ភ្នំពេញ ៖ គិតត្រឹមចុងឆ្នាំ២០១៧កន្លងមកនេះ មានក្រុមហ៊ុនបរទេសសរុបចំនួន២១៥២ក្រុមហ៊ុន កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ រួមមានការវិនិយោគលើវិស័យសំខាន់ៗចំនួន៤ ក្នុងនោះ វិស័យទេសចរណ៍មានចំនួន១៥៨ក្រុមហ៊ុន វិស័យកសិកម្មចំនួន១៩៣ក្រុមហ៊ុន វិស័យហេដ្ឋារចនាសម្ពន្ឋចំនួន ១៣១ក្រុមហ៊ុន និងវិស័យរោងចក្រ សហគ្រាសផ្សេងៗចំនួន១៦៧០ក្រុមហ៊ុន។ តួលេខនេះគឺយោងតាមរបាយការណ៌ ដែលបង្ហាញដោយក្រសួងមហាផ្ទៃ។
ចំពោះការកើនឡើងនៃការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិនៅកម្ពុជានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជាច្រើនយល់ឃើញថា គឺដោយសារបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរ ពិសេសកំនើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ាន ដែលមានកំនើនសេដ្ឋកិច្ចល្អជាងគេ និងមានការរីកចម្រើនលឿនជាងគេ”។ ក្នុងចំណោមក្រុមហ៊ុនវិនិយោគបរទេសសរុបនេះ ភាគច្រើនគឺ ជាក្រុមហ៊ុនមកពីប្រទេសចិន កោះត៉ៃវ៉ាន់ និងក្រុងហុងកុងដែលបានមកវិនិយោគនៅក្នុងវិស័យរោងចក្រ សហគ្រាស វិស័យសំណង់ និងអចលនទ្រព្យជាដើម ដោយសារកម្ពុជាជាប្រទេសស្ថិតនៅក្នុងគោលនយោបាយផ្លូវសូត្រ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន។ ប៉ុន្តែស្ថានភាពវិនិយោគនៅកម្ពុជា នៅមិនទាន់ដល់កម្រិតសម្រាប់អ្នកវិនិយោគពីអឺរ៉ុបចង់បាននៅឡើយទេ។
សូមបញ្ចាក់ថា តាមរបាយការណ៍ របស់ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បង្ហាញថា ក្នុងឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទិ្ធដល់គម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស សរុបមានតម្លៃជាទឹកប្រាក់ ៦ពាន់៣០០ លានដុល្លារអាមេរិក។ ក្នុងនោះ មានទុនវិនិយោគរបស់ពាណិជ្ជករក្នុងស្រុក ប្រមាណពាក់កណ្តាល ខណៈដែលទុនវិនិយោគពាក់កណ្តាលផ្សេងទៀតជាគម្រោងស្នើសុំវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ហើយភាគច្រើនជាគម្រោងស្នើសុំវិនិយោគពីវិនិយោគិនជនជាតិចិន។
គួរបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យក្រុមហ៊ុនបរទេស បណ្តាក់ទុនវិនិយោគ១០០% ដោយមិនទាមទារឲ្យមានភាគហ៊ុនក្នុងស្រុក គឺជាចំនុចទាក់ទាញសំខាន់មួយ ដល់អ្នកវិនិយោគទុនបរទេសមកបណ្តាក់ទុនកាន់តែច្រើនក្នុងប្រទេសកម្ពុជា។ ជាមួយនិងការផ្តល់នូវភាពអនុគ្រោះជាពិសេសនោះ រាជរដ្ឋាភិបាលក៏បានផ្តល់ឲ្យក្រុមហ៊ុនបរទេស អាចប្រើប្រាស់នូវរូបិយបណ្ណបរទេស ក្នុងការបើកប្រាក់បៀវត្សដល់បុគ្គលិកកម្មករផងដែរ៕