ភ្នំពេញះគិតត្រឹមចុងខែមីនា ឆ្នាំ២០១៥ ពលករស្របច្បាប់ប្រមាណ ១,៦លាននាក់មកពីប្រទេសចំនួនបី រួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឬ ភូមា ដែលកំពុងបំពេញការងារនៅប្រទេសថៃ ប្រឈមនឹងការបណ្ដេញមកប្រទេសរបស់ខ្លួនវិញ ដោយសារតែលិខិតអនុញ្ញាតការងារនៅទីនោះផុតកំណត់។ ក្នុងចំណោមពលករស្របច្បាប់ មានពលករកម្ពុជា ប្រមាណ ១ម៉ឺននាក់ អាចអនុវត្តតាមសេចក្ដីជូនដំណឹងរបស់ថៃ។
រាជរដ្ឋាភិបាលថៃ បានប្រកាសជាផ្លូវការថា សុពលភាពនៃប្រើប្រាស់លិខិតការងារបណ្ដោះអាសន្នរបស់ពលករចំណាកស្រុក ពីប្រទេសជិតខាងរបស់ប្រទេសថៃ នឹងផុតកំណត់នៅចុងខែមីនា នេះ។ បញ្ហានេះ ពលករចំណាកស្រុករបស់កម្ពុជា និងអ្នកក្នុងបន្ទុករាប់ពាន់នាក់ ប្រឈមនឹងការវិលត្រឡប់មកប្រទេសខ្លួនវិញ ដើម្បីបំពេញបែបបទបំពេញការងារជាថ្មី។
ការិយាល័យព័ត៌មានរបស់ថៃ បានរាយការណ៍ថា ពលករពីប្រទេសកម្ពុជា ត្រូវមកទទួលបំពេញបែបបទសុំទិដ្ឋាការការងារឡើងវិញ និងត្រូវបង្ហាញទិដ្ឋាការការងារនោះ ឲ្យបានមុនថ្ងៃទី៣១ មីនា ទៅអាជ្ញាធរថៃ ដើម្បីទទួលបានលិខិតអនុញ្ញាតការងាររយៈពេលមួយឆ្នាំជាថ្មីទៀត។
ទោះជាយ៉ាងណាក៏ដោយ អង្គការពលករចំណាកស្រុកយល់ឃើញថា ពលករស្របច្បាប់ដែលផុតសុពលភាពការងារប្រមាណ ៥០% ក្នុងចំណោមកម្មករប្រមាណ ១,៦លាននាក់ អាចប្រឈមនឹងការបញ្ជូនមកប្រទេសរបស់គេវិញ ដោយសារតែដំណើរការចុះបញ្ជីយឺត និងការសម្របសម្រួលរវាងរដ្ឋាភិបាលនៅមានកម្រិតទាប។
អ្នកវិភាគកិច្ចការអន្តរជាតិ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ការរឹតបន្តឹងពលករចំណាកស្រុក គឺកិច្ចការចាំបាច់ដែលរដ្ឋាភិបាលយោធាថៃ ត្រូវធ្វើដើម្បីការពារភាពចលាចល និងរក្សាសន្តិភាព។ លោកបញ្ជាក់ទៀតថា ប្រសិនបើពលករស្របច្បាប់ដែលកំពុងធ្វើការនៅថៃ នឹងត្រូវគេចាប់បញ្ជូនមកកម្ពុជាវិញ គឺជាការបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា ហាក់មានឆន្ទៈតិចតួចក្នុងការធានាភាពស្របច្បាប់របស់ពលករកម្ពុជា ដែលកំពុងធ្វើការងារនៅប្រទេសថៃ៖ «»។
បន្ថែមលើនេះ ការស្រាវជ្រាវដោយអង្គការតស៊ូមតិ បណ្ដាញពលករចំណាកស្រុកមេគង្គ បានអះអាងថា ការសម្របសម្រួលរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលមិនល្អ នឹងប៉ះពាល់ដល់ការចុះបញ្ជីពលករស្រប់ច្បាប់មានដំណើរការយឺត។
មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារបានទេ នៅថ្ងៃទី១៥ មីនា។ប៉ុន្តែអង្គការសង្គមស៊ីវិល បានរកឃើញថា ដើម្បីក្លាយខ្លួនជាពលករស្របច្បាប់នៅប្រទេសថៃ បាន ពលករកម្ពុជា ម្នាក់ត្រូវឆ្លងកាត់នីតិវិធីចំនួន ១៦កន្លែង និងកន្លែងនីមួយៗត្រូវការពេលវេលាបំពេញឯកសារយ៉ាងហោចណាស់ចន្លោះពី ៣ថ្ងៃ ទៅមួយសប្ដាហ៍។
តាមការប៉ាន់ស្មាន ពលករកម្ពុជា អាចបំពេញបែបបទស្របច្បាប់ដែលអាចអនុវត្តបានតាមសេចក្ដីប្រកាសព័ត៌មានរបស់ថៃមានចំនួនប្រមាណ ១ម៉ឺននាក់ប៉ុណ្ណោះ គិតមកទល់ដំណាច់ខែមីនា ឆ្នាំ២០១៥៕
សកម្មភាពប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដាក់ចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។