ក្រុងប៉ារីស​ដាក់​កម្រិត​ការប្រើ​រថយន្ត​ផ្ទាល់ខ្លួន​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិយាកាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2015 ក+ ក-

ប៉ារីស៖​ ប្រឈមមុខ​នឹង​កម្រិត​ខ្ពស់​នៃ​សារធាតុពុល​ក្នុង​បរិយាកាស​ក្នុង​ក្រុង ប៉ារីស អស់​រយៈពេល ៧​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងទៅនេះ អាជ្ញាធរ​បារាំង​បានសម្រេច​ចាត់វិធានការ​ដ៏ កម្រ គឺ​ដាក់​កម្រិត​ការធ្វើ​ចរាចរណ៍​នៃ​យានយន្ត​ផ្ទាល់ខ្លួន នៅក្នុង​ក្រុងប៉ារីស ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លាស់គ្នា គឺ​យានយន្ត​ដែលមាន​ស្លាក​លេខ​សេស​អាចធ្វើ​ដំណើរ​នៅ​ថ្ងៃ​សេស ហើយ​យានយន្ត​ដែលមាន​ស្លាក​លេខ​គូ​អាចធ្វើ​ដំណើរ​នៅ​ថ្ងៃ​គូ​។ វិធានការ​នេះ​បាន​ចូល​ជា​ធរមាន​ចាប់​តាំងពីព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​។​

​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ មានតែ​យានយន្ត ដែល​ពាក់​ស្លាក​លេខ​សេស​តែប៉ុណ្ណោះ ដែល​អាចធ្វើ​ដំណើរ​ក្នុង​ក្រុងប៉ារីស និង​តំបន់​ជាយក្រុង​ប៉ារីស​បាន ដោយសារតែ​ថ្ងៃនេះ គឺជា​ថ្ងៃទី​២៣​មីនា ដែលជា​ថ្ងៃ​សេស​។ វិធានការ​នេះ​ត្រូវបាន​ដាក់​ទៅលើ​គ្រប់​ប្រភេទ​យានយន្ត​ទាំងអស់ ទាំង​រថយន្ត​តូច ធំ និង​ទាំង​ម៉ូតូ លើកលែងតែ​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី យានយន្ត​ដែលមាន​មនុស្ស​ជិះ​ចាប់ពី​៣​នាក់​ឡើងទៅ និង​យានយន្ត​ដែល​បម្រើការ​សេវាសាធារណៈ​។​

ប៉ូលិស​ចំនួន ៧៥០​នាក់ ត្រូវបាន​គេ​ដាក់ពង្រាយ​នៅតាម​ច្រក​សំខាន់ៗ ដើម្បី​ធានា​នូវ​ការអនុវត្ត​វិធានការ​នេះ ហើយ​អ្នក​ដែល​ប្រព្រឹត្តល្មើស​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២២​អឺរ៉ូ ព្រមទាំង​តម្រូវ​ឲ្យ​ធ្វើដំណើរ​ត្រឡប់ក្រោយ​វិញ​។​

​ដើម្បី​ជា​ថ្នូរ​នឹង​ការហាមឃាត់​ការប្រើ​យានយន្ត​ផ្ទាល់ខ្លួន​នេះ អាជ្ញាធរ​ក្រុងប៉ារីស​បាន​បើក​ឲ្យ​អ្នកដំណើរ​អាច​ប្រើប្រាស់​ដោយ ឥតគិតថ្លៃ នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ រួមមាន រទេះភ្លើង និង​រថយន្តក្រុង ជាដើម​។ កន្លែង​ចត​រថយន្ត ដែល​ធម្មតា​ត្រូវ​បង់ថ្លៃ ក៏ត្រូវ​បាន​បើក​ឲ្យ​ចត​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​នៅពេល​រសៀល​នេះ អាជ្ញាធរ​ទទួលបន្ទុក​វាស់​កម្រិត​ពុល​ក្នុង​បរិយាកាស​ក្រុងប៉ារីស​នឹង ចេញផ្សាយ​តួលេខ​ថ្មី​មួយទៀត សម្រាប់​ថ្ងៃ​ចន្ទ ហើយ​ប្រសិនបើ​សារធាតុពុល​នៅក្នុង​បរិយាកាស នៅតែមាន​កម្រិត​ខ្ពស់ ការតម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លាស់គ្នា​នឹងត្រូវ​បន្តធ្វើ​។

ក្នុងករណីនេះ ដល់​វេន​យានយន្ត​ដែលមាន​ស្លាក​លេខ​គូ​វិញ​ម្តង ដែលមាន​សិទ្ធិ​ធ្វើ​ចរាចរណ៍ នៅ​ថ្ងៃស្អែក ដែលជា​ថ្ងៃ​គូ​។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បារាំង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន បារាំង AFP កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​ថា វិធានការ​ធ្វើចរាចរ​ណ៍​ឆ្លាស់គ្នា​នេះ​នឹងមិន​ត្រូវ​បន្តធ្វើ​នៅ​ថ្ងៃស្អែក នេះ​ទេ ដោយសារតែ​កម្រិត​សារធាតុពុល​ក្នុង​បរិយាកាស​នឹងត្រូវ​ថយ​ចុះ​មកវិញ​។​

​គួរ​រំឭក​ឡើងវិញ​ថា ការកំណត់​ឲ្យ​យានយន្ត​ធ្វើ​ចរាចរណ៍​ឆ្លាស់គ្នា​នេះ គឺជា​វិធានការ​ដ៏​កម្រ ដែល​ធ្លាប់​ត្រូវបាន​ដាក់ចេញ​តែ ២​លើក​ប៉ុណ្ណោះ កាលពីពេល​កន្លងមក គឺ​លើក​ទី​១ កាលពី​ឆ្នាំ​១៩៩៧ និង​លើក​ទី​២ កាលពី​ខែមីនា ឆ្នាំ​២០១៤៕rfi

2015-03-vvចរាចរណ៍​នៅលើ​ផ្លូវ​ក្រវាត់​ក្រុងប៉ារីស ជាមួយនឹង​ស្លាក​សញ្ញា​សរសេរថា “​យានយន្ត​ពាក់​ស្លាក​លេខ​គូ ហាម​ធ្វើ​ចរាចរណ៍​”