សៀមរាប ៖ ក្រុមអ្នកសម្របសម្រួលគ្រប់គ្រងចរាចរណ៍ដែនអាកាស អាស៊ីខាងត្បូង-ឥណ្ឌា និងក្រុមអ្នកសម្របសម្រួលសេវាកម្មចរាចរដែនអាកាសនៅអាស៊ីអាគ្នេយ៍ បានរកឃើញថា នឹងមានការកើនឡើងយ៉ាងខ្លាំងនៃការដឹកជញ្ជូនតាមផ្លូវអាកាស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ។ ជាមួយនឹងកំណើននេះ ក្រុមអ្នកជំនាញទាំងនោះ ក៏បានបង្ហាញអំពីការព្រួយបារម្ភផងដែរ ចំពោះសុវត្ថិភាពលើការធ្វើចរាចរដឹកជញ្ជូនតាមផ្លូវអាកាសនោះ ។
ការរកឃើញនេះ គឺបន្ទាប់ពីមន្ត្រីជំនាញទាំងនោះ បានមកជួបប្រជុំពិភាក្សាគ្នា រយៈពេល០៤ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា នៅក្រុងសៀមរាប។
មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី លើកឡើងថាថា កិច្ចប្រជុំបានលើកយកមកពិភាក្សាគ្នានូវប្រធានបទនានា ដែលមានការទាក់ទងសំខាន់ទៅនឹងកិច្ចប្រតិបត្តិការអាកាសយានដ្ឋាន ប្រសិទ្ធភាពការផ្តល់សេវាកម្មនាំផ្លូវអាកាស និងការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យចរាចរផ្លូវអាកាស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
លោក គូសបញ្ចាក់ថា ជាមួយនឹងការរកឃើញអំពីកំណើននៃការដឹកជញ្ជូនតាមផ្លូវអាកាស ការរៀបចំបង្កើតផ្លូវហោះហើរថ្មីបន្ថែមទៀត ដើម្បីបញ្ជៀសការកកស្ទះចរាចរផ្លូវអាកាសនោះ វាគឺជាតម្លៃនៃការស្វែងរកដំណោះស្រាយដែលកិច្ចប្រជុំបានរកឃើញ ដើម្បីសុវត្ថិភាពចរាចរដឹកជញ្ជូនផ្លូវអាកាស ។ លោកបន្តថា ការបង្កើតផ្លូវហោះហើរត្រង់តាមបច្ចេកវិទ្យាថ្មី វាក៏បាននាំមកនូវការសន្សំសំចៃប្រេងឥន្ទនៈ ចំណេញពេលវេលា និង បានការពារបរិស្ថានដោយការដុតចំហេះសាំងតិច កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស និង ធានាបានសុវត្ថិភាពលើការធ្វើចរាចរដឹកជញ្ជូនតាមផ្លូវអាកាស ។
លោកបានបង្ហាញនូវក្តីមោទនាភាព កក់ក្តៅចំពោះផទ្ធផលនៃកិច្ចប្រជុំនេះ ដោយកិច្ចប្រជុំក៏បានរកឃើញផងដែរ អំពីការអនុវត្តន៍ផែនការប្រើប្រាស់ប្រព័ន្ធថ្មីដូចជា ប្រព័ន្ធទំនាក់ទំនងអាកាស ប្រព័ន្ធនាំផ្លូវអាកាស និង ប្រព័ន្ធឃ្លាំមើលអាកាសសម្រាប់ការគ្រប់គ្រងចរាចរដែនអាកាស ។ ជាមួយនេះ ការបញ្ជៀសការហោះហើរក្នុងស្ថានភាពអាក្រក់ដូចជា បន្ទុះភ្នំភ្លើង បញ្ហាធាតុអាកាសដូចជា ព្យុះ ភ្លៀង ជាដើម អង្គប្រជុំបានសម្រេចថា នឹងបង្កើតគម្រោងផែនការហោះហើរលើផ្លូវវៀង ដើម្បីគេចចេញពីស្ថានភាពអាក្រក់ៗទាំងនោះ ៕