ចៅក្រម​តុលាការ​ភ្នំពេញ​សម្រេច​ពិន័យ​និង​ដកហូត​សា​ឡង់​បូម​ខ្សាច់​៦​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​ករណី​មនុស្ស ១០​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​បូម​ខ្សាច់​ក្នុង​ទន្លេមេគង្គ ទន្លេចតុមុខ ទន្លេបាសាក់ ដែល​ប្ដឹង​ដោយ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ ចៅក្រម​សាលាដំបូង សម្រេច​ផាកពិន័យ និង​ដកហូត​សា​ឡង់​ម៉ាស៊ីន​បូម និង​ទូក​សរុប ៦​គ្រឿង ដែល​ចាប់បាន​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ដើមខែ​មេសា ឆ្នាំ​២០១៥ រក្សាទុក​ដើម្បី​បន្ត​ការស៊ើបអង្កេត​។​

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មុំ មុនី​សោភា នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៥ ប្រកាស​សម្រេច​ដកហូត​សា​ឡង់ និង​ទូក ដែលជា​ឧបករណ៍​បូម​ខ្សាច់​ក្នុង​ទន្លេមេគង្គ ទន្លេចតុមុខ និង​ទន្លេបាសាក់ ហើយ​ពិន័យ​ជា​ប្រាក់​ដល់​ម្ចាស់​សា​ឡង់ ម្ចាស់​ទូក និង​កម្មករ​ម្នាក់ៗ ៦០​ម៉ឺន​រៀល ប្រហែល ១៥០​ដុល្លារ ក្នុង​បទ​ចោទ​ល្មើស​បូម​ខ្សាច់​ក្នុង​ទន្លេ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។​

​នេះ​ជា​ករណី​ទី​១​ហើយ​ដែល​ក្រសួង​រ៉ែ និង​ថាមពល ចាប់​ជនល្មើស​បូម​ខ្សាច់​គ្មាន​អាជ្ញាប័ណ្ណ បញ្ជូនទៅ​តុលាការ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​ភារកិច្ច​ជូន​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​អនុវត្ត​ពង្រឹង​សេចក្តីសម្រេច​លេខ​២០​សសរ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥​។​

ជនល្មើស​ជា​ម្ចាស់​សា​ឡង់​ឈ្មោះ ជាវ គុយ​ហាវ ហៅ ស្រូ​យ ឲ្យ​ដឹងថា គាត់​គ្មាន​អាជ្ញាប័ណ្ណ​ទេ ប៉ុន្តែ​គាត់​មាន​សា​ឡង់​តម្លៃ ១០​ម៉ឺន​ដុល្លារ ដែល​បូម​ខ្សាច់​បាន​ជាង ១០០​ម៉ែត្រគូប​ក្នុង​ម្តង​។ លោក​ថា គាត់​ត្រូវ លោកស្រី យឹម ឆៃលី ផ្តល់​ប្រេង ហើយ​សុំ​ឲ្យ​គាត់​ជួយ​បូម​ខ្សាច់​ទប់​ច្រាំង​ដី​បា​ក់នៅ​កោះនរា​។ លោក​មិនបាន​កម្រៃ​ពី​ការជួល​បូម​ខ្សាច់​នោះទេ​។ លោក​ក៏​មិនដឹងថា បាន​ប្រព្រឹត្ត​បទល្មើស​នោះដែរ ស្រាប់តែ​ថ្ងៃទី​២ ខែមេសា មន្ត្រី​ក្រសួង​រ៉ែ និង​អាវុធហត្ថ ចុះ​ចាប់គាត់ រួមទាំង​កម្មករ និង​សា​ឡង់ ហើយ​ឃុំ​ពីរ​យប់ ទើប​បញ្ជូនមក​សាលាដំបូង​បើកសវនាការ​ពេលនេះ​៖ «​ឃើញ បាក់​ច្រាំង​ពេក​ទៅ លោកជំទាវ​គាត់​ក៏​លោក​ជួយ​ជា​ប្រេង ឲ្យ​យើង​បូម​ឲ្យ​ទៅណា ខ្ញុំ​ក៏​ជា​កូនចៅ​គាត់​ដែរ​ហ្នឹង​។ អាហ្នឹង​យើង​ជួយ​គាត់​បូម​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​បូម​មួយរយៈ​កាល អស់​ចំនួន​បាវ​ប្រហែលជា​ពី ៣០០​ជាង​ទៅ ៤០០​បាវ​ទេ​»​។​

​ក្នុង​សវនាការ​នោះដែរ ម្ចាស់​ទូក​បូម​ខ្សាច់ លោក គង់ ធារ៉ា ឲ្យ​ដឹងថា ទូក​គាត់​បូម​ម្តង​បាន​ខ្សាច់ ៨០​ម៉ែត្រគូប​។ លោក​អះអាងថា ត្រូវបាន លោកស្រី យឹម ឆៃលី ជួល​ឲ្យ​ច្រក​ខ្សាច់​ចូល​បាវ និង​ឲ្យ​កម្មករ​ឈ្មោះ ម៉ៅ កុយ ហៅ ពៅ កម្មករ ជៀង យិន និង​កម្មករ ទ្រឿ​ង ភី លើក​បាវ​ខ្សាច់​ដាក់​ទប់​ច្រាំង​កោះនរា​៖ «​ច្រក​បាវ​ទប់​ច្រាំង​កុំ​ឲ្យ​បាក់​ដី មក​ខាង​ច្បារអំពៅ កោះនរា​»​។​

មិនអាច​ទាក់ទង លោកស្រី យឹម ឆៃលី ដែល​ម្ចាស់​សា​ឡង់ និង​ម្ចាស់​ទូក​ទម្លាក់កំហុស​ដាក់​នោះ ដើម្បី​សុំ​ការបំភ្លឺ​តប​បានទេ នៅ​ថ្ងៃទី​៤ ខែមេសា​។​
​នៅក្នុង​សវនាការ​នោះ​មាន​ចែកជា​ពីរ​ក្រុម គឺ​មួយក្រុម​មាន​ខ្មែរ និង​កម្មករ​វៀតណាម ចំនួន ៥​នាក់ រីឯ​មួយក្រុម​ទៀត​មាន ៥​នាក់​ដែរ ចេះ​ស្តាប់ និង​និយាយ​តែ​ភាសា​វៀតណាម ហើយ​អះអាងថា​រស់នៅ​ប្រទេស​កម្ពុជា យូរហើយ​។ ពួកគេ​បាន​បូម​ខ្សាច់​ក្នុង​ទន្លេ​នៅ​អរិយ​ក្សត្រ និង​ច្បារអំពៅ​។ ក្រុម​វៀតណាម នោះ តុលា​ការមិន​អនុញ្ញាត​ឲ្យ​អ្នកយកព័ត៌មាន​ចូល​ស្តាប់​ក្នុង​សវនាការ​ទេ​។​

ពាក់ព័ន្ធ​ករណី​អ្នក​លួច​បូម​ខ្សាច់​ក្នុង​ទន្លេ​នេះ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិ​ត ទីណា ឲ្យ​ដឹងថា ក្រសួង​នេះ​ជាដើម​បណ្ដឹងរដ្ឋប្បវេណី និង​ជា​អ្នក​បង្ក្រាប​បទល្មើស នៅ​យប់​ថ្ងៃទី​១ និង​ថ្ងៃទី​២ ខែមេសា​។ ក្នុងការ​ល្បាត​នៅ​ពេលយប់​ភ្នំពេញ ចាប់បាន​កម្មករ និង​ម្ចាស់​អាជីវកម្ម​សរុប ១០​នាក់ និង​សា​ឡង់ និង​ទូក ៣​គ្រឿង​។

លោក​បន្តថា ពីរ​ថ្ងៃ​នេះដែរ​នៅ​ខេត្តកណ្ដាល អាជ្ញាធរខេត្ត​ចាប់បាន​ទូក និង​សា​ឡង់​សរុប ៣​គ្រឿង​ទៀត ដែល​ល្មើស​បូម​ខ្សាច់​ក្នុង​ទន្លេ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ជ្រៃ​ធំ ក្នុងស្រុក​កោះធំ និង​ការ​លួច​បូម​ខ្សាច់​ទន្លេ​នៅ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។ លោក​បន្តថា សរុប​ករណី​បង្ក្រាប​ថ្ងៃទី​១ និង​ថ្ងៃទី​២ ខែមេសា ចាប់បាន​មនុស្ស ១០​នាក់ និង​សា​ឡង់ ទូក សរុប ៦​គ្រឿង​។ លោក​ថា នៅ​យប់​ថ្ងៃទី​៣ ខែមេសា និង​ថ្ងៃទី​៤ មេសា មិនមាន​ករណី​បូម​ខ្សាច់​ក្នុង​ទន្លេ​កើតឡើង​ទេ​៖ «​ពី ខាងដើម​នៅ​ខាង​ខេត្តកណ្ដាល នេះ យើង​ចាប់បាន​នៅពេល​យប់​។ អ៊ីចឹង​ទៀបភ្លឺ​ដែល​គាត់​គិតថា មាន​សុវត្ថិភាព​សម្រាប់​គាត់​ហើយ​ក្នុង​ការចេញ​ធ្វើ​សកម្មភាព ហើយ​ទូក​ផ្សេងៗ​ទៀត គឺ​ចាប់​ពេល​ថ្ងៃ​»​។​

ពាក់ព័ន្ធ​ការពិន័យ​ជា​ប្រា​ក់លើ​បទល្មើស​បូម​ខ្សាច់​នោះ មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ស្វាគមន៍​ចំពោះ​ឆន្ទានុសិទ្ធិ​របស់​តុលាការ តែ​សុំ​ឲ្យ​ពិន័យ​ជា​ប្រាក់​ច្រើនជាង​នេះ ដោយ​ធៀប​នឹង​ផលប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម ដើម្បី​ឲ្យ​បទល្មើស​លួច​បូម​ខ្សាច់​ថយចុះ និង​សុំ​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បន្ត​អនុវត្ត​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​បន្តទៀត​៕rfa/3a25e6a3

កាណូត​បូម​ខ្សាច់ ក្នុង​ទន្លេមេគង្គ រូបថត​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០១៤​។