នៅថ្ងៃចន្ទទី៩ មីនា ២០១៥នេះ ប៉ូលិស ថៃបានចោទប្រកាន់ក្រុមអាវក្រហមដែលជាចលនាដ៏ធំគាំទ្រ រដ្ឋាភិបាលត្រកូលថាក់ស៊ីន ថាជាអ្នកនៅពីក្រោយខ្នងនៃការរៀបចំផែនការដោយសម្ងាត់បង្ក អស្ថិរភាពជាតិ តាមរយៈការគ្រាប់បែកផ្សេងៗ។ ការបំផ្ទុះគ្រាប់បែកនៅចុងសប្តាហ៍កន្លងទៅនេះ នៅកណ្តាលក្រុងបាងកក ជាភស្តុតាងជាក់ស្តែងមួយ។
អ្នកនាំពាក្យប៉ូលិសថៃ បានបញ្ជាក់ថាមានការចាប់ខ្លួនជនសង្ស័យពីរនាក់ ក្រោយការបំផ្ទុះគ្រាប់បែកក្បែរតុលាការ ក្រុងបាងកក។ បើតាមការអង្កេត ជនទាំងពីរមានពាក់ព័ន្ធជាមួយក្រុមអាវក្រហម និងមានទំនាក់ទំនងជាមួយអតីតអ្នកទទួលខុសត្រូវក្នុងរដ្ឋាភិបាលចាស់ ជាច្រើននាក់។ គឺជាបណ្តាញតែមួយ ដែលបានដាក់គ្រាប់បែកតូចៗពីគ្រាប់បំផ្ទុះនៅមុខមជ្ឈមណ្ឌល ពាណិជ្ជកម្មក្រុងបាងកកកាលពីថ្ងៃទី ១កុម្ភៈ ២០១៥។ នេះបើតាមប៉ូលិសថៃដដែល។
ក្រុមអាវក្រហម ដែលស្ម័គ្រស្មោះនឹងរដ្ឋាភិបាលលោកស្រីយីងឡាក់ស៊ីណាវ៉ាត់ បានបដិសេធថាគ្មានពាក់ព័ន្ធនឹងសកម្មភាពចោលគ្រាប់បែកនេះទេ។ អ្នកដែលយកចំណេញពីព្រឹត្តិការណ៍គប់គ្រាប់បែកពិតជាមិនមែនក្រុមអាវ ក្រហមឡើយ ! នេះជាការអះអាងរបស់ប្រមុខចលនា លោក ចាទុប៉ន ប្រុមប៉ាន (Jatuporn Prompan)។
សូមរំលឹកថា បក្សនយោបាយថៃតែងតែចោទប្រកាន់គ្នាទៅវិញទៅមក អំពីសកម្មភាពសាបព្រោះអំពើហិង្សា។ ក្នុងអំឡុងពេលបាតុកម្មរាប់ខែកាលពីដើមឆ្នាំ២០១៤ គ្រាប់បែកជាច្រើនគ្រាប់បានផ្ទុះ និងសម្លាប់មនុស្សអស់ប្រមាណ២៥នាក់។ ទើបមេដឹកនាំសឹក បានឆ្លៀតយកចំណេញ ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាន់អំណាច ក្រោមហេតុផលទប់ស្កាត់អំពើហិង្សា។ អំណះអំណាងនេះត្រូវបានលើកឡើងជាថ្មីនៅថ្ងៃចន្ទ។
ការចោទប្រកាន់នេះធ្លាក់មកជួនចំពេលដែលច្បាប់អាជ្ញាសឹក អនុវត្តតាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលខែឧសភា២០១៤ ក្រោមលេសទប់ស្កាត់អំពើហិង្សា រងការរិះគន់កាន់តែខ្លាំងឡើងៗ ថាជាមធ្យោបាយហាមឃាត់បាតុកម្ម និងម្យ៉ាងទៀត ការចោទប្រកាន់នេះក៏ធ្លាក់មកចំពេលគម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មី ដ៏ចម្រូងចម្រាស។ លោក អាភិសីទ វីចាជីវ៉ា ប្រមុខគណបក្សប្រជាធិបតេយ្យ ដែលមានទម្លាប់សំងំស្ងៀម នៅបទសម្ភាសន៍មួយទៅកាន់កាសែតបាងកកប៉ុស្តិ៍ ថ្ងៃនេះ បានចាត់ទុកគម្រោងច្បាប់ថ្មី ថាជាការ “ប្លន់លទ្ធិប្រជាធិបតេយ្យ”។ គម្រោងច្បាប់ដែលផ្តល់អំណាចឱ្យព្រឹទ្ធសភា ដែលសមាជិកគ្មានការឆ្លងកាត់សន្លឹកឆ្នោត ហើយតំណែងនាយករដ្ឋមន្ត្រីមិនអាស្រ័យនឹងលទ្ធផលបោះឆ្នោត។ ការបោះឆ្នោតដែល គណបក្សភឿថៃ តែងតែឈ្នះតាំងពីឆ្នាំ២០០១ លើគណបក្សអភិរក្ស អ្នកគាំទ្ររាជវង្ស គាំទ្រព្រះមហាក្សត្រដែល កំពុងមានជំងឺ និងព្រួយបារម្ភអំពីការស្នងរាជ៕rfi
ក្រុមអាវក្រហម ចេញមុខធ្វើបាតុកម្មដើម្បីគាំទ្ររដ្ឋាភិបាល បន្ទាប់ពីលោកស្រីយីងឡាក់ត្រូវតុលាការធម្មនុញ្ញដកចេញ ពីតំណែងនាយករដ្ឋមន្ត្រី (រូបថតឯកសារ)©REUTERS/Athit Perawongmetha