របាយការណ៍​អំពី​យន្តហោះ​​បាត់ដាន MH370 ចេញផ្សាយ​នៅ​ថ្ងៃ​ខួប​មួយឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2015 ក+ ក-

បាងកក​—​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានចេញ​របាយការណ៍​ស៊ើបអង្កេត មួយរយៈ​ពេល​ខ្លី​ស្តីអំពី​ការបាត់​ដាន​យន្តហោះ​ជើងហោះហើរ​លេខ ៣៧០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​បាន​បាត់ដាន​អស់​រយៈពេល​១​ឆ្នាំ​កន្លងទៅនេះ​។​

កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី​បានប្រគល់​របាយការណ៍​របស់ខ្លួន​មួយ ច្បាប់​ស្តីអំពី​យន្តហោះ​ជើងហោះហើរ​លេខ​៣៧០ ទៅ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​។ ឯកសារ​នោះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃអាទិត្យ ដែល​គម្រប់​ខួប​១​ឆ្នាំ​គត់​នៃ​ការ​បាត់ដាន​យន្តហោះ​ជើងហោះហើរ​លេខ ៣៧០ ប្រភេទ Boeing 777 នេះ​។​
​មាន​មនុស្ស ២៣៩​នាក់ រួមទាំង​បុគ្គលិក​លើ​យន្តហោះ​បាន​ជិះ​យន្តហោះ​ជើងហោះហើរ​លេខ ៣៧០ របស់​ក្រុមហ៊ុន​អាកាសចរ​ម៉ាឡេស៊ី​នេះ​។ យន្តហោះ​នេះ​បាន​ហោះ​ចេញពី​គោលដៅ​ហោះហើរ​ទៅកាន់​ក្រុង​ប៉េកាំង បន្ទាប់ពី​បាន​ហោះ​ចេញពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ហើយ​បាន​បាត់​ខ្លួន​ចេញពី​រ៉ា​ដា​។​
​ទោះបីជា​មានការ​ចំណាយ​ជា​ទឹកប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​លើ​ការស្វែងរក​ជា​លក្ខណៈ​អន្តរជាតិ​រហូត​ទៅដល់​ដែន សមុទ្រ​ដែល​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​អូស្ត្រាលី​ភាគ​ខាងលិច​ក្តី ក៏​គ្មាន​តម្រុយ​អ្វី​ទាល់តែសោះ​នៃ​ការ​បាត់ដាន​យន្តហោះ​នេះ​។​
​លោក Liow Tiong Lai រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​របស់​ម៉ាឡេស៊ី ឲ្យ​ដឹងថា បើសិនជា​ការស្វែងរក​នេះ​មិន​ទទួលបាន​លទ្ធផល​អ្វី​នៅត្រឹម​ចុងខែ​ឧសភា នេះ នោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រទេស​អូស្ត្រាលី និង​ប្រទេស​ចិន​នឹង​វិភាគ​លើ​ទិន្នន័យ​សារជាថ្មី​ម្តងទៀត ហើយនឹង​បង្កើត​គម្រោង​ថ្មី​មួយទៀត​។​
​លោក Liow មានប្រសាសន៍ថា​៖ «​យើង​នឹង​ត្រឡប់​ទៅ​វិភាគ​ផ្ទាំង​ផែនទី​ម្តងទៀត​។ ហើយ​យើង​ត្រូវការ​អ្នកជំនាញ​ផ្តល់​ការប្រឹក្សា​អំពី​គម្រោង​ទៅមុខទៀត​»​។​
​លោក​បាន​បន្ថែមទៀតថា លោក​នៅតែមាន​«​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន​» ថា​យន្តហោះ​នេះ​បាន​ធ្លាក់​នៅ​ភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​។​
​លោក Warren Truss ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ដំណើរការ​ស្វែងរក​យន្តហោះ​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ច្រើន បំផុត​មួយ​នឹងត្រូវ​ធ្វើឡើង​បន្តទៀត​។​
​លោក Truss បាន​និយាយថា​៖ «​យើង​មានការ​ប្តេជ្ញា​ខាង​ថវិកា​ក្នុង​ដំណើរការ​ស្វែងរក​យន្តហោះ​នេះ ហើយ​យើង​ត្រូវ​សម្រេច​ថា តើ​យើង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​។ វា​នឹង​អាស្រ័យ​លើ​ការ​បេ្ត​ជ្ញា​ខាង​ថវិកា​ពី​ប្រទេស​ដទៃទៀត​»​។​
​លោក James Chin អ្នកវិភាគ​ម៉ាឡេស៊ី​ម្នាក់​នៃ​សាកលវិទ្យាល័យ Tasmania ប្រទេស​អូស្ត្រាលី មិន​ជឿថា ដំណើរការ​ស្វែងរក​យន្តហោះ​ជើងហោះហើរ MH370 ដែល​កំពុងតែ​ផ្តោតលើ​ផ្ទៃ​ទឹក​ដែលមាន​ទំហំ​ស្មើនឹង​ប្រទេស​ស្រីលង្កា នោះ អាច​នឹង​បន្ត​រហូត​ទេ​។​
​លោក Chin បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​គិតថា បើ​យើង​គិតពី​ការចំណាយ​លើ​ដំណើរការ​ស្វែងរក​យន្តហោះ​នេះ​វិញ យើង​ពិតជា​មិនអាច​តាម​ស្វែងរក​យន្តហោះ​នេះ​រហូត​ទេ​»​។​
​ក៏ប៉ុន្តែ លោក Chin បាន​លើកឡើងថា ការបញ្ចប់​ដំណើរការ​ស្វែងរក​យន្តហោះ​នេះ អាច​នឹង​ជំរុញ​ឲ្យ​មានការ​សន្និដ្ឋាន​ផ្សេងៗ​ទៀត​មកលើ​ជោគវាសនា​របស់ អ្នកធ្វើដំណើរ​តាម​យន្តហោះ​នេះ​។​
​លោក Chin បាន​បន្ថែមថា​៖ «​បើសិនជា​គេ​មិនអាច​ស្វែងរក​យន្តហោះ​នេះ​បានទេ ខ្ញុំ​គិតថា មនុស្ស​ជាច្រើន​នឹង​ចាប់ផ្តើម​ជឿ​លើ​ការសន្និដ្ឋាន​ផ្សេងៗ​រៀងៗ​ខ្លួន​នៃ ការ​បាត់ដាន​យន្តហោះ​នេះ​។ ក្រុម​អ្នកស្វែងរក​ចាំបាច់​ត្រូវតែ​ស្វែងរក​យន្តហោះ​នេះ​ឲ្យ​ឃើញ ដើម្បី​ឲ្យ​ក្រុមគ្រួសារ​នៃ​អ្នកធ្វើដំណើរ​បាន​ស្ងប់ចិត្ត ហើយ​ជាពិសេស​គឺ​បង្កើត​ឲ្យ​មានការ​ជឿទុកចិត្ត​សារជាថ្មី​ក្នុងការ ធ្វើដំណើរ​តាមផ្លូវ​អាកាស​»​។​
​កាលពី​ខែមករា​កន្លងទៅនេះ ប្រទេស​ម៉ាឡេស៊ី​បានប្រកាស​ជា​ផ្លូវការ​ថា យន្តហោះ​ជើងហោះហើរ​លេខ ៣៧០ បាន​ជួបនឹង​គ្រោះថ្នាក់ ហើយ​ថា មនុស្ស​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​យន្តហោះ​នេះ​បាន​ស្លាប់​បាត់បង់ ជីវិត​៕ VOA

58D8F331-BBE8-4542-850E-B0EE840B24F4_w640_r1_s_cx0_cy8_cw0

​រូប​ឯកសារ​៖ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​កំពុង​ហោះ​