នាយករដ្ឋមន្ដ្រីចិន លី កៃឃាង ព្រមានថាកងទ័ពប្រជាជនចិននឹងធ្វើការឆ្លើយ តបប្រឆាំងនឹងកងទ័ពប្រទេស ភូមា គឺដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ប្រសិនបើការបាញ់ផ្លោងឬក៏ទម្លាក់គ្រាប់បែកចូលដែនដីរបស់ចិន មួយលើកទៀតនោះ។
ការព្រមានរបស់នាយករដ្ឋមន្ដ្រីចិន បានធ្វើឡើងកាលពីថ្ងៃអាទិត្យគឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាយន្ដហោះចម្បាំងរបស់ភូមាបានទម្លាក់ គ្រាប់បែកមួយគ្រាប់ចូលទៅទឹកដីចិនដោយសម្លាប់ពលរដ្ឋចិន៤នាក់ និងរបួសជាច្រើននាក់។
លោកនាយករដ្ឋមន្ដ្រីលីកៃឃាងនិយាយថា កងទ័ពចិនពិតជាមានសមត្ថភាពការពារព្រំដែនរបស់ខ្លួន ហើយជាពិសេសការពារពលរដ្ឋចិនដែលត្រូវបានវាយប្រហារក្នុងកាលៈទេសៈ ណាក៏ដោយនោះ គឺប្រយោជន៍ដើម្បីការពារព្រំដែនរបស់ខ្លួន។លោកបានថ្លែងដូចនេះនៅក្នុងសម័យប្រជុំ សភាប្រជាជនចិន។ លោកបានបញ្ជាក់ទៀតថាសន្ដិសុខតាមព្រំដែនមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យមានសន្ដិភាពសន្ដិសុខ និងស្ថិរភាពសេដ្ឋកិច្ចព្រំដែន។
ជាមួយគ្នានេះក្រសួងការពារជាតិប្រទេស ចិនបានប្រកាសថា ខ្លួនបានបញ្ចូនកងទ័ពជាច្រើនរយនាក់រួចហើយទៅកាន់ព្រំដែនចិន ភូមា គឺដើម្បីឆ្លើយតបករណីមានឧបទ្ទវហេតុដូចនេះជាថ្មីម្ដងទៀត។
កងទ័ពភូមាបានធ្វើសង្គ្រាមជាមួយនឹង ពួកឧទ្ទាមជនជាតិភាគតិចហានឬគេហៅថាជនជាតិចិននោះ រយៈពេលមួយខែ មកហើយនៅតាមព្រំដែនជាប់នឹងប្រទេសចិន ប៉ុន្ដែការវាយប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមដែលមានឈ្មោះថាកងទ័ពសម្ព័ន្ធជាតិប្រជាធិបតេយ្យដែលជា សហគមន៍ជនជាតិភាគតិចចិនបានបណ្ដាលឲ្យជនជាតិភាគតិចនេះចូលទៅទឹកដី ចិននៅខេត្តយូណានកើនឡើងដល់៣០០០នាក់។
កងទ័ពរដ្ឋាភិបាលភូមាបានហៅពួកឧទ្ទាម នៃចលនាសម្ព័ន្ធជាតិហានថាជាក្រុមខុសច្បាប់ដែលចង់បំបែកប្រទេស ផ្ទុយនឹងរដ្ឋធម្មនុញ្ញ៕ VOD
កងទ័ពប្រទេសភូមា(រូបភាពពី http://i.telegraph.co.uk/)