ភ្នំពេញ៖ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលគាំពារផ្នែកសុខភាពបានរកឃើញ ថា ផលិតផលដែលប្រជាពលរដ្ឋកម្ពុជា តែងប្រើប្រាស់ប្រចាំថ្ងៃ គឺមានសារធាតុគីមីខ្ពស់បំផុត ជាពិសេសសារធាតុគីមីទាំងនោះរកឃើញនៅក្នុងបន្លែផ្លែឈើ ត្រីសាច់ និងម្ហូបអាហារគ្រឿងកំប៉ុងដទៃទៀត។
ចំណែកមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងថា បច្ចុប្បន្នកាំកុងត្រូលដែលជាផ្នែកមួយរបស់ក្រសួងពាណិជ្ជកម្ម ដែលតាមដាន និងត្រួតពិនិត្យរឿងជាតិគីមីនេះ កំពុងបង្កើនវិធានការខ្លាំងជាងមុន។
អ្នកឯកទេសជំនាញវិស័យកសិកម្មដែលឃ្លាំមើលយ៉ាងដិតដល់ អំពីគ្រឿងឧបភោគបរិភោគលើបន្លែផ្លែឈើ ត្រីសាច់ ទាំងផលិតផលក្នុងស្រុក និងនាំចូលពីខាងក្រៅ អះអាងថា ផលិតផលទាំងនោះដែលនាំចូលមកកម្ពុជា គឺមានផ្ទុកទៅដោយសារធាតុគីមីរហូតដល់ ៩៥ភាគរយ។
ថ្លែងនៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ មីនា លោក យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាសេដាក (CEDAC) មានប្រសាសន៍ថា វាជារឿងដែលគ្រោះថ្នាក់បំផុតសម្រាប់សុខភាព។ លោកបន្តថា នៅក្នុងបន្លែផ្លែឈើគ្រប់ប្រភេទ គឺសុទ្ធតែមានសារធាតុគីមី ដែលអ្នកផ្គត់ផ្គង់ប្រើប្រាស់វាដើម្បីរក្សាគុណភាពផលិតផលសម្រាប់ទុក ឲ្យបានយូរថ្ងៃ៖ «»។
បើទោះជាបែបនេះក្ដី សម្រាប់អ្នកផ្គត់ផ្គង់បន្លែនៅផ្សារដើមគ ក្នុងរាជធានីភ្នំពេញ ភាគច្រើនបានបដិសេធថា ពួកគេមិនដឹងពីបន្លែផ្លែឈើ ត្រីសាច់មានផ្ទុកដោយសារធាតុគីមីទេ។
អ្នកលក់ឪឡឹកនៅផ្សារដើមគ លោក វង់ វី ឲ្យដឹងកាលពីថ្ងៃទី១៩ មីនា ថា លោកមិនប្រាកដនៅឡើយទេថា នៅក្នុងបន្លែ ឬត្រីសាច់មានជាតិគីមីនោះ។ លោក វង់ វី ទទួលស្គាល់ថា ពិតជាបានដឹងតៗគ្នាថាមានសារធាតុគីមីមែននៅក្នុងបន្លែផ្លែឈើ ត្រីសាច់ ក៏ប៉ុន្តែគេមិនដឹងថា តើត្រូវសម្គាល់ដោយរបៀបណានោះទេ?
លោក យ៉ង សាំងកុមារ បណ្ឌិតផ្នែកកសិកម្ម និងជាប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បង្ហាញតួលេខនៃការស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវកម្ពុជា ដែលរកឃើញពីសារធាតុគីមី ហើយត្រូវបានអ្នកផ្គត់ផ្គង់រក្សាគុណភាពផលិតផល ឲ្យដឹងថា ៦១ភាគរយនៃអ្នកលក់សាច់ប៉ាតេមានប្រើជាតិគីមីប្រភេទបូរ៉ាក់ ឬទឹកអន្សារហូតដល់ ៨០ភាគរយ។ ៦៨ភាគរយនៃគុយទាវសរសៃធំ សរសៃតូច មីសំប៉ែត មីពងទា មានសិប្បកម្ម ១៣ទីតាំងហើយដែលប្រើសារធាតុគីមី ក្នុងចំណោម ១៩កន្លែងនៃការស្រាវជ្រាវដែលរកឃើញថា បានប្រើប្រាស់គីមី។
ចំណែកមឹក និងគ្រឿងសមុទ្រមួយចំនួនទៀតប្រមាណ ៧៣ភាគរយ ត្រូវបានគេប្រើជាតិគីមីខ្ពស់ជាងគេ ដើម្បីរក្សាគុណភាព។ ក្រៅពីនេះនៅមានជ្រក់ស្ពៃជាដើម អត្រាដែលប្រើសារធាតុគីមីប្រមាណ ៧ភាគរយ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ដឹងតាមរយៈវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ មីនា ថា ការប្រើផលិតផលដែលមានផ្ទុកដោយសារធាតុគីមីនេះមានផលប៉ះពាល់យ៉ាង ខ្លាំងចំពោះសុខភាពអ្នកប្រើប្រាស់។ លោកបន្តថា បើម្ហូបអាហារបន្លែត្រីសាច់ ឬគ្រឿងឧបភោគបរិភោគដទៃទៀតមានជាតិគីមីខ្ពស់ អាចធ្វើឲ្យអ្នកប្រើប្រាស់ឃើញលទ្ធផលភ្លាមៗតាមរយៈក្អួតចង្អោរ ឬរាករូសជាដើម៖ «»។
បន្លែផ្លែឈើ ត្រីសាច់ ត្រូវបានគេនាំចូលពីប្រទេសវៀតណាម ក្នុងមួយថ្ងៃៗជាច្រើនគីឡូក្រាម។ គ្រឿងប្រើប្រាស់ទាំងនេះ ភាគច្រើនមានផ្ទុកដោយសារធាតុគីមី ដើម្បីរក្សាគុណភាពផលិតផលទុកបានយូរថ្ងៃ។ អ្នកប្រើប្រាស់បានអះអាងថា ពួកគេដឹងថា បន្លែ និងម្ហូបអាហារដែលពលរដ្ឋកម្ពុជា ប្រើប្រាស់សព្វថ្ងៃ ហើយមានជាតិគីមី គឺត្រូវបាននាំចូលពីប្រទេសវៀតណាម។
ចូលរួមនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ពីខេត្តត្បូងឃ្មុំ លោក ស៊ូ យាន បានលើកជាសំណួរថា តើក្នុងករណីផលិតផលមានផ្ទុកសារធាតុគីមីដែលជួយទ្រទ្រង់បន្លែ
ផ្លែឈើ ឲ្យនៅស្រស់បានយូរ តើមានផលប៉ះពាល់សុខភាពកម្រិតណា៖ «»។
លោកបណ្ឌិត យ៉ង សាំងកុមារ ពន្យល់ថា ការព្យាយាមប្រើប្រាស់ផលិតផលដែលមានសារធាតុគីមី នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ លោកបន្តថា មានពេលខ្លះអាចបណ្ដាលឲ្យអ្នកប្រើប្រាស់ក្អួតចង្អោរ ធ្វើទុក្ខភ្លាមៗ។ រឹតតែជះឥទ្ធិពលខ្លាំងមែនទែនបើសិនសារធាតុគីមីនោះមានកម្រិត ខ្ពស់ អាចបណ្ដាលឲ្យអ្នកប្រើប្រាស់កើតមហារីកថែមទៀតផង៖«»។
អ្នកជំនាញផ្នែកវិស័យកសិកម្ម រកឃើញថា គ្រឿងប្រើប្រាស់ប្រចាំថ្ងៃនៅតាមទីផ្សារមានបន្លែ ត្រីសាច់ គឺពោរពេញដោយសារធាតុគីមី។ មានផលិតផលជាច្រើនដើម្បីរក្សាគុណភាពទុកឲ្យបានយូរថ្ងៃ អ្នកផ្គត់ផ្គង់ត្រូវបង្ខំចិត្តប្រើជាតិគីមីនៅក្នុងបន្លែ ឬត្រីសាច់ ជាដើម។ គ្រោះថ្នាក់សម្រាប់សុខភាពដោយការប្រើសារធាតុគីមីនេះ ត្រូវបានអ្នកជំនាញផ្នែកវិស័យកសិកម្មបញ្ជាក់ថា ផលិតផលដែលមានផ្ទុកដោយជាតិគីមីនេះ គឺមិនត្រឹមតែរបស់នាំចូលពីក្រៅនោះទេ ក៏ប៉ុន្តែសម្រាប់ការផលិតក្នុងស្រុកវិញ ក៏ព្យាយាមប្រើប្រាស់ខ្លាំងណាស់ដែរ។
លោក យ៉ង សាំងកុមារ ឲ្យដឹងថា សាច់ បន្លែផ្លែឈើ ត្រី រហូតដល់របស់ក្រៀមមានត្រីងៀត ផ្អកប្រហុក ជាដើម គឺមានផ្ទុកទៅដោយសារធាតុគីមីរហូតដល់ ៩៥ភាគរយ។
ទាក់ទងបញ្ហានេះដែរ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា អះអាងថា ស្ថាប័នជំនាញរបស់រដ្ឋ គឺកាំកុងត្រូលដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម ព្យាយាមរឹតបន្តឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់បានល្អជាងមុន។
បើទោះជាមានការអះអាងបែបនេះក៏ដោយចុះ ក៏សង្កេតឃើញថា ជាតិគីមីដែលមាននៅក្នុងបន្លែផ្លែឈើ នៅតែមានកម្រិតខ្ពស់ដូចមុន ហើយអ្នកប្រើប្រាស់កំពុងប្រឈមចំពោះមុខកាន់តែធ្ងន់ធ្ងរថែមទៀត។ កាលពីចុងខែមីនា កន្លងទៅនេះនៅខេត្តសៀមរាប ប្រជាពលរដ្ឋជិត ១ពាន់នាក់ ពុលនំប៉័ងប៉ាតេ។ ការសង្ស័យជាបឋមសន្និដ្ឋានថាទំនងជានំបុ័ងអាចមានជាតិគីមី ឬនៅក្នុងបន្លែមានសារធាតុគីមី។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធ សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ទម្លាក់កំហុសក្នុងរឿងនេះថាជាបន្ទុករបស់អាជ្ញាធររដ្ឋ។ លោកថ្លែងបន្តថា រដ្ឋាភិបាលហាក់មើលរំលងអំពីសុខភាពរបស់ប្រជាជន ដែលកំពុងប្រើប្រាស់ផលិតផលប្រចាំថ្ងៃដែលមានសារធាតុគីមី ហើយជាតិគីមីនៅក្នុងម្ហូបអាហារនេះ កំពុងតែបំផ្លាញសុខភាពរបស់ប្រជាជនដោយមិនដឹងខ្លួនពីមួយថ្ងៃទៅ មួយថ្ងៃ។
លោក ស ម៉ូរ៉ា យល់ឃើញថា ដោយសារតែរដ្ឋាភិបាលបណ្ដោយឲ្យមានអំពើពុករលួយតាមរយៈការនាំចូល នេះហើយ ដែលជាមូលហេតុចម្បងជំរុញឲ្យមានជាតិគីមីកើនឡើងកាន់តែខ្ពស់ទៅៗ នៅក្នុងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ៖ «»។
ចំណែកមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា ទទួលស្គាល់ថា ប្រហែលជាអាចមានជាតិគីមី។ លោកបន្តថា ថ្វីត្បិតកាំកុងត្រូល គឺជាផ្នែកមួយនៃក្រសួងពាណិជ្ជកម្ម ក៏ពិតមែន ក៏ជាការទទួលខុសត្រូវមានជាប់ទាក់ទិនទៅស្ថាប័នផ្សេងទៀតរបស់រដ្ឋ ដែរ។ លោកបន្តថា រហូតមកដល់ពេលនេះ រដ្ឋនៅមិនទាន់បានកំណត់ជាគោលការណ៍រួមមួយ ដើម្បីត្រួតពិនិត្យបញ្ហាជាតិគីមីនេះនៅឡើយទេ។ បើទោះជាបែបណា លោក កែន រដ្ឋា អះអាងថា ស្ថាប័នជំនាញរបស់រដ្ឋកំពុងតែជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការធានាពីសុខុមាលភាពជូនប្រជាពលរដ្ឋ៖ «»។
បើទោះជាបែបណា ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលនៅតែពុំមានយន្តការដើម្បីត្រួតពិនិត្យផលិតផល ដែលមានផ្ទុកដោយសារធាតុគីមីឲ្យបានត្រឹមត្រូវនៅឡើយទេ។ ម្យ៉ាង គួបផ្សំកម្រិតជំនាញរបស់មន្ត្រីដែលទទួលបន្ទុកលើផ្នែកនេះ នៅមានកម្រិតថែមទៀតនោះ៕rfa//
អាជីវកររៀបចំដាក់លក់បន្លែនៅផ្សារមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ២៥ វិច្ឆិកា ២០០៨។