ភ្នំពេញ ៖ អង្គការសហប្រជាជតិប្រចាំកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈប្រឹក្សាភិបាលនៃកម្មវិធីរួមគ្នាដើម្បីមុខរបរនិងឱកាសការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដែលគម្រោងនេះត្រូវបានបើកកិច្ចប្រជុំជាលើកទីមួយរបស់ខ្លួន នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ដែលដឹកនាំដោយសហប្រធាន មាន ឯកឧត្តមបណ្ឌិតអ៊ិតសំហេងរដ្ឋមន្រី្តក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Claire Van der Vaerenអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងការងារ។
លោកបណ្ឌិត អ៊ិត សំហេង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនោះថា កិច្ចប្រជុំនៅថ្ងៃនេះ មានគោលបំណងដើម្បីឧទ្ទេសនាម សមាជិក-សមាជិការ គណៈប្រឹក្សាភិបាល ដែលមានរបៀបវារៈចំនួនបី បានលើមកពិភាក្សា និងធ្វើការអនុម័ត ក្នុងនោះមាន ៖ និតិវិធីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាគម្រោង, ការពិនិត្យនិងអនុម័តលើលក្ខខណ្ឌប្រតិបត្តិរបស់គណៈប្រឹក្សាភិបាលពិគ្រោះយោបល់ និង ការពិនិត្យនិងអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំរបស់កម្មវិធីសម្រាប់ឆ្នាំទី១។
នៅឆ្នាំទីមួយនេះ កម្មវិធីរួមគ្នា គ្រោងនឹងចំណាយថវិកាប្រមាណ៤លានដុល្លារ សម្រាប់ដំណើរការកិច្ចការជាច្រើនរបស់គម្រោងលើឱ្យការបណ្តុះបណ្តាលវិជ្ជាជីវៈ ការកសាងសមត្ថភាពយុវជន នឹងការបង្កើតឱកាសការងារសមរម្យដែលនឹងត្រូវចាប់ផ្តើមបន្ទាប់ពីកិច្ចប្រជុំនេះទៅ។ គណៈប្រឹក្សាភិបាល បានទទួលសិទ្ធិប្រទានពីម្ចាស់ជំនួយទីភ្នាក់ងារស្វីសដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ដើម្បីធ្វើការសម្រេចចិត្តនានា ដោយយោងតាមគោលបំណង អភិក្រម និងវិសាលភាពរបស់គម្រោង ដូចដែលបានកំណត់នៅក្នុងឯកសារគម្រោងជាធរមាន។
កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីមុខរបរ និងការងារសម្រាប់យុវជន នៅកម្ពុជានេះ និងកាន់តែជំរុញដល់ការអនុវត្តប្រកបដោយជោគជ័យ នូវគោលដៅនៃគោលនយោបាយជាតិធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ កម្មវិធីរួមគ្នានេះ ចាប់ផ្តើមរយៈពេល២ឆ្នាំ ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហាឆ្នាំ២០១៩ ដើម្បីអភិវឌ្ឍន៍ យុវជន និងស្ត្រីវ័យក្មេងកាន់តែច្រើនឡើងឱ្យទទួលបានឱកាសការងារសមរម្យ និងមានផលិតភាព ហើយអ្វីដែលជាការរំពឹងទុកក្នុងការសម្រេចឱ្យបានគឺ យុវជន និងស្ត្រីវ័យក្មេងទទួលបានការអប់រំក្នុង និងក្រៅប្រព័ន្ធប្រកបដោយគុណភាព និងការស្ម័គ្រចិត្តដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវ: និងបច្ចេកទេស។ ក្រៅពីនេះ យុវជន និងស្ត្រីវ័យក្មេងទាំងក្នុងនិងក្រៅសាលាបានទទួល ជំនាញ អាជីវកម្ម និងសហគ្រាសគ្រប់គ្រាន់ដើម្បីអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាពជាពិសេសយុវជនបានទទួលអត្ថប្រយោជន៏ពីហានិភ័យនៃការរំលោភបំពាននិងការរើសអើងនៅកន្លែងការងារ។
លោកស្រី Claire Van der Vaerenបានលើកឡើងថា ការអនុវត្តកម្មវិធីរួមគ្នានេះកើតឡើង ខណៈពេលដែលឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ចីរភាពអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ការងារនិយោជិតជាពិសេសគោលដៅទី៨។ ក៏ដូចជាការអំពាវនាវកាត់បន្ថយឲ្យបានច្រើននូវសមាមាត្រនៃយុវជនដែលមិនទាន់ទទួលបានការងារ ការបណ្តុះបណ្តាលឆ្នាំ២០២០ និងអំពាវនាវឲ្យមានការអនុវត្តន៍នៅយុទ្ធសាស្ត្រដើម្បីកាត់បន្ថយភាពគ្មានការងារធ្វើ និងលើកកម្ពស់កញ្ចប់ការងាររបស់អង្គការអន្តរជាតិខាងការងារ ឆ្នាំ២០២០ ហើយកម្មវិធីរួមគ្នានេះនឹងឆ្លើយតបទៅដល់គោលដៅរួមគ្នាផងដែរ។
សូមបញ្ជាក់ថា សមាជិក-សមាជិកាគណៈប្រឹក្សាភិបាលនេះមាន១១រូបក្នុងនោះមកពីតំណាងជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងអប់រំយុវជននិងកីឡាទីភ្នាក់ងារស្វីសដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អង្គការអន្តរជាតិខាងការងារកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិអង្គការសហប្រជាជាតិផ្នែកអប់រំវិទ្យាសាស្ត្រនិងវប្បធ៌មមូលនិធិសហប្រជាជាតិសម្រាប់កុមារកម្មវិធីស្ម័គ្រចិត្តសហប្រជាជាតិនិងក្រុមប្រឹក្សាយោបល់យុវជនរបស់អង្គការសហប្រជាជាតិ៕