​ប៉ូលីស​សេដ្ឋកិច្ច ចាប សុ​ផា​រិ​ទ្ធ ប្រើ​អំណាច​ខ្លួននិង​ឥទ្ធិពល​លោកអាត់ ខែ​ម ប្រមូល​លុយខ្មៅ​ល្បី​ពេញ​ខេត្តបន្ទាយមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2015 ក+ ក-

​បន្ទាយមានជ័យ​៖​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក ចាប សុ​ផា​រិ​ទ្ធ ត្រូវបាន​គេ​មើលឃើញថា កំពុង​តែមាន​អំនួត​ជាខ្លាំង ថែមទាំង​មានអំណាច​មហិមា​ក្នុងការ​ប្រមូល​លុយខ្មៅ​(​លុយ​ពុករលួយ​)​ពី​ក្រុម ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ទំនិញ​គ្រប់​ប្រភេទ​រួម​និង​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​ថៃ​តាម ច្រករបៀង​ពុករលួយ​ល្បី​ពេញ​ខេត្ត បន្ទាយមានជ័យ​ពោលគឺ​ចាប់តាំងពី​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម វិលត្រឡប់​ទៅធ្វើជា​ស្នងការ​តែម្តង​។​

លោក ចាប សុ​ផា​រិ​ទ្ធ ត្រូវបាន​មន្ត្រីនគរបាល​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ​ចាត់ទុកថា គាត់​មាន​ជំនាញ​ខ្ពស់​ខ្លាំងណាស់​ក្នុងការ​គៀងគរ​ពួក​ឈ្មួញ​រកស៊ី​ទាំងអស់ ដែល​ឆ្លងកាត់​ទឹកដី​ខេត្តបន្ទាយមានជ័យ ឲ្យ​បង់លុយ​តាមរបៀប​ពុករលួយ​មិន​ខ្វល់​ពី​ការរិះគន់ ឬ​ការកែទម្រង់ ហើយ​បទបញ្ជា​របស់​អគ្គស្នងកា​រ នគរបាលជាតិ​ឡើយ​។​

ប្រភព​មួយចំនួន​បាន​ទម្លាយ​ឲ្យ​ដឹងថា លោក ចាប សុ​ផា​រិ​ទ្ធ បានធ្វើ​ការពង្រាយ​មន្ត្រី​នគរបាល​ក្រោម បង្គាប់​របស់ខ្លួន​មិនតិចជាង​២០​នាក់​ឡើយ​ឲ្យ​ចុះ​ស្វែងរក​ផលប្រយោជន៍​ពី ជំនួញ​ខុសច្បាប់ និង​ស្របច្បាប់​នៅ​គ្រប់​ច្រកល្ហក់​តាំងពី​ចំណុច​ច្រកព្រំដែន​កម្ពុជា​-​ថៃ និង​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្នុង​ទឹកដី​ខេត្ត បន្ទាយមានជ័យ​យ៉ាង​ប្រ​សេក​ប្រសាច​បំផុត ដែល​ក្នុង​មួយខែៗ​រក​ចំណូល​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​ក្រុមមន្ត្រី​នគរបាល របស់លោក ចាប សុ​ផា​រិ​ទ្ធ​ប្រមូលបាន​អាច​ខ្ទង់​រាប់សិប​ម៉ឺន​ដុល្លារ​ឯណោះ​។​

ករណីនេះ​គេ​មិនដឹងថា តើ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បានដឹង​ដែរ​ទេ ទើប​បណ្តោយ​ឲ្យ​លោក ចាប សុ​ផា​រិ​ទ្ធ បង្ក​ព្យុះភ្លៀង​ស្រេច​តែ​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ឈ្មួញ​រកស៊ី ខ្លះ​នាំគ្នា​រិះគន់​ទៅលើ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​ថា មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​តួនាទី និង​បទបញ្ជា​របស់​អង្គភាព​។​

ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​ខាងលើនេះ​ដែរ​កន្លងទៅ​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ​មិនបាន​ធ្វើការ​បកស្រាយ​ទៅនឹង​សំណួរ​នេះ​ទេ ដោយ​ណែនាំ​ឲ្យ​ទៅ​សួរ ស្នងការរង​ទទួលបន្ទុក​។​

ដោយឡែក​ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​លោក ឆេន ឈួ​ត បាន​ថ្លែងថា លោក​ពុំ​បានដឹង​ស្អី​ទាំងអស់ រួច​ក៏​បង្វិល​ឲ្យ​ទៅ​សួរ​លោក ចាប សុ​ផា​រិ​ទ្ធ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទើប​ដឹង​ច្បាស់​។​

រីឯ​លោក ចាប សុ​ផា​រិ​ទ្ធ មិនអាច​សុំ​ការពន្យល់​បានទេ ព្រោះ​ទូរស័ព្ទ​ខ​ល​ចូល​ជាច្រើនលើក តែ​គ្មាន​អ្នកទទួល​។​

មានការ​សន្និដ្ឋានថា ទាំង​លោកស្នងការ ស្នងការរង​ទទួលបន្ទុក​ហើយ​និង​លោក ចាប សុ​ផា​រិ​ទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ព្យាយាម​គេច​វះ​មិន ព្រមធ្វើ​ការអត្ថាធិប្បាយ​ចំពោះ​ភាព មិន​ប្រក្រតី និង​ភាព​អសកម្ម​ដែល​កំពុងតែ​ទទួលរង​នូវ​ការរិះគន់​ពី​គ្រប់ទិសទី​នេះ​ទេ ។ ហើយ​បញ្ហា​នេះ​ទាមទារ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក៏ដូចជា​អគ្គ​ស្នងការរង​ទទួលបន្ទុក​មេត្តា​ត្រួត ពិនិត្យមើល​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​គ្រប់គ្រង​ផ្ទាល់​ដោយ​លោក ចាប សុ​ផា​រិ​ទ្ធ ជា​នាយការិយាល័យ ប្រយោជន៍​ធ្វើការ​កែទម្រង់​ក្នុង ជួរ​នគរបាលជាតិ​៕

4751