UN ៖ យេ​មែន​នឹង​ប្រឈមមុខ​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2017 ក+ ក-

យេ​មែន ៖ ប្រមុខ​ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ប្រទេស​យេ​មែន​នឹង​ប្រឈមមុខ​នឹង​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​មួយ​ដែល​នឹង​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់លាន​នាក់​លុះត្រាតែ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បញ្ចប់​ការរារាំង​ហើយ​អនុញ្ញាត​ឲ្យ​មានការ​បញ្ជូន​ជំនួយ​ចូលទៅ​ក្នុងប្រទេស​នេះ​។​
​លោក Mark Lowcock អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា “​វា​នឹង​ក្លាយជា​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​បំផុត​ដែល​ពិភពលោក​ជួបប្រទះ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកនេះ​ហើយ​មាន​ជនរងគ្រោះ​រាប់លាន​នាក់​”​។​
​មន្ត្រី​អង្គការសហប្រជាជាតិ​រូបនេះ​បាន​និយាយ​បែបនេះ​ទៅកាន់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​សម័យប្រជុំ​បិទទ្វារ​រ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​វិបត្តិ​នៅ​យេ​មែន​ដែលជា​កន្លែង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បានធ្វើ​យុទ្ធនាការ​យោធា​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម Huthi ចាប់តាំងពី​ខែ​មិនា​ឆ្នាំ​២០១៥​មក​។​
​ក្រុមប្រឹក្សា​នេះ​បានទាមទារ​ឲ្យ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បើក​ច្រក​អាកាស​និង​សមុទ្រ​របស់​យេ​មែន​ចំពោះ​ការ​ចែកចាយ​ជំនួយ​នៅក្នុង​ប្រទេសមួយ​នេះ​ដែល​ប្រជាជន​ចំនួន​៧​លាន​នាក់​ប្រឈមមុខ​នឹង​គ្រោះ​ទុរ្ភិក្ស​រួចទៅហើយ​។​
​ក្រុមចម្រុះ​នេះ​បាន​បិទ​ព្រំដែន​យេ​មែន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​មួយ​ពី​សំណាក់​ពួក​ឧទ្ទាម Huthi របស់​ប្រទេស​យេ​មែន​ដែល​ត្រូវបាន​ស្ទាក់ចាប់​នៅក្បែរ​ព្រលានយន្តហោះ​ក្រុង Riyadh កាលពី​ថ្ងៃអាទិត្យ​។​
​ប៉ុន្តែ​អង្គការសហប្រជាជាតិ​ដែល​ធ្លាប់បាន​ចុះបញ្ជី​យេ​មែន​រួចមកហើយ​ថា​ជា​ប្រទេស​មាន​វិបត្តិ​មនុស្សធម៌​លេខ​១​នៅលើ​ពិភពលោក​គឺ​បាន​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​នេះ​ទាំង​មិន​ពេញចិត្ត​ដោយបាន​ព្រមាន​ថា ស្ថានភាព​នេះ​គឺជា “​មហន្តរាយ​” រួចទៅហើយ​នៅក្នុង​ប្រទេស​នេះ​។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអ៊ូឌីត Adel al-Jubeir កាលពី​ថ្ងៃ​ពុធ​និង​បាន​ទទួលយក​ការចង្អុល​បង្ហាញថា ពួកគេ​នឹង​ពិនិត្យមើល​ការបើក​ឡើងវិញ​នៃ​ចំណុច​ចូលទៅ​ក្នុងប្រទេស​យេ​មែន​។​
​ប្រជាពលរដ្ឋ​យេ​មែន​ប្រមាណ​១៧​លាន​នាក់​កំពុង​ត្រូវការ​ស្បៀងអាហារ​ទាំងអស់​សង្ឃឹម​ដែល​ក្នុងនោះ​មាន​៧​លាន​នាក់​ដែលមាន​គ្រោះថ្នាក់​នៃ​គ្រោះ​ទុរ្ភិក្ស​និង​ជំងឺ​អាសន្នរោគ​រួចទៅហើយ​ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២,០០០​នាក់​ស្លាប់​៕