កណ្តាល ៖ កម្លាំងចម្រុះរបស់គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តកណ្តាល លោកអធិការក្រុងតាខ្មៅ លោកមេប៉ុស្តិ៍ បានចុះធ្វើការឆែកឆេរផ្ទះស្ត្រីម្នាក់ លក់ឡេ លក់ម្សៅ គ្រឿងលម្អរខ្លួន សង្ស័យផលិត វេចខ្ចប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្ស័យថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។ ប្រតិបត្តិការចុះឆែកឆេរនេះ សមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះយីហោ៩៩៩ វុទ្ធ ថេត កាត់ដេរ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានម្ចាស់ទីតាំងមានឈ្មោះ ឆេង ស្រីរត្ន័ ហៅ (Love Riya) ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករថ្នាំលាបស្បែក។ ប្រតិបត្តិការនេះ សមត្ថកកិច្ចបានដកវត្ថុតាងរួមមាន៖ ប្រភេទឡេ លាបស្បែកឲ្យសក្នុងរយ:ពេលមួយសប្តាហ៍, ម្សៅលាបមុខឲ្យស, បំបាត់មុន ជាំ, ឡេនិងម្សៅខាត់ស្បែកឲ្យសភ្លាមៗ។ល។ សរុបទាំងអស់៣០ប្រភេទ មួយចំនួនធំ។
បើតាមឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណ:គណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមបានប្រាប់ ឱ្យដឹងថា ដោយមានការទទួលព័ត៌មាន និងការផ្សាយតាម Online របស់ម្ចាស់ផលិតផល គណ:កម្មការយើងបានធ្វើការស្រាវជ្រាវ រហូតមានការឯកភាពពីស្ថាប័នតុលាការ គណ:កម្មការយើងបានសហការជាមួយព្រះរាជអាជ្ញារង បានចុះឆែកឆេរទីតាំងខាងលើ ដែលសសង្ស័យលក់ឡេ លក់ម្សៅ គ្រឿងលម្អខ្លួន ក្លែងក្លាយ។ ភ្លាមៗនោះបន្ទាប់ពីធ្វើការឆែកឆេរពិតជាបានរកឃើញថា ផលិតទាំងនោះគឺ វេចខ្ចប់ រក្សាទុក លក់ និងចែកចាយដោយពុំមានសុំច្បាប់អនុញ្ញាត និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្ស័យថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។
លោកឧត្តមសេនីយ៍ត្រីបានប្រាប់ឲ្យដឹងទៀតថា ចំពោះផលិតផលទាំងអស់នោះ លោកព្រះរាជអាជ្ញាររងបានឯកភាពឲ្យខាងគណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយយកទៅមន្ទីរពិសោធន៍ ដើម្បីពិសោធន៍មើលឲ្យដឹងច្បាស់ថាផលិតផលទាំងអស់នោះជាផលិតផលក្លែងក្លាយ និងពេលប្រើប្រាស់រួចអាចប៉ះពាល់ដល់សុខភាពកម្រិតណា។ ចំពោះឯម្ចាស់ទីតាំងក៏ត្រូវបានឃាត់ខ្លួន និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕