ភ្នំពេញ ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី, កម្មវិធីរោងចក្រកាន់តែ ប្រសើរនៅកម្ពុជា, អង្គការជីអាយហ្សិត (GIZ) និងអង្គការសូលីដារីធី សេនធ័រ (Solidarity Center) នៅថ្ងៃទី២២ មករា ឆ្នាំ២០១៨នេះសហការគ្នារៀបចំសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធស្តីពីយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ សម្រាប់គាំពារកម្មករនិយោ- ជិតវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង ដែលរំពឹងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើត ឡើងលើកម្មករនិយោជិតនឹងកាត់បន្ថយច្រើនក្រោយបញ្ជ្រៀបការយល់ដឹងទៅដល់ពួកគាត់។
សិក្ខាសាលារៀបចំឡើងនាពេលនេះក្រោមវត្តមានរបស់ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ តំណាងកម្មករ និយោជិត សមាគមរោងចក្រកាត់ដេរ និងអ្នកពាក់ព័ន្ធដទៃផ្សេងទៀតសរុប១០០នាក់។
ប្រធានកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា លោកស្រី អេសធើរ ជឺមែន (Ester Germans) បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សានិងទទួលបានការឯកភាពពីគ្រប់ ស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យនេះទៅលើយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត វិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង និងដើម្បីធ្វើការងារជាមួយនឹងអ្នកពាក់ព័ន្ធដើម្បីស្វែង រកគំនិតយោបល់អំពីរបៀបដាក់ឲ្យមានការអនុវត្តយុទ្ធសាស្ត្រនេះ។
មានប្រសាសន៍ក្នុងពិធីនាឱកាសនោះ លោក អ៊ិត សំហេង បានបញ្ជាក់ថា ខ្លឹមសា ក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិតនៅវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងនេះផ្តោតសំខាន់លើយុទ្ធសាស្ត្រ៤ចំណុចរួមមាន១. ការគ្រប់គ្រងសុវត្ថិភាព ចរាចរណ៍និងគណនេយ្យភាព ២.បង្កើនសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនិងការរៀបចំផែនការ ៣.បង្កើន សុវត្ថិភាពយានជំនិះនិងមធ្យោបាយធ្វើដំណើរ និងទី៤.បង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ។ ដូច្នេះ ការងារនេះប្រព្រឹត្តទៅបានជោគជ័យទាល់តែមានការចូលរួមពិភាក្សាឲ្យបានល្អិតល្អន់ដើម្បីទទួលបាន គំនិតយោបល់ចាំបាច់នានាទៅលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ ទើបអនុវត្តទៅមានប្រសិទ្ធភាព គឺអាចជួយកាត់បន្ថយជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់និងផលិតស្បែកជើងហើយដែលនេះជាកម្មវត្ថុ និងទិសដៅសំខាន់នៃកម្ វិធីសិក្ខាសិលា នៅថ្ងៃនេះ។
យោងតាមរបាយការណ៍ចុងក្រោយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឆ្នាំ២០១៧ មានមនុស្ស ប្រមាណ១.៧៨០នាក់ បានបាត់បង់ជីវិត និងជាង០៥ពាន់នាក់ រងរបួសនៅលើដងផ្លូវក្នុងប្រទេសកម្ពុជា ដោយក្នុងនោះជនរងគ្រោះ៨០% ដែលបានស្លាប់និងរបួសមានពាក់ព័ន្ធនឹងគ្រោះថ្នាក់ដោយទោចក្រយាន យន្ត។
ដោយឡែកទិន្នន័យរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បង្ហាញថា ស្ថាប័ននេះបាន ផ្តល់សំណងដល់កម្មករដែលរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ជាង ៥.៦០០ករណី ក្នុងឆ្នាំ២០១៦ ដែលនាំ ឲ្យមានជនរងគ្រោះចំនួនជាង០៧ពាន់នាក់ ក្នុងនោះ១០៣នាក់បានបាត់បង់ជីវិត។ ក្នុងនោះចំនួន៨០% នៃការទាមទារសំណងពីគ្រោះថ្នាក់ចរាចរណ៍សរុបគឺជាទាមទារសំណងរបស់កម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងហើយក្នុងនោះទាមទារសំណងសម្រាប់ការបាត់បង់ជីវិតមានចំនួន ៤៣នាក់ ក្នុងឆ្នាំ ២០១៦៕ សំអាត