ភ្នំពេញ ៖ ដូចទៅនឹងការគ្រោងទុក កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នឹងត្រូវចាប់ផ្តើមនារសៀលថ្ងៃទី១០ ខែមករានេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដែលនឹងមានវត្តមានចូលរួមពីបណ្តាមេដឹកនាំប្រទេសជាសមាជិកទាំង៦ គឺចិន ថៃ ឡាវ កម្ពុជា វៀតណាម និងមីយ៉ានម៉ា។
នៅមុនពេលកិច្ចប្រជុំដ៏សំខាន់នេះចាប់ផ្តើមប្រារព្វធ្វើក្នុងប្រទេសកម្ពុជា លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានបញ្ជាក់បន្ថែមអំពីអត្ថន័យ និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ តាមរយៈប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមករា ដោយបានដាក់ចំណងជើងថា សង់ស្ពាននិងក្រាលផ្លូវដើម្បីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនិងចំណងមេត្រីភាពចិននិងកម្ពុជា។
នៅក្នុងខ្លឹមសារនោះ លោក លី ខឺឈាំង ចាត់ទុកថា ស្ពាននិងផ្លូវថ្នល់ ដែលប្រទេសចិនបានជួយកសាងច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ស្ពានមិត្តភាពរវាងប្រជាជនចិននិងកម្ពុជា។ ឯផ្លូវដែលល្អបំផុតជាការពិតណាស់គឺផ្លូវរួមគ្នាអភិវឌ្ឍរវាង ប្រទេសចិន និងកម្ពុជា។ បន្ថែមពីនេះ ចំពោះការមកដល់ប្រទេសកម្ពុជានាពេលនេះ លោក លី ខឺឈាំង បានបញ្ជាក់ថា គឺក្នុងគោលបំណងដើម្បីបន្តសាងសង់ស្ពាន និងក្រាលផ្លូវបែបនេះ តទៅទៀត។ លោក លី ខឺឈាំង ក៏បានលើកឡើងដែរថា ស្ថិតក្នុងខួបទី៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងកម្ពុជា ក្នុងឆ្នាំ២០១៨នេះ ប្រជាជន និងប្រទេសចិន មើលឃើញថា កម្ពុជាគឺជាប្រទេសមួយដែលញ៉ាំងឲ្យប្រទេសទាំងពីរមានភាព ស្និទ្ធស្នាលជាអនេក ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ លើកដំបូងកាលពីឆ្នាំ ២០១៦ បានដាក់ចេញនូវគម្រោងដំណាក់កាលដំបូងចំនួន ៤៥ ដែលពេលនេះគម្រោងទាំងនេះកំពុងដំណើរការទៅតាមផែនការ ក្នុងហិរញ្ញប្បទានពិសេសនៃកិច្ចសហការផ្នែកសមត្ថភាពផលិតដែលមានតម្លៃ៥០០០ លានដុល្លារអាមេរិក។
មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គគ្រោងនឹងផ្តល់ការគាំទ្រលើគម្រោងចំនួន ១៣២ ដែលលើកឡើងដោយប្រទេសទាំង ៦ ដើម្បីបង្កើតជាល្បឿនឡានឆាង-មេគង្គដែលមានភាពវិវឌ្ឍរីកចម្រើន ជារៀងរាល់ថ្ងៃ រាល់ខែ និង រៀងរាល់ឆ្នាំ ។ ចំណែក ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅក្នុងប្រទេសកម្ពុជាពេលនេះ រំពឹងទុកថានឹងអនុម័តឯកសារសំខាន់ចំនួន៤ ដូចជា ៖
១-សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ២-ផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៨-២០២២ ៣-បញ្ជីរួមនៃគម្រោងកិច្ចសហប្រតិបត្តិការដំណាក់កាលទី២ ៤-របាយការណ៍នៃក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦ ៕