សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើឡើងថា
នៅក្នុងនយោបាយទេសចរណ៍ បើចំណូលមិនបានចូលក្នុងដៃប្រជាពលរដ្ឋជាអតិបរិមារទេនោះ គឺមានន័យថា ការរៀបចំយុទ្ធសាស្ត្រទេសចរណ៍នោះ មិនទាន់បានល្អនោះទេ ។
លោក ថោង ខុន លើកឡើងបែបនេះនៅក្នុងសន្និបាត
បូកសារុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៧ លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់មន្ទីទេសចរណ៍ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈនៅសាលាខេត្តសៀមរាប។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបន្ថែមថា វិស័យទេសចរណ៍កម្ពុជា ត្រូវធ្វើដំណើរដ៏វែងឆ្ងាយសម្រាប់អនាគត ដែលពិភពលោកទាំងមូល បានដាក់ផែនការ ត្រូវយកវិស័យទេសចរណ៍ ជាវិស័យនាំមុខមួយខាងសេដ្ឋកិច្ចនៅឆ្នាំ២០៣០ ។ ដូច្នេះ ដើម្បីអាចឈោងចាប់យកផែនការនេះបាន លុះត្រាតែវិស័យទេសចរណ៍ ត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
រមណីយដ្ឋានអង្គរ ដែលកំពុងស្ថិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនោះ សម្រាប់ទៅថ្ងៃអនាគត គឺរឹតតែមានភាពទាក់ទាញបន្ថែមទៀត ។
លោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ គូសបញ្ចាក់ថា វាពិតជាក្តីសង្ឃឹមសម្រាប់ឆ្ពោះទៅឆ្នាំ២០៣០ ដែលរមណីយដ្ឋានអង្គរមានការគ្រប់គ្រងដោយហ្មត់ចត់ ក្នុងនោះមានអាជ្ញាធរជាតិអប្សរាជាស្នូល និងមានកិច្ចសហការដោយសហគមន៍អន្តរជាតិ ICC – UNESCO និង អង្គការផ្សេងៗទៀតជាដៃគូ អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ច ។ យ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរា បន្តអនុវត្តផែនការរៀបចំតំបន់អង្គរ រក្សានិរន្តរភាពនៃការអភិវឌ្ឍ ទាក់ភ្ញៀវទេសចរ កាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ។
លោក បន្តឲ្យដឹងទៀតថា ក្រុងសៀមរាបគឺជាទីក្រុងបេតិកភណ្ឌ ដែលមិនអាចយល់ឃើញអំពីអ្វីក្រៅពីនេះបានទេ ហើយការអភិវឌ្ឍក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើឲ្យទីក្រុងមួយនេះ ក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញ ជាទីក្រុងបៃតង ។ លោកសង្កត់ធ្ងន់ថា សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រាសាទនិងទីក្រុងបេតិកភណ្ឌ គឺមិនទាន់គ្រប់គ្រាន់នោះទេ តែវាត្រូវមានការធ្វើប្រព្រឹត្តិកម្មទេសចរណ៍គ្រប់ទីកន្លែង បង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញនិងតភ្ជាប់ ទេសចរណ៍ពីតំបន់វប្បធម៌ ទៅតំបន់ឆ្នេរសមុទ្រ អូសបន្លាយរយៈពេលដើរកំសាន្តរបស់ភ្ញៀវបានយូរ ភ្ញៀវចំណាយធំ ហូរចំណូលបានច្រើនចូលក្នុងដៃប្រជាពលរដ្ឋ ៕