កម្ពុជា ចុះ​កិច្ចព្រមព្រៀង​នាំចេញ​កសិផល​ទៅ​ចិន និង​ជប៉ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2018 ក+ ក-

​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​ជម្រុញ​អោយ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ប្រែក្លាយជា​ផលិតផល​នាំចេញ​នោះ ក្រុមហ៊ុន​ចំនួន​បី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា កាល​ពីស​ប្តា​ហ៌​មុន ដើម្បី​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ដូចជា​ផ្លែស្វាយ ចេក និង​ម្រេច ដើម្បី​កែច្នៃ និង​វេច​ខ្ចប​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដូចជា ជប៉ុន និង​ចិន ជាដើម ៖ V.O៖ នៅក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ ក្រុមហ៊ុន​ចំនួន​បី រួមមាន ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន​, ក្រុមហ៊ុន Chaintope របស់​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Cambodia golf and country club co.ltd របស់​កម្ពុជា បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ ក្រុមហ៊ុន​នឹង​រៀបចំ​រោងចក្រ​សម្រាប់​ក្លាសេ រួម​និង​នាំចូល​ម៉ាស៊ីន​សម្លាប់​មេរោគ ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់ ចុះបញ្ជី​ម៉ាក​យីហោ ព្រមទាំង​បង្កើត​ធនាគារ​កសិកម្ម ដើម្បី​ផ្តល់​កម្ចី​ដល់​កសិករ ។ កន្លងមក​ផលិតផល​ផ្លែឈើ​កម្ពុជា ដូចជា ស្វាយ ចេក និង​ស្វាយចន្ទី​ជាដើម​នោះ បានត្រឹមតែ​លក់​នៅក្នុង​ប្រទេស​ថៃ វៀតណាម​ប៉ុណ្ណោះ ហេតុនេះ​ទើប​ក្រុមហ៊ុន​ទាំងបី​សហការគ្នា​ក្នុងការ​កែច្នៃ ដើម្បី​ឈាន​នាំ​ចេញទៅ​ប្រទេស​អាមេរិក អឺរ៉ុប ចិន និង​ជប៉ុន ក៏​ដូច​ដូចជា​ប្រទេស​ផ្សេងទៀត ។ ក្រុមហ៊ុន Cambodia golf and country club co.ltd របស់​កម្ពុជា បញ្ជាក់ថា បន្ទាប់ពី​មានការ​សហការ​ពី​ក្រុមហ៊ុន​ចិន និង​ជប៉ុន​នេះ នឹងធ្វើ​ឱ្យ​កសិផល​របស់​កម្ពុជា មានការ​កើនឡើង និង​មាន​ទីផ្សារ​ធំធេង​នៅក្នុង​សកលលោក ។ ចំណែក ក្រុមហ៊ុន Digital Agriculture Exchange របស់​ប្រទេស​ចិន ក៏បាន​បញ្ជាក់ដែរថា ផលិតផល​កសិកម្មរ​បស់​កម្ពុ​ជាមាន​គុណភាព​ល្អ គ្រាន់តែ​គ្មាន​ម៉ាក​ផលិតផល​ដែល​ពិភពលោក​ទទួលស្គាល់​។ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​នឹង​ជួយ​ដល់​អោយ​ផលិតផល​កសិកម្ម​កម្ពុ​ជាមាន​ការទទួលស្គាល់​ក្នុង​ទីផ្សារ​អន្តរជាតិ ។ ជំហាន​ដំបូង គម្រោង​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា នឹង​នាំ​ចេញទៅ​ប្រទេស​ជប៉ុន និង​ចិន បន្ទាប់មក​នឹងធ្វើ​ការនាំ​ចេញទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដោយ​ប្រមូល​ទិញ​ពី​ខេត្តកំពង់ស្ពឺ​ក្នុងដំណាក់កាល​ដំបូង​នេះ ។ ទន្ទឹមនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា នឹង​ជួយ​គាំទ្រ ក្នុង​គម្រោង​អភិវឌ្ឍ​ន៌ និង​ការនាំចេញ ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​នេះ​។ ក្រសួងកសិកម្ម​បានស្នើ​អោយ អ្នកទិញ ឬ​អ្នក​កែច្នៃ ត្រូវមាន​ភាពស្មោះត្រង់​នឹង​គ្នា ទើប​អាច​ឈានទៅរក​ភាពជោគជ័យ​រួមគ្នា​៕