នៅថ្ងៃអាទិត្យ ទី ១៥ មីនានេះ សង្គ្រាម ស៊ីវិលបានផ្ទុះឡើងនៅស៊ីរី មានអាយុ ៤ឆ្នាំ គត់។ សង្គ្រាមស៊ីវិលស៊ីរី ដែលជាប្រភពនៃការកកើតឡើង អំណាចរបស់ពួកជីហាត នៃអង្គការរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្ស ច្រើនជាង ២សែននាក់។ អង្គការមនុស្សធម៌អន្តរជាតិបានយកសប្តាហ៍នេះ ដើម្បីបរិហារអសមត្ថភាព របស់មេដឹកនាំក្នុងពិភពលោក ដើម្បីបញ្ចប់សង្គ្រាម នៅស៊ីរី។
កាលពី៤ ឆ្នាំមុន គឺនៅថ្ងៃទី ១៥មីនា ឆ្នាំ ២០១១ ដែលប្រជាជនស៊ីរីបានធ្វើបាតុកម្មអហិង្សាដើម្បី ប្រឆាំងនយោបាយដឹកនាំរបស់រដ្ឋាភិបាលលោកបាស្ហា អាល់អាសាដ។ ការបង្ក្រាបដ៏ហិង្សារបស់ទាហានរដ្ឋាភិបាលទៅលើបាតុករ បានរីករាលដាលទៅជាការងើបតស៊ូរបស់ចលនាអ្នកប្រឆាំងនឹងរដ្ឋាភិបាល។ គឺតាំងពីពេលនោះហើយ ដែលប្រទេសស៊ីរីធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល និងការឈ្លានពានរបស់ក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាមសព្វថ្ងៃនេះ។
ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមដែលកំពុងកាន់កាប់ទឹកដីមួយភាគធំ របស់ប្រទេសស៊ីរី មានរូបរាង កកើតចេញពីគំនិតស្អប់នយោបាយផ្តាច់ការរបស់លោកប្រធានាធិបតីបាស្ហា អាល់ អាសាដ។ យុវជននៅអឺរ៉ុបជាច្រើន ដែលទាក់ទាញដោយរូបភាពកាប់សម្លាប់របស់ទាហានរដ្ឋាភិបាលបានធ្វើដំណើរ ទៅចូលរួមក្នុងក្រុមប្រឆាំងស៊ីរី ដែលមួយភាគធំ ដឹកនាំ ក្រុមជីហាត។ អ្នកជំនាញជាច្រើនជឿថា ក្រុមជីហាត កាន់តែរីកមាឌធំឡើង ដោយមកពីធ្លាប់មានជំនួយ ឧបត្ថម្ភ គាំទ្រ ពីដំបូងឡើយ ពីប្រទេសនៅអារ៉ាប់ ដូចជាអារ៉ាប៊ី សាអូឌីតជាដើម ដែលចង់ឲ្យរបបលោកបាស្ហា អាល់អាសាដ ដួលរលំ។ ប៉ុន្តែ ក្រុមជីហាត ចាប់ផ្តើមឡើងចាង និងប្រកាសបង្កើតរដ្ឋអ៊ីស្លាម បន្ទាប់ពីបានវាយកាន់កាប់តំបន់មានប្រេង សំខាន់ៗ របស់ស៊ីរី និងអ៊ីរ៉ាក់។ ទាំងអាមេរិក និងប្រទេសអារ៉ាប់ នៅតំបន់ដើមបូព៌ា បានចាត់ទុកក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម ថា ជាគ្រោះថ្នាក់គម្រាមកំហែង សន្តិសុខ ពិភពលោកទាំងមូល។
នៅពេលដែលគ្រប់គ្នាផ្តោត ចាប់អារម្មណ៍ តែទៅលើក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម របបផ្តាច់ការរបស់បាស្ហា អាល់ អាសាដសឹងត្រូវគេបំភ្លេចចោល។ សហគមន៍អន្តរជាតិហាក់ ធ្វើគ ធ្វើថ្លង់ បើទោះបីជាទាហានស៊ីរី បន្តវាយប្រហារទៅលើក្រុមប្រឆាំងស៊ីរីនៅក្នុងប្រទេសក្តី។ ចាប់តាំង ពីសង្គ្រាមស៊ីវិលផ្ទុះ នៅស៊ីរី មនុស្សយ៉ាងតិច ២សែននាក់បានស្លាប់។ ប្រជាជនស៊ីរីជាង ៤លាននាក់បានរត់ចេញពី ប្រទេស និងទៅជ្រកកោន ក្នុងជំរំភៀសខ្លួន ក្នុងប្រទេសជិតខាង ដូចជាលីបង់ជាដើម។ មន្ត្រីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងជនភៀសខ្លួនកំពុងបារម្ភ ពីវិបត្តិមនុស្សធម៌ និងសង្គមស៊ីរី ព្រោះថា យុវជនស៊ីរី ប្រមាណ ២លាននាក់ ដែលមានអាយុ ក្រោម ១៨ឆ្នាំ និងស្គាល់តែសង្គ្រាម នឹងអាចក្លាយជំនាន់វង្វេងវង្វាន់មួយ ដោយសារតែគ្មានការសិក្សាអប់រំ។
ក្រៅពីនោះ អង្គការអន្តរជាតិខកចិត្តផងដែរទៅលើថ្នាក់ដឹកនាំរបស់ប្រទេសនៅក្នុង ពិភពលោក ដែលអសមត្ថភាព មិនអាចបញ្ចប់វិបត្តិនៅស៊ីរី។ ចាប់តាំងពីមានសង្គ្រាមផ្ទុះនៅស៊ីរី អន្តរការី ពីររូបរបស់អង្គការសហប្រជាជាតិ ដើម្បីចរចា សន្តិភាពនៅស៊ីរី បានបោះបង់ចោលសមរភូមិ ដោយសារតែមិនអាចបង្រួបបង្រួម ភាគីជម្លោះ។ ក្តីសង្ឃឹមរកសន្តិភាព សម្រាប់ស៊ីរី មានតិចតួចណាស់ នោះបើទោះបីជា ទីក្រុងម៉ូស្គូ សម្ព័ន្ធមិត្តរបស់របបស៊ីរី មានគម្រោងបង្កើតជំនួបរវាងក្រុមប្រឆាំងស៊ីរី និងរដ្ឋាភិបាល នៅប្រទេសរុស្ស៊ី នៅខែមេសាក៏ដោយ៕ RFI
ការប្រយុទ្ធគ្នារវាងពួកជីហាត និងក្រុមគួដស៊ីរី នៅភាគខាងជើងស៊ីរី នៅទីក្រុងកូបាណេ