កណ្តាល ៖ កាលពីរសៀលថ្ងៃទី០៨ ខែ កញ្ញា កន្លងទៅនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពីអនុវត្តសាលក្រមរបស់តុលាការកំពូល នៅព្រឹកថ្ងៃទី ០៨ ខែ កញ្ញា កន្លងទៅ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសាធារណៈមតិធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពក្នុងការអនុវត្តសាលក្រមនោះ ។ ក្នុងសេចក្តីថ្លែងការណ៍នោះ បាននិយាយថា ភាគីចាញ់ក្តីបានមកសុំម្ចាស់ដីឈ្មោះ លឹម ម៉ាច ស្នាក់នៅជាបណ្តោះអាសន្ន ដោយធ្វើតូបប៉ះកង់ដើម្បីចិញ្ចឹមគ្រួសារ ។ ដោយមានការអាណិតអាសូរ ម្ចាស់ដីខាងលើបានអនុញ្ញាតឲ្យរស់នៅលើដីចំណីថ្នល់ដែលស្ថិតនៅពីមុខដីរបស់ខ្លួន ។ ត្រង់ចំណុចនេះ ត្រូវបានភាគីចាញ់ក្តីបដិសេធទាំងស្រុង ដោយពួកគាត់និយាយថា មិនដែលស្គាល់មុខម្ចាស់ដីទាល់តែសោះ សូម្បីតាំងតែមានទំនាស់ប្តឹងផ្តល់គ្នាតាំងពីសាលាដំបូងខេត្តកណ្តាលរហូតដល់តុលាការកំពូល គឺមិនដែលបានជួបមុខម្ចាស់ដីម្តងណាទាល់តែសោះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ តុលាការខេត្តកណ្តាល បានចុះអនុវត្តសាលក្រមរបស់តុលាការកំពូល ។ ការអនុវត្តសាលក្រមនោះបានប្រើកម្មករ និង គ្រឿងចក្រ វាយកម្ទេចផ្ទះប្រជាពលរដ្ឋភាគីចាញ់ក្តីចំនួនបីខ្នងរៀបដល់ដី ក្រុមគ្រួសារភាគីចាញ់ក្តីចំនួនពីរនាក់បានដួលសន្លប់ស្រីម្នាក់ ប្រុសម្នាក់ ។ សកម្មភាពរបស់សមត្ថកិច្ចក្នុងការចុះអនុវត្តសាលក្រមនោះ ត្រូវបានសាធារណៈមតិធ្វើការរិះគន់យ៉ាងខ្លាំង ដោយសារសមត្ថកិច្ចបានប្រើភាពបង្ខំទាំងកម្រោល សូម្បីតែកម្មករក៏មានសិទ្ធិចាប់អោបគ្រៀក និង សែងក្មេងស្រី ស្ត្រីជាម្តាយស្ទើររបូតសម្លៀកបំពាក់អស់ពីខ្លួន ។ ការអនុវត្តនេះដែរ គេនៅបានឃើញខាងម្ចាស់បំណុលបញ្ជារលើកងកម្លាំង មន្ត្រីអាជ្ញាសាលាទៀតផង ។ ការធ្វើបែបនេះ សាធារណៈមតិរឹតតែធ្វើការរិះគន់បន្ថែមទៀត ដោយនិយាយថា សកម្មភាពនេះ វាផ្ទុយពីច្បាប់ទាំងស្រុង ។
គួរបញ្ជាក់ផងដែរ បន្ទាប់ពីអនុវត្តសាលក្រមចប់ទាំងបង្ខំនោះ នៅរសៀលថ្ងៃដដែល
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានចុះទៅពិនិត្យស្ថានការ និង បានសួរសុខទុកភាគីចាញ់ក្តី ហើយក៏បានដោះស្រាយរកដីសង្គមកិច្ចជូនប្រជាពលរដ្ឋបានរស់នៅបន្តទៀត ។ ការចុះទៅជួបប្រជាពលរដ្ឋនោះ លោកមិនបាននាំយកនូវអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋភាគីចាញ់ក្តីឡើយ ខណៈដែលពួកគាត់គ្មានទីជម្រក ប៉ុន្តែលោកបានសន្យាថា នឹងដោះស្រាយរកដីឲ្យពួកគាត់បានជ្រកកោន ។ ទោះជាយ៉ាងនេះក្តី ភាគីចាញ់ក្តីនៅតែអះអាងថា មិនចេញទៅណាពីដីលំនៅឋានដែលគេវាយកម្ទេចនោះឡើយ ដោយពួកគាត់និយាយថា ដីដែលពួកគាត់រស់នៅនោះ គឺជាដីចំណីផ្លូវ និង ជាដីរដ្ឋ បើរដ្ឋត្រូវការ ពួកគាត់ប្រគល់ឲ្យរដ្ឋវិញ ។ ប៉ុន្តែតុលាការត្រូវប្រគល់ឲ្យឯកជនទៅវិញ ដូច្នេះពួកគាត់នឹងទាមទារយកឲ្យបានមកវិញដើម្បីធ្វើជាទ្រព្យ សម្បត្តិរដ្ឋ ។ ក្រោយពីវាយកម្ទេចផ្ទះចំនួនបីខ្នងហើយ ថ្ងៃទី 9 ខែ កញ្ញា នេះ គេបានឃើញម្ចាស់បំណុលធ្វើរបងសង្កសីព័ទ្ធជំវិញហើយភាគីចាញ់ក្តី នៅមិនទាន់ទៅណាឆ្ងាយពីដីនោះដែរ ៕