មេការ​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី ដើរ​ប្រមូល​ទិញ​ឈើ​ល្មើសដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វរជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2015 ក+ ក-

​ខេត្តរតនគិរី​៖ កូនចៅ​របស់​ក្រុមហ៊ុន​អាន​ម៉ារ​ឌី ២-៣​នាក់ បាន និង​កំពុង​ដើរ​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ពី​តំបន់​ឧទ្យាន​ជាតិ​វរជ័យ និង​តំបន់​ព្រៃ​សហគមន៍​ស្ថិតក្នុង​ព្រំប្រទល់​ស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង ខេត្ដ​រតនគិរី ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​នោះ​យ៉ាង​គគ្រឹកគគ្រេង​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា សកម្មភាព​នៅ​ទីនោះ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច ជំនាញ​គ្រប់​ស្ថាប័ន ត្រូវ​ទទួល​ការ​សូកប៉ាន់​ពី​ក្រុម​ឈ្មួញ​ល្មើសច្បាប់ ពិសេស​អស់លោក​ជំនាញ​ខាង​បរិស្ថាន​ប្រចាំការ​នៅ​ទីនោះ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ដែរ ។​ការលើកឡើង​នេះ ដោយ​គេ​សំអាងថា ពួក​អស់លោក​ពិតជា​បានឃើញ​សកម្មភាព​ល្មើសច្បាប់​ដែល​គេ​ប្រព្រឹត្ត​យ៉ាង​គគ្រឹកគគ្រេង​នៅ​នឹង​ភ្នែក​ស្ទើរ​រាល់ថ្ងៃ ប៉ុន្ដែ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួនគេ​ធ្វើជា​មិនដឹងមិនឮ​។​

​ប្រភព​រាយការណ៍​បន្ត​ថា ក្រុមហ៊ុន អាន​ម៉ារ​ឌី កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ទីនោះ​។ បើទោះជា​ក្រុមហ៊ុន អាន​ម៉ារ​ឌី មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​គ្រប់គ្រង​ដីព្រៃ​សម្បទាន​ចំនួន​១​ម៉ឺន​ហិកតា​យ៉ាងនេះ​ក្តី ប៉ុន្ដែ​ក្រុមហ៊ុន​នេះ​ត្រូវគេ​ដឹងថា បានឱ្យ​កូនចៅ​របស់ខ្លួន​ក្នុងនោះ​មាន​មេការ​ចំនួន​២​រូប គឺ ឈ្មោះ លាង និង​ឈ្មោះ តាំង អេង
ចេញមុខ​ដើរ​កៀងគរ​ប្រជាពលរដ្ឋ​ដោយ​ជះ​ទឹក​លុយ​ឱ្យចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ និង​តំបន់ ឧទ្យាន​ជាតិ​វរជ័យ ហើយ​ពួកគេ​ចាំ​ទទួល​ទិញ គ្រាន់តែ​ប្រើ​លេស​ថា ជា​ឈើ​ល្មើសច្បាប់​ដែល​ប្រមូលបាន​ពី​អ្នក​ចូល​កាប់​ឈើ​ល្មើស​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន អាន​ម៉ារ​ឌី តែប៉ុណ្ណោះ​។​

ប្រភព​បន្តថា ជាទូទៅ​ការប្រមូលទិញ​ឈើ​របស់​មេការ​ក្រុមហ៊ុន​អាន​ម៉ារ​ឌី គឹជា​ឈើ​ប្រណីត ដោយ​គេ​បង្កប់​ពីក្រោម​ឈើ​អារ​លេខ​២ ស្របច្បាប់​របស់​ក្រុមហ៊ុន​ដើម្បី​បំភ័ន​ភ្នែក​សមត្ថកិច្ច​ក្នុងកា​ដឹកជញ្ជូន​យកទៅ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង​។​

មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ពី​ឈ្មួញ​ឈ្មោះ​លាង និង ឈ្មោះ តាំង អេង មេ​ការឱ្យ​ក្រុមហ៊ុន អាន​ម៉ារ​ឌី ក្នុង​ការប្រមូលទិញ​ឈើ​ខុសច្បាប់​បានទេ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ ២០១៥ នេះ ។​ប៉ុន្ដែ​កន្លងទៅ​លោក តាំង អេង ធ្លាប់បាន​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ​ថា លោក​មិនដឹង​មានច្បាប់ ឬ​អត់​ច្បាប់​អី​ទេ អ្នកកាសែត កុំមក​រវីរវល់ នេះ​ជា​រឿង​របស់គេ​។​

​ដោយឡែក​លោក​ឧកញ៉ា អាន ម៉ារ​ឌី កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៥ ពុំបាន​ធ្វើការ​បកស្រាយ​រាល់​សកម្មភាព ដៃជើង​របស់គាត់​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​ទាំងនេះ​ទេ​។​តាម​ទូរស័ព្ទ​លោក​ឧកញ៉ា គ្រាន់តែ​ឮថា​អ្នកកាសែត ហាក់ដូចជា ជះ​កំហឹង​ទល់​កំហល់ បំពង​ដោយ​សំឡេង ឮៗ​ថា “​កុំមក​រញ៉េរញ៉ៃ ពួក​អា​ក្រុម កាសែត អញ​មិន​ចូល​ចិ​ត្ដ​ពួក​អ្ហែង​ទេ​” រួច​ក៏​បិទ​ទូរស័ព្ទ​តែម្តង​៕Phol-1-3

Phol-1-1