ពលករ​ខ្មែរ​រាប់សែន​នាក់​ប្រឈម​ការដេញ​ចេញពី​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2015 ក+ ក-

​ភ្នំពេញៈ ពលករ​ចំណាកស្រុក​កម្ពុជា រាប់សែន​នាក់​នៅ​ថៃ មាន​រយៈ ពេល​រហូតដល់ ថ្ងៃទី​៣០ ខែមិថុនា ដើម្បី​ទទួលបាន​លិខិតអនុញ្ញាត​ការងារ​ថ្មី ពី​អាជ្ញាធរ​ថៃ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​ការ​និរទេស​ចេញពី​ប្រទេស​នេះ​។​

​រដ្ឋាភិបាល​ថៃ បានអនុម័ត​នីតិវិធី​ថ្មី​នៅ ថ្ងៃទី​០៣ ខែមីនា សម្រាប់​ពលករ​ចំណាកស្រុក​ចំនួន ១,៦ លាន​នាក់ និង​អ្នក​ក្នុងបន្ទុក ដែល​កំពុង​ប្រើប្រាស់​លិខិតអនុញ្ញាត​ការងារ​បណ្តោះ​អាសន្ន ដែល​ផុតកំណត់​នៅ​ចុងខែ​នេះ​។​

​ការិយាល័យ​ព័ត៌មាន​ជាតិ​ថៃ (NNT) បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ពលករ​ពី​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ារ ដែល​បាន​បំពេញ​ដំណើរការ​ផ្ទៀងផ្ទាត់​សញ្ជាតិ​ដោយ​ជោគជ័យ​នៅ ថ្ងៃទី​៣១ ខែមីនា នឹង​ទទួលបាន​ទិដ្ឋាការ​ការងារ​រយៈពេល ២ ឆ្នាំ​។

អ្នក​ទាំងឡាយ ដែល​មិនបាន​ផ្ទៀងផ្ទាត់​នៅ​ចុង ខែមីនា នឹងត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អាជ្ញាធរ នៅមុន ថ្ងៃទី​៣០ ខែមិថុនា ដើម្បី​ទទួលបាន​លិខិតអនុញ្ញាត​ការងារ​រយៈ​ពេល ១ ឆ្នាំ ដែល​នឹង​ទុកពេល​វេលា​ច្រើន​ថែមទៀត​ដល់​ពួកគេ​។​
NNT រាយការណ៍​ថា​៖ «​ពលករ​មិនបាន​បង្ហាញខ្លួន​និង​មិនបាន​ចុះបញ្ជី​ទាំងអស់​នឹងត្រូវ​ចាប់ ខ្លួន​ដើម្បី​និរទេស​តាមច្បាប់ និង​បទបញ្ជា​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​»​។​

រដ្ឋប្រហារ​នៅ​ថៃ កាលពី ខែឧសភា​ឆ្នាំមុន បាន​បណ្តាល​ឲ្យ​ពលករ​ជាច្រើន​នាក់ វិល​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា កងទ័ព​ថៃ​កំពុង​ចាប់ផ្តើម​ការបង្ក្រាប​លើ​ពលករ​ខុសច្បាប់​នៅពេលនោះ​។ បន្ទាប់ពី​ការធ្វើ​ចំណាកស្រុក​ដ៏​ធំ​នោះមក មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ ត្រូវបាន​បើក​នៅ​កម្ពុជា​ដើម្បី​ផ្តល់​លិខិតឆ្លងដែន​តម្លៃថោក​ដល់​ពលករ ដែល​អាច​បញ្ជាក់ថា ពួកគេ​ធ្លាប់មាន​ការងារ​នៅ​ថៃ​។​

ប៉ុន្តែ ពលករ​ភាគច្រើន​វាង​ពី​ប្រព័ន្ធ​នេះ ដោយ​ពលករ​និង​អ្នក​ក្នុងបន្ទុក​ប្រហែល ៧៣៨ ពាន់​នាក់​បាន​លិខិតអនុញ្ញាត​ការងារ​បណ្តោះ​អាសន្ន នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅ​ថៃ នៅត្រឹម ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំមុន​។ នេះ​បើ​យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ថៃ​។​

​ទោះជា​យ៉ាងណា ការ​ផុតកំណត់​លិខិតអនុញ្ញាត​ទាំងនោះ នៅ​ខែ​នេះ បានធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ថា នឹង​មានការ​និរទេស​ពលករ​ច្រើន​នាក់​។ បើទោះបី​ជាមាន​សេចក្តីប្រកាស​ក៏ដោយ​ក៏ប៉ុន្តែ​ក្រុមគាំទ្រ​ពលករ ចំណាកស្រុក បាន​ថ្លែងថា ដំណើរការ​ចុះបញ្ជី​ប្រព្រឹត្តទៅ​យឺត​ណាស់​។​

​លោក Omsin Boonlert មន្ត្រី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៅ​បណ្តាញ​ចំណាកស្រុក​មេគង្គ បាន​ឲ្យ​ដឹងថា​៖ «​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​កិច្ចសម្របសម្រួល [​មិនល្អ​] រវាង​ប្រទេស​ទាំងពីរ នៅតែ​ធ្វើ​ឲ្យ​ដំណើរការ​ស្នើសុំ​ឯកសារ ចំណាយពេល​យូរ​»​។​
​លោកស្រី Sara Piazzano ប្រធាន​ក្រុម​នៃ​កម្មវិធី​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​អង្គការ Winrock International បាន​ថ្លែងថា សេចក្តីប្រកាស​របស់​ថៃ​គឺជា​ការរំពឹងទុក​បើ​គិតថា ពលករ​ចំណាកស្រុក​កម្ពុជា​ប្រហែល ១ ម៉ឺន​នាក់​ប៉ុណ្ណោះ អាចបំពេញ​នូវ​ដំណើរការ​ផ្ទៀងផ្ទាត់​សញ្ជាតិ​បាន​។​
​មន្ត្រី​ជាច្រើន​នៅ​ក្រសួង​ការងារ​មិនអាច​ទាក់ទង​សុំ​ការធ្វើ​អត្ថាធិប្បាយ​បានទេ​៕

20150312_08ពលករ​ខ្មែរ​ចំណាកស្រុក ត្រូវ​ថៃ​ចាប់បញ្ជូន​ត្រឡប់មកវិញ កាលពី​ឆ្នាំមុន​