ប្រេ​ស៊ី​ល​កំពុង​រង​ព្យុះ​បាតុកម្ម​ដោយហេតុ​រឿងអាស្រូវ​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2015 ក+ ក-

​ពលរដ្ឋ​ប្រេ​ស៊ី​ល​ជិត​មួយ​លាន​នាក់​កន្លះ បាននាំគ្នា​ចុះ​ថ្នល់​ធ្វើបាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ទី ១៥ មីនា ម្សិលមិញ ដើម្បី​ទាមទារ​ឱ្យ​លោកស្រី​ប្រធានាធិបតី ចុះ​ចេញពី​តំណែង​។ ក្បួន​បាតុកម្ម​ក៏មាន​រៀបចំ​ដែរ នៅតាម​ក្រុង​ធំៗ​ផ្សេង​លើ​ពិភពលោក​ដូចជា​នៅ​ក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ស៊ីដនី​របស់​អូស្ត្រាលី …​។ លោកស្រី ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ (Dilma Rousseff) បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការវាយប្រហារ តាំងពី​ជាង​មួយ​សប្តាហ៍​មកហើយ ដោយហេតុតែ​រឿងអាស្រូវ​ពុករលួយ និង​ទុ​ទ្ទិ​ដ្ឋ​និយម​លើ​ផ្នែក​សេដ្ឋកិច្ច​។​

​ជាង​មួយ​លាន​នាក់ នៅ​ក្រុង​សៅ​ប៉ូ​ឡូ រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រេ​ស៊ី​ល និង​រាប់សិប​ពាន់​នាក់​ផ្សេងទៀត បាន​ប្រមូល​ផ្តុំគ្នា នៅតាម​ខេត្ត​ក្រុង​ផ្សេងទៀត ចំនួន​៨០ ខេត្ត​ក្រុង របស់​ប្រេ​ស៊ី​ល បាន​ស្រុះស្រួល​គ្នា​ឯកច្ឆ័ន្ទ​ចុះ​ដង្ហែ​ក្បួន ទាមទារ​ឱ្យ​លោកស្រី​ឌី​ល​ម៉ា​រ៉ូ​សេ​ហ្វ ចុះ​ចេញពី​តំណែង​។ បាតុករ​ដ៏​សន្ធឹកសន្ធាប់​នេះ មិន​សប្បាយចិត្ត ខ្លះ​បាន​ប្រកូក​ប្រកាស​ឱ្យ​ក្រុម​យោធា​ចូលធ្វើ​អន្តរាគមន៍​ដើម្បី​បិទ បញ្ចប់​អំពើពុករលួយ​។​

​បរិបទ​សេដ្ឋកិច្ច​អាប់អួរ​

​ជាមួយនឹង​ប្រជាប្រិយភាព​ធ្លាក់ចុះ​នៅត្រឹម ២៣% បើ​ប្រៀប​ទៅនឹង ៤២% ក្រោយ​ការជាប់ឆ្នោត​អាណត្តិ​ទី​ពីរ នៅ​ខែតុលា​២០១៤​ភ្លាម គំរូ​សេដ្ឋកិច្ច​របស់លោក​ស្រី​ប្រធានាធិបតី ក៏បាន​ធ្លាក់ចុះ​។ កំណើនសេដ្ឋកិច្ច​ប្រេ​ស៊ី​ល ដែល​ធ្លាប់មាន​ដល់​ទៅ ៧,៥% នៅ​ឆ្នាំ​២០១០ បាន​ធ្លាក់​មក​នៅ​ស្ទើរ​សូន្យ​នៅ​ឆ្នាំ​២០១៤​។ ប្រេ​ស៊ី​លអាច​នឹង​ជួប​គ្រោះ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​តែម្តង​នៅ​ឆ្នាំ ២០១៥​នេះ​។ ទំនិញ​ឡើងថ្លៃ​ឥត​ឈប់ ឯ​ប្រាក់រៀល បាន​បាត់បង់​តម្លៃ​អស់​២២% ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​បើ​ប្រៀប​ទៅនឹង​ដុល្លារ​អាមេរិក អតិផរណា​បាន​ឡើងដល់​កំរិត​កំពូល​មិន​ធ្លាប់មាន​គិត​ចាប់តាំងពី​១០​ឆ្នាំ មក … បាន​ជំរុញ​តាំងពី​ជាង​មួយ​សប្តាហ៍​មកហើយ ឱ្យមាន​បាតុកម្ម រ​ប៉េះ​របោះ​នៅ​ប្រេ​ស៊ី​ល​។ ក្នុង​បរិបទ​សេដ្ឋកិច្ច​តានតឹង​ស្រាប់​ដូច្នេះ ស្រាប់​តែមាន​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​ប្រេង ប៉េ​ត្រូ​ប្រាស (Petrobras) ដែល ជា​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ មានឈ្មោះ​លោកស្រី​ប្រធានាធិបតី​ប្រលាក់ប្រលូស​ដែរ ទើប​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ផ្ទុះឡើង​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​រឿងអាស្រូវ​ពុករលួយ​ក្នុង​ក្រុមហ៊ុន​Petrobras

​រឿងអាស្រូវ ប៉េ​ត្រូ​ប្រាស នេះ​ជា​សំណុំរឿង​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់មាន ក្នុង ប្រវត្តិ​ប្រេ​ស៊ី​ល​។ មានការ​បង្វិល​ទឹកប្រាក់​ចំនួន​ប្រមាណ​៣​ពាន់​លាន​អឺរ៉ូ ពី​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​រដ្ឋ​។ រដ្ឋអាជ្ញា​កាលពី​ថ្ងៃទី ៦ មីនា បាន​បង្ហើប បញ្ជី​ឈ្មោះ​ឥស្សរជន​នយោបាយ ចំនួន ៥៤​នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុករលួយ ក្នុង​ក្រុមហ៊ុន​ប៉េ​ត្រូ​ប្រាស​នេះ​។ តុលាការ​សង្ស័យថា​មាន​សមាជិកសភា ព្រឹទ្ធសភា​ជាង​១០​នាក់ នៃ​បក្ស​ដែលមាន​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋាភិបាលចម្រុះ កំពុងកាន់​អំណាច ថា​បានទទួល​ប្រាក់​សំណូក​។ បក្ស​ធំៗ​ចំនួន​បួន ក្នុងនោះ​ក៏មាន​គណបក្ស​របស់លោក​ស្រី​ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ មួយ​ដែរ ត្រូវ​ជាប់​សង្ស័យថា​បានទទួល​ស៊ី​កុំ​មី​ស្យ៉ុ​ង​ច្រើនណាស់​ពី​ក្រុមហ៊ុន​។ លោកស្រី​ប្រធានាធិបតី ដែល​ទើប​ផ្តើម​អាណត្តិ​ទី​ពីរបាន​បី​ខែ មិនត្រូវ​ជាប់​ពាក់ព័ន្ធ នឹង​បទចោទប្រកាន់​ពុករលួយ​នេះ​ទេ​។ ប៉ុន្តែ​មហាជន​មិន​សប្បាយចិត្ត និង​ចង់ដឹងថា តើ​ហេតុដូចម្តេច​បានជា​លោកស្រី​មិនដឹង មិន​ទប់ស្កាត់ និង​មិន​ចាត់ការ​ប្រឆាំងនឹង​រឿង​ពុករលួយ​នេះ បើ​លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋបាល​របស់​ក្រុមហ៊ុន​ដែរ !

ស្រមោល​បាតុកម្ម​២០១៣

​គ្រាន់តែ​ឃើញ​មាន​ចរន្ត​បាតុកម្ម​លេចចេញ​ភ្លាម លោកស្រី ប្រធានាធិបតី​បានចេញ​ធ្វើ​សុន្ទរកថា តាម​កញ្ចក់​ទូរទស្សន៍ ការពារ​នយោបាយ​ដឹកនាំ​របស់​រដ្ឋាភិបាល​ភ្លាម និង​បានស្នើ​សុំឱ្យ​ពលរដ្ឋ ព្រមធ្វើ​ពហិការ​មួយរយៈ​។ ផ្លែផ្កា​នៃ​ការធ្វើកំណែទម្រង់​ឱ្យមាន​លំនឹង​សេដ្ឋកិច្ច​អាច​ប្រើពេល យូរ​បន្តិច ប៉ុន្តែ​លទ្ធផល​នឹង​អាច​ហុច​ឱ្យឃើញ​នៅ​ចុងឆ្នាំ​។ នេះ​ជាការ​សន្យា​របស់​លោកស្រី​ប្រធានាធិបតី​។ ចំណែក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ក៏បាន​ធ្វើ​សន្និសីទកាសែត​ភ្លាម​ដែរ នៅ​យប់មិញ ដើម្បី​បញ្ជាក់ថា​លោកស្រី​ប្រធានាធិបតី​នឹង​ចេញ​វិធានការ​ប្រឆាំងនឹង អំពើពុករលួយ និង​ធ្វើកំណែទម្រង់​នយោបាយ​ឱ្យ​សមស្រប​។​

​ថ្វីបើ​បាតុកម្ម​ម្សិលមិញ​នេះ បាន​ប្រព្រឹត្តទៅ ដោយ​ស្ងប់ស្ងៀម គ្មាន​ផ្ទុះ​រលក​ហិង្សា​ដូច​សម័យ​ឆ្នាំ​២០១៣ ដែលជា​បាតុកម្ម​ជាតិ​ប្រឆាំងនឹង​ការ​ខ្ជះខ្ជាយ​របស់​រដ្ឋ​មែន ប៉ុន្តែ​ដំណោះស្រាយ​ហាក់ដូចជា​ពិបាក​ខ្លាំងណាស់ ណា​មានរឿង​អាស្រូវ​ពុករលួយ​រីក​រាលដាល ណា​សេដ្ឋកិច្ច​កំពុង​ដើរ​ថយក្រោយ​។ គ្រួសារ​ថ្នាក់​មធ្យម​ជា​ជនរងគ្រោះ​ទីមួយ​។ ប្រធានាធិបតី​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពុករលួយ​ផង និង​វិបត្តិ​សេដ្ឋកិច្ច​ផង​។ សម្ពាធ​កំពុងតែ​តានតឹង​ស្រាប់​ដោយ​ស្ថានភាព​សេដ្ឋកិច្ច​អាប់អួរ គ្មាន​កំណើនសេដ្ឋកិច្ច ភាព​អត់​ការងារ​ធ្វើ​កើនឡើង វា​ពិតជា​ងាយ​នឹង​បំផ្ទុះ​កំហឹង​ពលរដ្ឋ​ខ្លាំងណាស់​។​

​បាតុកម្ម​ឆ្នាំ​២០១៣ ប្រឆាំង​ការឡើង​ថ្លៃ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ និង​ចំណាយ​ខ្ជះខ្ជាយ​ដើម្បី​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០១៤ នៅរស់​រវើក​ក្នុង​អារម្មណ៍​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ​។ រងើកភ្លើង​នេះ​នៅ​ហុយផ្សែង​នៅឡើយ​។ រដ្ឋាភិបាល​ពិតជា​មិន​ចង់ឃើញ​ឆាក​ឈុត​ហិង្សា​កណ្តាល​ក្រុង ផ្ទុះឡើង​ម្តងទៀត ក្រោម​ផ្ទៃ​នៃ​រឿងអាស្រូវ​ពុករលួយ​នៅ​ក្រុមហ៊ុន​រដ្ឋ​ប៉េ​ត្រូ​ប្រាស​ឡើយ ព្រោះ​នៅ​ឆ្នាំ​២០១៦ ប្រេ​ស៊ី​ល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អូឡាំពិក​ផង​។​

យ៉ាងណាក៏ដោយ បើតាម​អ្នកស្រាវជ្រាវ ស្ថានភាព​សេដ្ឋកិច្ច​ដើរតួនាទី​សំខាន់​ណាស់​។ ប្រសិនបើ​លោកស្រី​ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ អាច​ស្តារ​សេដ្ឋកិច្ច​ប្រេ​ស៊ី​ល​បាន នោះ​រឿងអាស្រូវ​ទាំងឡាយ​នឹងត្រូវ​សាបរលាប​ហើយ​។ ប្រវត្តិសាស្ត្រ​ប្រេ​ស៊ី​លអាច​បញ្ជាក់បាន រឿងអាស្រូវ​ធំ​ប៉ុណ្ណា​ក៏​អាច​ក្លាយទៅជា​តូច​សាមញ្ញ​ដែរ​បើ​សេដ្ឋកិច្ច លូតលាស់​ផ្តល់​ផល​ល្អ​។ ពេលវេលា​ខាងមុខ​ជា​អ្នកសម្រេច ៕RFI

Bresil-manifesពលរដ្ឋ​ប្រេ​ស៊ី​ល​ជាង​មួយ​លាន​នាក់ ធ្វើបាតុកម្ម​នៅ​ដង​រុក្ខវិថី Paulista ក្រុង Sao Paulo ដើម្បី​ប្រឆាំងនឹង​អំពើពុករលួយ​