមរយៈ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល និង​តាមរយៈ​ការស្វែងរក​ដំណោះស្រាយ​ក្នុង​សហគមន៍ រួមមាន​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​នៅតាម​បណ្ណាល័យ​។ គម្រោង​នេះ​នឹង​បង្កើតជា​មូលនិធិ​ដើម្បី​ការអប់រំ​ក្មេងស្រី និង​ពង្រីក​ក្រុម​អ្នកស្ម័គ្រចិត្ត​របស់​អង្គការ Peace Corps ដើម្បី​ការអប់រំ​ក្មេងស្រី​។​

​លោកស្រី ធីតា ឃឹះ នាយិកា​អង្គការ សីល​ការ ដែលជា​អង្គការ​ដើម្បី​អភិវឌ្ឍន៍​ដោយ​ស្មើភាព បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី មី​ហ្សែ​ល អូ​បា​ម៉ា អាច​នឹង​ជួយ​ជំរុញ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា និង​ជួយ​ឲ្យ​ក្មេងស្រី​អាច​ចូលរៀន​កាន់តែច្រើន​។​
​លោកស្រី​បានលើកឡើង​ថា​៖ «​ដូច្នេះ ការ​ទស្សនកិច្ច​របស់​លោកជំទាវ មី​ហ្សែ​ល អូ​បា​ម៉ា គឺជា​ការងារ​សំខាន់ ដើម្បី​ផ្តោត​ឲ្យ​មានការ​យកចិត្តទុកដាក់​ទៅលើ​កម្មវិធី​ហ្នឹង​ផង និង​ទៅដល់​អ្នក​ដែល​ធ្វើ​ការងារ​ដទៃទៀត ឲ្យ​ធ្វើយ៉ាងណា​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​ស្ត្រី និង​កុមារី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។​

​បន្ថែម​លើ​នេះ ដំណើរ​ទស្សនកិច្ច​នេះ​មិន​ត្រឹមតែ​គូសបញ្ជាក់​ពី​ការចាំបាច់​ពង្រឹង​ការ អប់រំ​សម្រាប់​ក្មេងស្រី​នៅ​កម្ពុជា​តែប៉ុណ្ណោះ​ទេ​។ សម្រាប់​សកម្មជន និង​សិស្ស​និស្សិត​វិញ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ផ្តល់​ជា​ឱកាស​ឲ្យ​ស្ត្រី​ជា​អ្នកដឹកនាំ​ដ៏ ឆ្នើម​ក្នុងសង្គម​មួយចំនួន​អំពាវនាវ​ឲ្យ​មានការ​អន្តរាគមន៍​ពី​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ចំពោះ​បញ្ហា​មួយចំនួន​ដែល​ស្ត្រី​កម្ពុជា​កំពុងតែជួបប្រទះ​។​

សហគមន៍​ស្ត្រី​ជា​មេដឹកនាំ​ក្នុងសង្គម​ស៊ីវិល​គ្រោង​នឹងដាក់​ញត្តិ​មួយ ទៅជូន​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ដើម្បី​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្មជន​នារី​ចំនួន​១២​នាក់ ដែល​កំពុងតែ​ជាប់ឃុំ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ដើម្បី​បង្ក្រាប​រាល់​ការ ធ្វើបាតុកម្ម និង​ការប្រឆាំង​។​

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី មី​ហ្សែ​ល អូ​បា​ម៉ា មកកាន់​ប្រទេស​កម្ពុជា​ក៏​ជា​ឱកាស​មួយ​ឲ្យ​លោកស្រី​បាន​ស្វែងយល់​ពី ស្ថានភាព​ស្ត្រី​នៅ​កម្ពុជា ដែល​មិនទាន់​ទទួលបាន​សិទ្ធិ​ពេញលេញ​ស្មើនឹង​បុរស​ទាក់ទង​នឹង​ការធ្វើ សេចក្តីសម្រេចចិត្ត ជាពិសេស​គឺ​សកម្មជន​នារី​ដែល​ប្រឈម​នឹង​ការគាបសង្កត់​សិទ្ធិ​នៃ​ការ បញ្ចេញមតិ​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់​គាត់​នេះ គឺ​ប្រៀប​បីដូច​ជា​សារ​មួយ​ដល់​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ក្នុងការ​ដោះលែង ស្ត្រី​ទាំង​ដប់​នាក់ ដែល​គាត់​នៅជាប់​ពន្ធនាគារ ពីព្រោះ​ពួកគាត់​មិនមែន​មាន​ភាព​ពិសពុល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ដួលរលំ ទេ​។ ពួកគាត់​គឺជា​ស្ត្រី​ដេ​ល​មាន​ស្ថានភាព​រស់នៅ​យ៉ាង​លំបាក​តោក​យា​ក​»​។​

​អ្នកស្រី យោ​ម បុប្ផា ដែលជា​សកម្មជន​ដីធ្លី ដែល​ធ្លាប់បាន​ជាប់ពន្ធនាគារ​មួយរយៈ​ពេល​យូរ ដោយសារតែ​ការធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​ដីធ្លី​របស់​អ្នកស្រី និង​សហគមន៍​បឹងកក់ បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី មី​ហ្សែ​ល អូ​បា​ម៉ា បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​អ្នកស្រី​បន្ត​តស៊ូ​ស្វែងរក​សិទ្ធិ​ដីធ្លី តាមរយៈ​ភាព​សកម្ម​និយម​របស់​អ្នកស្រី​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​លោកជំទាវ សូម​ឲ្យ​ជួយ​ដល់​ស្ត្រី​ខ្មែរ​យើង​ដែល​កំពុងតែ​រង​អយុត្តិធម៌​ដោយ​ជាប់ ពន្ធនាគារ ដោយសារ​ការពារ​ដី និង​ផ្ទះ​របស់គេ​។ នេះ​ជាការ​អំពាវនាវ​ពី​ខ្ញុំ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​តំបន់​បឹងកក់ និង​តំបន់​ផ្សេងៗ​ដោយសារ​បញ្ហាដីធ្លី​»​។​

ទោះបីជា​ដំណើរ​ទស្សនកិច្ច​នេះ​មិនមែនជា​ដំណើរ​ទស្សនកិច្ច​បែប​ការ ទូត​ក្តី ក៏​វា​អាចជា​ឱកាស​មួយ​ដើម្បី​រឹតបន្តឹង​ចំណង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​មតិ​របស់ ឡាវ គីម​ឡាយ ប្រធាន​ក្រុមប្រឹក្សា​យុវជន​របស់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​។​
​គីម​ឡាយ បាន​ឲ្យ​ដឹងថា​៖«​ជាពិសេស​គឺ​ខ្ញុំ​យល់ថា វា​ជា​ឱកាស​មួយ ដែល​កម្ពុជា​មានមុខមាត់​លេចធ្លោ​នៅក្នុង​ឆាក​អន្តរជាតិ ហើយ​លើសពីនេះ វា​ក៏​អាច​នឹង​ជា​ឱកាស​មួយ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​កម្ពុជា​យើង និង​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។​
​លើសពីនេះ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជាការ​លើកទឹកចិត្ត​មួយ​ដល់​ស្ត្រី​កម្ពុជា​វ័យ ក្មេង ឲ្យ​តស៊ូ​ស្វែងរក​ឱកាស​រៀនសូត្រ ដើម្បី​ក្លាយជា​មេដឹកនាំ​ក្នុងសង្គម និង​នយោបាយ​។ នេះ​បើ​យោងតាម យុវ​និស្សិត មាស ច័ន្ទ​សត្យា​។ សត្យា ចង់​ឲ្យ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ជួយឧបត្ថម្ភ​ដល់​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ពង្រឹង​ភាព​ដឹកនាំ​របស់ ស្ត្រី​ក្នុង​វិស័យ​នយោបាយ​។​

​សត្យា បាន​ឲ្យ​ដឹងថា​៖ «​សារ​ទីមួយ​របស់ខ្ញុំ គឺ​សូម​ឲ្យ​គាត់​ជួយ​លើកកម្ពស់​បន្ថែម​ទាក់ទង​នឹង​ឋានៈ និង​តួនាទី​ស្ត្រី​ក្នុង​ជួរ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ពីព្រោះថា​តួនាទី​ស្ត្រី​នៅក្នុង​ជួរ​នយោបាយ​របស់​កម្ពុ​ជា​នៅមានកម្រិត នៅឡើយ ហើយ​មិនទាន់មាន​មេដឹកនាំ​ស្ត្រី​ច្រើន​នៅក្នុង​ជួរ​រដ្ឋាភិបាល​យើង​ទេ​»​។​

​ការមកដល់​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ស្រី មី​ហ្សែ​ល អូ​បា​ម៉ា ភរិយា​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែ​មិនា​នេះ បានធ្វើ​ឲ្យ​បរិយាកាស​ក្នុងប្រទេស​កម្ពុជា​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម និង​ការអបអរសាទរ​លោក​ស្រី​ដ៏​កក់ក្តៅ​បំផុត​៕ VOA

az3

លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា (Michelle Obama) ភរិយា​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​