ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែកុម្ភៈឆ្នាំ២០១៥ បានប្រមូល និងបង់ប្រាក់ពន្ធចូលថវិកាជាតិចំនួន៣២៣.០៩៤លានរៀល គិតជាប្រាក់ដុល្លារសហ រដ្ឋអាមេរិកស្មើនឹង ៨០,៧៧លានដុល្លារ កើនឡើង២៥,១១%បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៤។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ដែលប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ឱ្យដឹងថា ក្នុងរយៈពេលពីរខែឆ្នាំ២០១៥នេះ ចំណូលពន្ធអាករសរុបមានចំនួនស្មើនឹង១៤,២% នៃ គោលដៅកំណត់ក្នុងច្បាប់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៤ និងឆ្នាំ២០១៥ ឃើញថា ក៏មានការកើនឡើងនូវចំណូលពន្ធតាមប្រភេទពន្ធសំខាន់ៗមួយចំនួនដូចជា ពន្ធលើប្រាក់ចំណេញមានការកើនឡើងប្រមាណ៣០,៧% ពន្ធលើប្រាក់បៀវត្សមានការកើនឡើងប្រមាណ១៥,៣% អាករលើតម្លៃបន្ថែមមានការកើនឡើងប្រមាណ៩,០% និងអាករពិសេសមានការកើនឡើងប្រមាណ២៦,២%។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងបន្តថា ប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៤ និងឆ្នាំ២០១៥ចំណូលពន្ធតាមសកម្មភាពអាជីវកម្មមានការកើនឡើងស្ទើរតែ ទាំងអស់ ក្នុងនោះរួមមាន ផ្នែកផលិតភេសជ្ជៈកើនឡើងប្រមាណ៣៤,៩% សេវាហិរញ្ញវត្ថុកើនឡើងប្រមាណ៣៧,៩% ទូរគមនាគមន៍កើនឡើងប្រមាណ៤១,០% នីហរ័ណអាហរ័ណកើនឡើងប្រមាណ២៦,៩% ផលិតគ្រឿងប្រើប្រាស់កើនឡើងប្រមាណ១២,១% ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់កើនឡើងប្រមាណ៣១,៦% ផលិតសម្លៀកបំពាក់កើនឡើងប្រមាណ២១,៣% ផលិតថ្នាំជក់កើនឡើងប្រមាណ១៣៥,៤% លក់សម្ភារការិយាល័យកើនឡើងប្រមាណ៤២,១% លក់ភេសជ្ជៈកើនឡើងប្រមាណ១១,៧% ផលិតយានយន្តកើនឡើងប្រមាណ២៦១,៣% ផលិតម្ហូបអាហារកើនឡើងប្រមាណ២៣,៥% ផ្នែកលក់គ្រឿងយន្តកើនឡើងប្រមាណ២៤,៧% និងផលិតគ្រឿងចក្រកើនឡើងប្រមាណ៧៩,១%។
នៅក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានសម្ដែងនូវការអបអរសាទរជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់អំពីអំពីលទ្ធផលការងារ ប្រមូលចំណូលពន្ធដារ ដែលសម្រេចបានប្រចាំខែកុម្ភៈ ឆ្នាំ២០១៥។
លោកបានជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំគ្រប់អង្គភាពពន្ធដារទូទាំង ប្រទេសឱ្យបន្តខិតខំជម្នះការ លំបាក និងបញ្ហាប្រឈមនានា ខិតខំអនុវត្តន៍ភារកិច្ចប្រមូលចំណូលពន្ធគ្រប់ប្រភេទឱ្យបានសម្រេច តាមគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង បង្កើនការផ្តល់សេវាដល់អ្នកជាប់ពន្ធឱ្យបានប្រសើរ ផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ៕