ព្រះសីហនុ៖ មានមតិសាធារណៈជាច្រើនទាំងភ្ញៀវទេសចរជាតិ និង ពលរដ្ឋរស់ខេត្តព្រះសីហនុ ពួកគេបានរិះគន់សកម្មភាពការងារ របស់ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលកន្លងមកហាក់មិនសូវរវល់អើពើ ចំពោះការសរសេរអក្សរបរទេស ពិសេសអក្សរចិន នៅលើផ្ទាំងប៉ាណូ និងស្លាកសញ្ញាផ្សេងៗ នៅលើទីតាំងសំណង់អាគារធំៗ និងទីកន្លែងផ្សេងៗ ដែលមានម្ចាស់ ឬថៅកែជាជនបរទេស រួមមានជនជាតិចិនជាដើម។
លោក សុធី គឺជា ភ្ញៀវ ទេសចរ ក្នុង ស្រុកមក ពីភ្នំពេញ បានផ្តល់បទសម្ភាសដល់អ្នកយកព័ត៌មានប្រចាំខេត្តព្រះសីហនុ អោយដឹងថា៖ លោក បានកត់សម្គាល់ថា ការគ្រប់គ្រងស្លាកសញ្ញាផ្សេងៗ របស់អាជ្ញាធរស្ថាប័នពាក់ព័ន្ធនាមូលដ្ឋាននេះ គឺមិនទាន់បានត្រឹមត្រូវនោះទេ ព្រោះឃើញមានស្លាកផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ទីតាំង សំណង់ សណ្ឋាគារ កាស៊ីណូ ខុនដូ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងផ្សារតូចៗ ឬផ្សាយម៉ាតភាគច្រើន ដែលមានម្ចាស់ ឬថៅកែជាជនបរទេស ពិសេសជនជាតិចិន គឺបានលើកស្លាកសញ្ញា នៅតាមទីតាំងនីមួយៗ ជាអក្សរបរទេស ឬជាអក្សរចិនធំៗ និងមានស្លាកសញ្ញាខ្លះមានសរសេរអក្សរខ្មែរខ្លះដែរតែមានទំហំតូចជាងអក្សរបរទេស និងមានស្លាកសញ្ញាខ្លះទៀត សរសេរជាអក្សរបរទេសសុទ្ធ។
បើទោះជាយ៉ាងនេះក្តី ពលរដ្ឋនិង មន្ត្រីរាជការជាច្រើនរូប នៅខេត្តព្រះសីហនុ បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ឲ្យបន្តសកម្មភាពចុះត្រួតពិនិត្យការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេស ពិសេសអក្សរចិន នៅលើផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ផ្សេងៗ នៅលើសំណង់អាគារ ឬទីកន្លែងនានា ដែលមានថៅកែជាជនបរទេស មានដូចជា៖ ស្លាកសំគាល់ឈ្មោះ កាស៊ីណូ សណ្ឋាគារ ក្លឹបកម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និងទីតាំងមួយចំនួនទៀត ដែលមានម្ចាស់ជាជនបរទេស ឬជនជាតិចិន នាខេត្តព្រះសីហនុឲ្យបានត្រឹមត្រូវឡើងវិញ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ (គ.អ.ឆ.ក)ផងនោះ។ ឯកឧត្តមធ្លាប់បានដឹកនាំមន្ត្រីជំនាញមន្ទីរបរិស្ថាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរសាធារណៈការ មន្ត្រីតំណាងឲ្យមន្ទីរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តក្រុងព្រះសីហនុ បានចុះពិនិត្យការដ្ឋានសំណង់ចំនួន ៤កន្លែងធំៗ នាទីប្រជុំជន ក្រុងព្រះសីហនុ ដើម្បីចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយខ្លឹមសារមួយចំនួន ៣សំខាន់ រួមមាន៖
១. លិខិតលេខ ៣៣២២ ដនស/គអឆក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើ ផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមតំបន់ឆ្នេរ ។
២. លិខិតលេខ ៣៣៩៦ ដនស/គអឆក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីសេចក្តីណែនាំបន្ថែមស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធបណ្តាញលូ។
៣. អនុក្រឹត្យលេខ ២៣៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
កាលណោះ តំណាងក្រសួងស្ថាប័នជំនាញទាំងនោះ ក៏បានណែនាំដល់តំណាងក្រុមហ៊ុនទាំងចិនមួយចំនួន ឲ្យអនុវត្តតាមខ្លឹមសារលិខិតអនុញ្ញាតសាងសង់ សុវត្ថិភាពក្នុងការដ្ឋាន និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលនៅជាធរមាន ឲ្យបានត្រឹមត្រូវ៕