ការជ្រើសរើស​ចំណីអាហារ​បរិភោគ គឺជា​រឿង​សំខាន់​សំរាប់​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2018 ក+ ក-

​ភ្នំពេញ ៖ ការជ្រើសរើស​យក​ចំណីអាហារ ដែលមាន​គុណភាព មាន​អនាម័យ និង​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ មុននឹង​យកមក​បរិភោគ គឺជា​រឿង​សំខាន់ សម្រាប់​សុខភាព ដែល​គ្រប់គ្នា​ត្រូវមាន​ចំណេះដឹង ស្វែងយល់ ពិនិត្យ និង​តាមដាន នូវ​ប្រភព​ចំណីអាហារ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធានាថា មិន​ប៉ះពាល់​ដល់​សុខភាព​។​
​លើកឡើង​នៅក្នុង​ពិធី បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ អំពី សុវត្ថិភាព

ម្ហូបអាហារ និង​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​វិទ្យាល័យ ជាស៊ីម ឈូក​វ៉ា លោក ខៀវ បញ្ញា​វឌ្ឍន៍ គ្រូ​បង្គោល​សុវត្ថិភាព ម្ហូបអាហារ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន អះអាងថា នៅលើ​ពិភពលោក​នេះ គ្មាន​ម្ហូបអាហារ​ណាមួយ ដែល​គ្មាន​សារធាតុ​គីមី​នោះទេ គ្រាន់តែ​ថា សារធាតុ​គីមី​នោះ​កើតមាន​ស្រាប់​ពី​ធម្មជាតិ ឬមួយ​បានមកពី​ការដាក់​បន្ថែម ក្នុង​ដំណាក់​ការផលិត ហើយ​ត្រឹមត្រូវ​តាម​បទដ្ឋាន​កំណត់ ឬ អត់ ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស ដែល​ច្បាប់​ហាមឃាត់​អនុញ្ញាត​ឬ អនុញ្ញាតិ​តែប៉ុណ្ណោះ​។​

​មន្ត្រី​សាខា​កាំកុងត្រូល ផែស្ងួត​ចុង​ទី​-​ភ្នំពេញ រូបនេះ បាន​ថ្លែង​ទៅកាន់​ក្មួយ​សិក្សា​នុ​សិស្ស និង​អ្នកចូលរួម​ថា ហានិភ័យ​នៃ​ម្ហូបអាហារ​មាន​៣ គឺ ហានិភ័យ នៃ​ផ្នែក​អតិសុខុម​ជីវសាស្ត្រ គីមី​សាស្ត្រ និង​កត្តា​រូបវ័ន្ត ហើយ​ក្នុងនោះ​ហានិភ័យ នៃ​ផ្នែក​អតិសុខុម​ជីវសាស្ត្រ បាន​ប្រឈមមុខ​ខ្លាំងជាងគេ នៅលើ​ពិភព​
​លោក​។

លោក​បានឱ្យដឹង​ផងដែ​រថា ដើម្បី​កាត់បន្ថយ និង​ចៀសវៀង​ហានិភ័យ​ទាំងនោះ អ្នកប្រើប្រាស់​ត្រូវអនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន ដូចជា លាងដៃ លាង​បន្លែ ផ្លែឈើ សាច់ សម្ភារៈ​ផ្ទះបាយ ដោយ​ទឹកស្អាត ហើយ​ហូរ ពិសេស ញែក​ឱ្យដាច់ រវាង​បន្លែ និង​ត្រី​សាច់​ឆៅ អាហារ​ឆ្អិន អាហារ​ឆៅ ជ្រុ​ញ កាំបិត ហាន់​បន្លែ និង​ជ្រុ​ញ កាំបិត ហាន់សាច់ សម្ភារៈ​ដាក់​បន្លែ និង​សម្ភារៈ​ដាក់​សាច់​។​
​លោក ខៀវ បញ្ញា​វឌ្ឍន៍​បាន​បន្តទៀតថា សុវត្ថិភាព​ម្ហូបអាហារ​ជា

កត្តា​សំខាន់ ដែល​អ្នក​គ្រប់គ្នា​ត្រូវតែ​ចេះ និង​ដឹង​ឱ្យបាន​គ្រប់គ្នា​។ ព្រោះ​ថាបើ​កង្វះ​ចំណេះដឹង​ផ្នែក​នេះ នឹង​ធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ច គ្រួសារ និង​សេដ្ឋកិច្ច​សង្គមជាតិ បាត់បង់​ធនធានមនុស្ស ប៉ះពាល់​ខ្លាំង ដល់​សុភមង្គល​គ្រួសារ និង​សុខមាលភាព​សង្គម​។​

​ទាក់ទិន​នឹង​ផលប៉ះពាល់​ពី​ម្ហូបអាហារ​នេះដែរ លោក ជា សាវ៉ន មន្ត្រី​កាំកុងត្រូល​សាខា​ផែស្ងួត​ចុង​ទី​-​ភ្នំពេញ​បានឱ្យដឹង​ដែរ​ថា ចំណីអាហារ វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ពិសេស​ចំណីអាហារ​ណា​ដែល​បាន​ប្រើប្រាស់​សារធាតុ​គីមី និង កង្វះ​ចំណេះដឹង​ផ្នែក​ម្ហូបអាហារ ដោយ​គិត​ចាប់ពី កសិដ្ឋាន រហូតដល់​លើ​តុ​អាហារ​។ ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវតែ​យល់ដឹង និង​យកចិត្តទុកដាក់​បំផុត ចំពោះ​សមិទ្ធិផល​ម្ហូបអាហារ​ប្រចាំថ្ងៃ ពោល គឺ​ត្រូវតែ​សម្អាត​ឱ្យបាន​ត្រឹមត្រូវ មុននឹង​យកទៅ​ចំអិន ឬ ទទួលទាន​។

​លោក​បញ្ជាក់ទៀតថា កង្វះ​សារធាតុ​អី​យ៉ូ​ត​ក៏​ជា​រឿង​សំខាន់ ដែល​អាចឱ្យ​មនុស្ស​សត្វ ជួប​បញ្ហា​ជាច្រើន ដូចជា បញ្ហា​ពក​ក បញ្ញា​អន់ គរ​ថ្លង់ ខ្សោយកម្លាំង កាយសម្បទា​លូតលាស់​យឺត ក្រិន ពិសេស​អាច​បណ្តាលឱ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ម្តាយ​។ ក្នុង​ជីវភាព​ប្រចាំថ្ងៃ សារធាតុ​អ៊ីយ៉ូត​៩០% បានមកពី​ការហូប ១០% បានមកពី​ផឹក ហើយ​៨០% ស្ថិតក្នុង​ក្រពេញ​ទី​រ៉ូ​អ៊ី​ត និង​២០% ស្ថិតក្នុង​សិរី​រាង​របស់​មនុស្ស​។ ចៀសវាង​បញ្ហា​ខាងលើ ត្រូវ​បរិភោគ​ឱ្យបាន​ញឹកញាប់ នូវ​អាហារ​សមុទ្រ និង​ប្រើប្រាស់​អំបិល​ដែលមាន​សារធាតុ​អ៊ីយ៉ូត​ជាប្រចាំ​៕