ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Samiuela T.Tukuafu នាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងចំនួន៣ ដែលមានទឹកប្រាក់សរុបប្រមាណ ១៨០ លានដុល្លារអាមេរិកដែលគម្រោងទាំង៣នោះរួមមាន៖ ១) គម្រោងកែលម្អបណ្តាញផ្លូវជាតិ, ២)គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ហិរញ្ញប្បទានបន្ថែម), និង ៣) គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត ។
បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា៖ ចំពោះគម្រោងកែលម្អបណ្តាញផ្លូវជាតិ គ្រោងចំណាយថវិកាសរុបចំនួនប្រមាណ ៧៦,៩៤ លានដុល្លារអាមេរិកសម្រាប់កែលម្អកំណាត់ផ្លូវជាតិលេខ ១ និងលេខ ៦ ប្រវែងប្រមាណ ១៤៧ គ.ម ក្នុងគោលដៅចូលរួមសម្រេច គោលនយោបាយអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង ។
រីឯគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត គ្រោងចំណាយថវិកាសរុបប្រមាណ ១១៩លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ១០ លានដុល្លារអាមេរិក (មូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួមគ្នា) សម្រាប់បង្កើនការ ផ្តល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរស់នៅតាមទីប្រជុំជន និងក្រុងនៅក្នុងខេត្តបាត់ដំបង, កំពង់ចាម, ព្រះសីហនុ និងសៀមរាប ដើម្បីចូលរួមសម្រេច យុទ្ធសាស្ត្រ ជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥។ ចំណែកគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ហិរញ្ញប្បទានបន្ថែម) គ្រោងចំណាយថវិកាសរុបចំនួនប្រមាណ ៦៦ លានដុល្លារអាមេរិក សម្រាប់កែលម្អលក្ខខណ្ខសេដ្ឋកិច្ច-សង្គម និងការរស់នៅរបស់កសិករខ្នាតតូចចំនួន ៦៥ម៉ឺនគ្រួសារ ក្នុងឃុំគោលដៅ ចំនួន ២៧១ នៃខេត្តចំនួន ៧ ជុំវិញបឹងទន្លេសាប ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ។
បន្ថែមទៅនឹងគោលដៅខាងលើ គម្រោងទាំង៣នេះ សុទ្ធតែមានគោលដៅរួម គឺការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនទាំងនៅទីប្រជុំជន និងទាំងនៅជនបទ ។
លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនា គារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងទាំង៣ខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕