ភ្នំពេញ ៖ ក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៨ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រៀម នៅទីក្រុសាំហ្គាពួរ ថា ក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី១៧ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី២១ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)
ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍតំបន់និងអន្តរជាតិ។ កិច្ចប្រជុំបានចេញផ្សាយសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបទេសអាស៊ាន ស្តីពីការវិវឌ្ឍនៅឧបទ្វីបកូរ៉េ។
នៅក្នុងបទអន្តរាគមន៍ស្តីពីការកសាងសហគមន៍អាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីភាពមិនច្បាស់លាស់ជាសកល និងនិន្នាការកើនឡើងនៃការគាំពារនិយមជុំវិញពិភពលោក ហើយនិងលទ្ធភាពកើនឡើងនៃសង្គ្រាមពាណិជ្ជកម្ម។ ឯកឧត្តមក៏បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃបញ្ហាទាំងនោះចំពោះការកសាងសហគមន៍អាស៊ាន និងបានផ្តល់គំនិតមួយចំនួនសម្រាប់ការឆ្លើយតបទៅនឹងការកើនឡើងនៃការគាំពារនិយម ដូចជា អាស៊ានត្រូវមានភាពចាំបាច់ក្នុងការរក្សាភាពរឹងមាំសេដ្ឋកិច្ច និងវិបុលភាព ការកសាងសហគមន៍អាស៊ានត្រូវតែទទួលយកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ អាស៊ានមានភាពចាំបាច់បន្តដោះស្រាយគម្លាតអភិវឌ្ឍន៍រវាងសមាជិកអាស៊ានចាស់ និងថ្មី ថ្វីត្បិតតែគម្លាតនេះបានខិតជិតបន្តិចម្តងៗ នៅពេលដែលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានអត្រាកំណើនសេដ្ឋកិច្ចថេរក៏ដោយ។
ក្នុងការដោះស្រាយទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា “ទំនាក់ទំនងតានតឹងរវាងគូប្រជែងមហាអំណាច នឹងធ្វើឱ្យមានការលំបាកដល់ប្រទេសអាស៊ានក្នុងការជ្រើសរើសមិត្ត”។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរវាងចិន និងជប៉ុន ដែលអាចនាំមកនូវកិច្ចសហប្រតិបត្តិការបន្ថែមក្នុងក្របខ័ណ្ឌអាស៊ានបូកបី និងជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន ជាមួយឥណ្ឌា និងជាមួយអូស្ត្រាលី ដែលជាចំណុចរួមជាវិជ្ជមានសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។
ចំពោះបញ្ហាឧបទ្វីបកូរ៉េ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ការវិវឌ្ឍនាពេលថ្មីៗ គឺមានការចាប់អារម្មណ៍ លើកទឹកចិត្ត និងមិនដែលកើតមានសោះនៅលើឧបទ្វីបកូរ៉េ ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ” ហើយការវិវឌ្ឍនេះ គឺជាការប្រឹងប្រែងអត់ឈប់ឈររបស់ប្រធានាធិបតី ម៉ូន ជេ អីន នៅក្នុងកិច្ចស្វះស្វែងរបស់គាត់ស្តីពី “គំនិតផ្តួចផ្តើមបែឡាំង”។ ឯកឧត្តមទេសរដ្ឋមន្ត្រី យល់ឃើញថា កិច្ចប្រជុំកំពូលចិន-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅទីក្រុងប៉េកាំង គឺជាការទំលុះទំលាយភាពទាល់ច្រកដ៏សំខាន់មួយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ កម្ពុជាផ្តល់សារសំខាន់ចំពោះដំណោះស្រាយនយោបាយនៅឧបទ្វីបកូរ៉េ និងក្នុងការថែររក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅក្នុងតំបន់។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា “រយៈកាលពីរឆ្នាំកន្លងទៅ កិច្ចប្រឹងប្រែងក្នុងការកសាងភាពជឿជាក់ និងទំនុកចិត្ត បាននាំមកឲ្យយើងនូវសមិទ្ធិផលដ៏សំខាន់៖ការបញ្ចប់ក្របខណ្ឌការងារសម្រាប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង និងការចាប់ផ្តើមជាផ្លូវការនូវកិច្ចពិគ្រោះយោបល់ប្រកបដោយខ្លឹមសារ។ បរិយាកាសទូទៅមានសភាពសមស្របសម្រាប់កិច្ចចរចាផ្លូវការស្តីពីក្រមប្រតិបត្តិ (COC)។ ដំណើរការក្រមប្រតិបត្តិអាចមានរយៈយូរ និងស្មុគស្មាញ ប៉ុន្តែយ៉ាងហោចណាស់ ក៏កំពុងដំណើរការទៅមុខ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការប្រកាន់ខ្ជាប់នូវ “ស្មារតីបាលី-សៀមរាប” ហើយបានសំណូមពរដល់អាស៊ានបន្តអនុវត្តតាមគោលការណ៍នេះ ប្រសិនបើយើងត្រូវស្វែងរកដំណើរការលើបញ្ហាដែលងាយប្រេះស្រាំដ៏ទៃទៀត ដូចជា យន្តការដោះស្រាយជម្លោះ ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ដ្រីក៏បានលើកឡើងផងដែរអំពីការលេចឡើងនូវ “បណ្តាគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែលហាក់សំដៅដល់ភាពកាន់តែសំខាន់នៃភូមិសាស្ត្រ-យុទ្ធសាស្ត្រនេះ និងការទទួលស្គាល់ទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបានបង្ហាញទស្សនៈថា ប្រសិនបើមិនមានការគ្រប់គ្រងសមស្រប ការវិវឌ្ឍនេះអាចនឹងប៉ះពាល់ខ្លាំងក្លាដល់ឯកភាព និងតួនាទីស្នូលរបស់អាស៊ាន។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការរក្សាតួនាទីស្នូលរបស់អាស៊ាន និងភាពជាអ្នកដឹកនាំរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដើម្បីទប់ទល់នឹងភាពប្រជែងគ្នាទាំងនេះ។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី១៧រដ្ឋមន្ដ្រីការបរទេសបានស្តាប់របាយការណ៍របស់លេខាធិការដ្ឋានអាស៊ាន អំពីការវិវឌ្ឍថ្មីៗក្នុងបណ្តាផ្នែកចំណុះសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងអំពីវឌ្ឍនភាពនៃការអនុវត្តនិងការពិនិត្យឡើងវិញនៃផែនការលម្អិតឆ្នាំ២០២៥ របស់សហគមន៍នយោបាយ-សន្តិសុខ។ កិច្ចប្រជុំបានអនុម័តរបាយការណ៍សហគមន៍នយោបាយ-សន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២។
ឯកឧត្តម ប្រាក់ សុខុន បានប្រកាសថាកម្ពុជាមានឆន្ទៈនាំមុខសម្រាប់សកម្មភាព “លើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សមាជិកអាស៊ាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងថែក្សាសន្តិភាពនិងកសាងសន្តិភាពក្រោយជម្លោះស្របតាមសមត្ថភាពរបស់ប្រទេសសមាជិក”។ ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំផងដែរថាកម្ពុជា នឹងរៀបចំការសិក្សាស្រាវជ្រាវ និងសន្និសីទដោយវិទ្យាស្ថានអាស៊ាន សម្រាប់សន្តិភាពនិងការផ្សះផ្សា ស្តីពី “ ការកសាងសន្តិភាពក្រោយជម្លោះ ៖ បទពិសោធន៍របស់កម្ពុជា និងគោលនយោបាយឈ្នះ-ឈ្នះ ឆ្ពោះទៅរកការផ្សះផ្សាជាតិ” នៅខែតុលា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២១
រដ្ឋមន្ត្រីការបរទេសបានស្តាប់របាយការណ៍របស់ប្រធានអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ និងរបស់អគ្គលេខាធិការអាស៊ាន អំពីការបន្តការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១។ រដ្ឋមន្ត្រីការបរទេសបានពិនិត្យលើរបាយការណ៍មួយចំនួន និងបានគាំទ្រឯកសារលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២។
ឯកឧត្តមប្រាក់ សុខុន បានស្នើសុំជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសសកម្មថែមទៀត ដើម្បីជំរុញអាណត្តិនិងប្រតិបត្តិការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន។ សម្រាប់ថវិកាប្រតិបត្តិការប្រចាំឆ្នាំ ២០១៧-២០១៨ កម្ពុជាបានរួមចំណែកទាំងស្រុង និងបានអំពាវនាវដល់សមាជិកអាស៊ានផ្សេងទៀត ចូលរួមចំណែកផងដែរ។
ចំពោះគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ឯកឧត្តមទេសរដ្ឋមន្ត្រី សម្តែងការរីករាយ ដោយបានឃើញអត្រានៃការអនុវត្តផែនការដំណាក់កាលទីបីនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (២០១៦-២០២០) សម្រាប់ពីរឆ្នាំដំបូង សម្រេចបានរហូតដល់ទៅ ៥៣.៨% នៃសកម្មភាពក្នុងវិស័យអាទិភាពទាំងប្រាំ។ ដោយកម្ពុជាត្រូវធ្វើជាប្រធានក្រុមការងារនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) នៅឆ្នាំនេះ យើងនឹងប្រឹងប្រែងរក្សានូវសន្ទុះវិជ្ជមាននេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើថា មូលនិធិអភិវឌ្ឍន៍អាស៊ានគួរបើកចំហដល់គម្រោង ឬសកម្មភាព IAI ជាពិសេសសម្រាប់សំណើរៀបចំគម្រោងនានា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកសំណើតែងតាំងឯកឧត្តម គង់ ភោគ អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើជាអគ្គលេខាធិការរងនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន អាណត្តិចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២១។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសទាំងអស់ ដែលបានផ្តល់ការគាំទ្រ ដល់ការតែងតាំងនេះ៕