មណ្ឌលគិរី ៖ សួនច្បារដែលមានទំហំដល់ទៅជាង២០ហិកតា ដែលចាត់ទុកថា ជាសួនច្បារដ៏ធំ បំផុតក្នុងប្រទេសកម្ពុជានោះ ជិតនឹងមានវត្តមានផុសឡើងចំកណ្តាលទីក្រុងសែនមនោរម្យ របស់ខេត្តមណ្ឌលគិរី នាពេលឆាប់ៗខាងមុខនេះ ក្រោមកញ្ចប់ថវិកាស្ថាបនាជាង៣លានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជា គ្រាដែលខេត្តដាច់ស្រយាលមួយនេះ បានបន្សល់ទុកព្រលានយន្ត ហោះប្រវែងជាង២គីឡូម៉ែត្រ អំណោយ ផលសម្រាប់ការស្ថាបនាសួនច្បារដ៏ធំនេះឡើង ។
លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យបានឲ្យដឹងនៅល្ងាចថ្ងៃទី២០ តុលានេះថា សួន ច្បារ ដែលគ្រោង និងដាក់ឈ្មោះថា សួនឧទ្យានសែនមនោរម្យនេះ ជាអតីតព្រលានយន្តហោះ ដែល បន្សល់ទុកពីសម័យអតីតកាល ហើយបច្ចុប្បន្នដំណើរការសាង់សង់សួនច្បារយក្សនេះ គឺបាននិងកំពុង ចាប់ផ្ដើមជាជំហ៊ានហើយ ក្រោមការសហការគ្នា រវាងអាជ្ញាធរខេត្តមណ្ឌលគិរី ជាមួយក្រសួងរៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ ដែលមានអ្នកជំនាញច្បាស់លាស់ មកដឹកនាំស្ថាបនា ។ លោកបន្តថា សួនឧទ្យានសែនមនោរម្យ ដែលកំពុងស្ថាបនាគឺមានទំហំលើផ្ទៃដី ២១២.៥៥៣ ម៉ែត្រក្រឡា មានប្រវែង បណ្តោយ១២០០ម៉ែត្រ មានលក្ខណៈជាសួនឧទ្យានរុក្ខសាស្ត្រ រៀបចំដាំដុះរុក្ខជាតិសម្បូរបែប ក្នុងគោល បំណងសិក្សាស្រាវជ្រាវ ការកម្សាន្ត និងទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ។
អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹងទៀតថា នៅលើសួនឧទ្យាននេះនឹងមានកសាង រៀបចំជា សួនឧទ្យានបែប Classic អាចប្រើប្រាស់បានលើមនុស្សគ្រប់គ្នា មានទាំងការក្រាលថ្មក្រានីត កន្លែងក្មេង លេង កន្លែងហាត់ប្រាណ កន្លែងតាំងពិព័រណ៍ មណ្ឌលកីឡា លំហរពហុមុខងារ កន្លែងវិនិយោគ និង បង្គន់ អនាម័យជាដើម ហើយក្នុងនោះដែរក៏មាន ការដាំរុក្ខជាតិសំខាន់ៗ ដែលបង្ហាញអំពី អត្តសញ្ញាណ ខេត្តមណ្ឌលគិរី រួមជាមួយវប្បធម៌ជនជាតិភ្នង ព្រមទាំងមាន ការដាក់តាំងពិព័ណវត្ថុបូរាណ និងការ បង្ហាញអត្តសញ្ញាណជាតិផ្សេងៗផងដែរ ។ លោកអភិបាលក្រុងបញ្ជាក់ថា សួនច្បារថ្មីនេះ នាអនាគតក៏ អាច ជួយទាក់ទាញចំនួនអ្នកទេសចរណ៍បន្ថែមទ្វេដងសម្រាប់ខេត្តមណ្ឌលគិរីផងដែរ ។
សូមរម្លឹកថា ក្នុងវេទិការជាតិលើទី២ ស្តីពីការកាពារនិងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា នោះដែរ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងផងដែរថា អតីតព្រលាន្តយន្តហោះកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មិនប្រគល់ឲ្យឯកជនណាមួយនោះទេ តែក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ត្រូវទៅអភិវឌ្ឍន៍ឲ្យក្លាយជាសួនឧទ្យានដ៏ធំបំផុតរបស់កម្ពុជាវិញ ។ សម្តេចថ្លែងកោតសរសើរថា ទីក្រុងដែលមានផ្លូវល្អនាថ្ងៃអនាគតគឺក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រុងបានលុង ខេត្តរតនគិរី និងក្រុងសំរោង ខេត្តឧត្តមានជ័យ ដែលក្រុងទាំងនោះនឹងក្លាយជាក្រុងសម្រាប់បម្រើដល់វិស័យទេសចរណ៍យ៉ាងសំខាន់របស់កម្ពុជា នាពេលអនាគត៕