ព្រះសីហនុ ៖ ស្របពេលកំណើនភ្ញៀវទេសចរ ទៅកាន់ខេត្តព្រះសីហនុកាន់តែច្រើន និងកំណើនវិនិយោគិនបរទេស ក្នុងទឹកដីខេត្តទេសចរណ៍មាត់សមុទ្រមួយក៏កាន់តែមានសន្ទុះខ្លាំង ការវិនិយោគលើវិស័យអចលនវត្ថុ និងអាជីវកម្មផ្សេងៗ ត្រូវបានគេមើលថាកំពុងតែមានសកម្មភាពសាងសង់ជាបន្តបន្ទាប់ ក្នុងនោះមានដូចជាគម្រោងសង់អគារការិយាល័យ ខុនដូ និងសណ្ឋាគារ ជាដើម ។ ជាក់ស្ដែងគម្រោងសាងសង់សណ្ឋាគារមួយ ដែលមាន៤៥២បន្ទប់ ត្រូវបានប្រកាសសាងសង់ជាផ្លូវការ កាលពីថ្ងៃទី០៥ មីនា ២០១៨ កន្លងទៅនេះ ។
បើតាមលោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុនតាំង គួងគ្រុប និងជាម្ចាស់ភាគហ៊ុនគម្រោងសណ្ឋាគារ ជីង កាន ក្នុងខេត្តព្រះសីហនុបានអោយដឹងថា សណ្ឋាគារជីងកាន ត្រូវបានសាងសង់ឡើង ដោយជាប់ជាមួយនឹងអគារការិយាល័យ និងអគារស្នាក់នៅរួម ។ គម្រោងអគារទាំងនេះ ត្រូវបានចែកចេញជា៤ អគារ មានទំហំសាងសង់សរុប៣២ពាន់៣០៦ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៦ពាន់៦៨១ម៉ែត្រការ៉េ ។
លោកឧកញ៉ាបន្តថាក្រុមហ៊ុនជីងកាន នឹងបង្កើតអោយមានការងារធ្វើជាអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋរហូតដល់១ពាន់នាក់ ដើម្បីជាចំណែកមួយជួយកាត់បន្ថយភាពក្រីក្រ ជួយកសាងប្រទេសជាតិ និងបង្កើតធនធានមនុស្សជាពិសេសនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្ដង ។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកំលាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការ រងកងទ័ពជើងគោក និងជានាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមក្នុងពិធីនោះដែរបានមានប្រសាសន៍ថា សេដ្ឋកិច្ចនៃប្រទសជាតិមួយ អាចមានលំនឹង និងរីកលូតលាស់ទៅបាន គឺអាស្រ័យលើកត្តាច្រើនយ៉ាង ដែលក្នុងនោះវិស័យវិនិយោគឯកជន គឺជាផ្នែកមួយដែលត្រូវតែជំរុញ និងមិនអាចខ្វះបាន ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។ កត្តាទាំងនេះ នឹងមិនអាចកើតឡើងបានដែរ បើសិនជាប្រទេសជាតិធ្លាក់ក្នុងស្ថានភាពអសន្តិសុខ និងបាត់បង់នូវស្ថេរភាពសង្គម ។
លោក បន្តថា ទន្ទឹមនឹងសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងបរិយាកាសល្អប្រសើរ និងប្រកបដោយការប្រកួតប្រជែង កម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសលើ សកលលោកផងដែរ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រដើម្បីធានាធ្វើយ៉ាងណា បង្កឱកាសនិងលទ្ធភាពអំណោយផលគ្រប់យ៉ាង សំដៅភាពលូតលាស់ផ្នែកសេដ្ឋកិច្ចនិងជីវភាពប្រជាជនបានកាន់តែល្អប្រសើរ ។ ជាក់ស្ដែងក្នុងលទ្ធផលនៃការវាយតម្លៃរបស់ធនាគារពិភពលោក កម្ពុជាគឺជាប្រទេសដែលបានជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយ៉ាងសកម្ម ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិធំៗជាច្រើន បាននិងកំពុងវិនិយោគ និងបណ្ដាក់ទុនរកស៊ីលើវិស័យសំណង់ វិស័យកសិកម្ម រោងចក្រ សិប្បកម្មកែច្នៃ ផលិតផលសម្រេច និងពាក់កណ្ដាលសម្រេច វិស័យរោងចក្រកាត់ដេរ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា ក្នុងខេត្តនេះ មានតំបន់សេដ្ឋកិច្ចពិសេសធំៗចំនួន ៣ រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចអ៊ែតវូត ស្រុកស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕